កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ត្រៀម ១៣៣​លាន​ដុល្លារ ដើម្បី​យក Fred និង Alderweireld មក Old Trafford
26, May 2018 , 3:59 pm        
រូបភាព
​ក្លិប Manchester United កំពុង​ទាក់ទង​កីឡាករ​ពីររូប​យ៉ាង​ស្អិតរ​មួ​ត​គឺ Toby Alderweireld ខ្សែការពារ​របស់ Tottenham Hotspur និង​ខ្សែបម្រើ Fred របស់ Shakhtar Donetsk មកកាន់​ទឹកដី Old Trafford​។​



​បើតាម​ការផ្សាយ​របស់ BBC ខ្សែការពារ​សញ្ជាតិ​បែលហ្ស៊ិក និង​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​ទាំងពីរ​រូបនេះ​នឹងត្រូវ​ចំណាយ​ជាង ១០០ លាន​ផោន (​ជាង​១៣៣​លាន​ដុល្លារ​) សម្រាប់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho យកមក​ពង្រឹង​ក្រុម​នា​រដូវ​កាល​ក្រោយ​។​

​ក្លិប​រហស្សនាម​បិសាច​ក្រហម​សង្ឃឹមថានឹង​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ Fred ឲ្យ​បាន​មុន​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup ដែល​ចាប់ផ្តើម​យុទ្ធនាការ​ខែក្រោយ​នេះ ខណៈ Alderweireld ដែល​បាន​បង្ហា​ខ្លួន​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស​ត្រឹម​៦​ប្រកួត​ក្នុង​រដូវ​កាល ២០១៧-២០១៨ រំពឹងថា​នឹង​មក​ចូលរួម​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ឆាប់ៗ​នេះ​។​
Alderweireld វ័យ​២៩​ឆ្នាំ និង Fred វ័យ​២៥​ឆ្នាំ​សុទ្ធតែ​ជាប់​ក្នុង​បញ្ជី​២៣​នាក់​របស់​ក្រុម​ជម្រើសជាតិ​ពួកគេ​ទៅកាន់​រុស្ស៊ី​រៀងៗ​ខ្លួន​។​

Man Utd បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​២​នៅ Premier League ដែលជា​លទ្ធផល​ល្អ​បំផុត​ចាប់តាំងពី​ការចូលនិវត្តន៍​របស់ Sir Alex Ferguson កាលពី​ឆ្នាំ​២០១៣ ប៉ុន្តែ​តាម​ពីក្រោយ​ក្រុម​ជើងឯក Manchester City រហូត​១៩​ពិន្ទុ និង​មិនបាន​ពាន​អ្វី​សោះ​ក្នុង​រដូវ​កាល​នេះ​៕


Tag:
 បាល់ទាត់​
  Manchester United
  Toby Alderweireld
  Fred
© រក្សាសិទ្ធិដោយ thmeythmey.com