ជាតិ
​ចិន ជួយ​បង្កើត​វិទ្យាស្ថាន​ថ្នាក់ជាតិ​មួយ​ឲ្យ​កម្ពុជា ដើម្បី​ពង្រឹង​ប្រព័ន្ធយុត្តិធម៌
26, May 2018 , 4:59 pm        
រូបភាព
លោក អង្គ វង្សវឌ្ឍានា និងគណៈប្រតិភូចិន ចុះកិច្ចព្រមព្រៀងក្នុងការបង្កើតវិទ្យាស្ថានយុត្តិធម៌ថ្នាក់ជាតិ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២0១៨។ រូបពីហ្វេសបុករបស់លោក ជិន ម៉ាលីន
លោក អង្គ វង្សវឌ្ឍានា និងគណៈប្រតិភូចិន ចុះកិច្ចព្រមព្រៀងក្នុងការបង្កើតវិទ្យាស្ថានយុត្តិធម៌ថ្នាក់ជាតិ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២0១៨។ រូបពីហ្វេសបុករបស់លោក ជិន ម៉ាលីន
​ចិន យល់ព្រម​ជួយ​កម្ពុជា ក្នុងការ​បង្កើត​ស្ថាប័ន​មួយ ដែល​ហៅថា «​វិទ្យាស្ថាន​យុត្តិធម៌​ថ្នាក់ជាតិ​»​។ ការបង្កើត​វិទ្យាស្ថាន​ថ្នាក់ជាតិ​នេះ ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​រួចហើយ​រវាង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ និង​នីតិសាស្ត្រ​ភាគ​និរតី​របស់​ចិន កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨​។


  
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា វិទ្យាស្ថាន​យុត្តិធម៌​ថ្នាក់ជាតិ នឹង​ផ្តល់​សេវា​ផ្នែក​ច្បាប់ ដូច​ជា ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ដល់​សាធារណជន និង​វិនិយោគិន រួមទាំង​សេវា​សម្រុះសម្រួល​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ លោក បន្តថា វិទ្យាស្ថាន​នេះ ក៏​ជា​កន្លែងសិក្សា​ស្រាវជ្រាវ​ពី​គោលនយោបាយ និង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ព្រមទាំង​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រីរាជការ​ក្នុង​វិស័យ​យុត្តិធម៌​ផងដែរ​។

​បើតាម​លោក ជិន ម៉ា​លីន កម្ពុជា និង​ចិន បាន​ចំណាយពេល​ជិត​មួយឆ្នាំ​ឯណោះ ក្នុងការ​ចរចា​ពី​ការបង្កើត​វិទ្យាស្ថាន​យុត្តិធម៌​ថ្នាក់ជាតិ​។ អ្នកនាំពាក្យ​រូបនេះ សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ភាគី​ចិន​នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដល់​ក្រសួងយុត្តិធម៌ ក្នុងការ​បង្កើត​និង​ដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​នេះ​នៅ​កម្ពុជា​»​។

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងយុត្តិធម៌ មិនបាន​លើកឡើង​នោះទេ​ថា វិទ្យាស្ថាន​នេះ នឹងត្រូវ​ចាប់ផ្តើម​បង្កើតនិងដាក់ឲ្យដំណើរការ​នៅពេលណា​៕


Tag:
 ចិន​
  វិទ្យាស្ថាន​យុត្តិធម៌​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com