ជាតិ
អន្តរជាតិ
លោក Charles Edel ៖ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក មិនមែន​ហ៊ុមព័ទ្ធ​ចិន​ឡើយ​
26, May 2018 , 7:59 pm        
រូបភាព
​គោល​គំនិត​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែលមាន​អាមេរិក​នៅ​ពីក្រោយ ទើប​លេច​ជា​រូបរាង​ពិតប្រាកដ​នៅ​ចុងឆ្នាំ​ន​២០១៧ ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប៉ុណ្ណោះ​។ ខណៈ​មានការ​លើកឡើងថា នេះ​ជាការ​រាំងខ្ទប់​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លោក Charles Edel អតីត​ជំនួយការ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី និយាយថា គំនិត​នេះ​ជាការ​នាំទៅរក​ការរីកចម្រើន​ក្នុង​តំបន់​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​បើកចំហ​។



​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ពីមុន​ត្រូវបាន​ហៅថា អាស៊ី​ប៉ាស៊ីហ្វិក លាតសន្ធឹង​ពី​តំបន់ឆ្នេរ​ខាងលិច​របស់​អាមេរិក​រហូតដល់​ឥណ្ឌា​។ លោក Charles Edel សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​សិក្សា​អាមេរិក​និយាយថា ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ត្រូវបាន​ប្រើ​ដើម្បី​ពង្រីក​យុទ្ធសាស្ត្រ​អាមេរិក​នៅ​តំបន់​ដ៏​សំខាន់បំផុត​របស់​ពិភពលោក​បច្ចុប្បន្ន​។​

​ក្នុងការ​ពិភាក្សា​តុមូល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែឧសភា លោក Edel ដែល​ធ្លាប់ជា​ជំនួយការ​អតីត​ប្រមុខ​ការទូត​អាមេរិក ច​ន ឃែ​រី លើ​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក ក៏បាន​ពន្យល់​គោលការណ៍​សំខាន់​របស់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែលមាន​ពីរ​សំខាន់ គឺ​សេរី និង​បើកចំហ​។ សម្រាប់​សាស្ត្រាចារ្យ​រូបនេះ ពាក្យ​សេរី​ចង់​សំដៅ​ការជ្រើសរើស​របៀប​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អន្តរជាតិ និង​ការអភិវឌ្ឍ​ដោយ​ខ្លួន​របស់​ប្រទេស​ក្នុង​តំបន់ មិនមាន​ការជ្រៀតជ្រែក មាន​អភិបាល​ល្អ និង​ការពារ​សិទ្ធិមនុស្ស​ផង​។​

​ចំពោះ​គំនិត​បើកចំហ​វិញ លោក Edel បញ្ជក់​ថា ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ត្រូវ​បើកចំហ​សម្រាប់​ការវិនិយោគ​ពី​ក្រុមហ៊ុន​បរទេស​ឲ្យ​បាន​ច្រើន ព្រោះ​ប្រទេស​ក្នុង​មាន​ច្រើនណាស់​។ អ្នកជំនាញ​ពី​បញ្ហា​អាស៊ី​ប៉ាស៊ីហ្វិក​រូបនេះ ក៏​អះអាងថា គោល​គំនិត​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​នេះ ក៏​នឹង​ស្ថិតស្ថេរ​ទៅមុខ ខណៈ​វា​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​របស់​អាមេរិក​ដែរ​។ ការប្ដេជ្ញាចិត្ត​របស់រ​ដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ ការត្រៀមខ្លួន​របស់​អា​មេ​រិ​ក​ក្នុង​ប្រកួតប្រជែង​នៅ​តំបន់​នេះ និង​ការធ្វើ​ពាណិជ្ជកម្ម សុទ្ធសឹង​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​គំនិត​ខាងលើ​ទៅមុខ​។​

​ឆ្លើយ​នឹង​សំណួរ​ថា​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​បង្កើត​ដើម្បី​ហ៊ុមព័ទ្ធ​ចិន​ឬ​យ៉ាងណា លោក Edel បាន​ឆ្លើយថា មិនមែន​ទេ តែ​ជាការ​ធ្វើ​ឲ្យ​មាន​តំបន់​មាន​វិបុលភាព​។ ដោយ​ទទួលស្គាល់ថា មានការ​ប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​ក្នុង​តំបន់​នេះ លោក​បានបង្ហាញ​គំនិត​ផ្ទាល់ខ្លួន​ថា អាមេរិក​ចង់​គូសវាស​របៀប​រកស៊ីរ​បស់​ចិន ជាជាង​រាំងខ្ទប់ ព្រោះ​ចិន​ក៏​ជា​តួអង្គ​សំខាន់​ក្នុង​តំបន់​នេះដែរ​។​

​សូមបញ្ជាក់ថា ក្រៅពី​ជួប​ជាមួយ​អ្នកសារព័ត៌មាន លោក Edel ក៏បាន​ជួប​ជាមួយ​សិស្ស​និស្សិត​កម្ពុជា និង​បាន​ឆ្លើយ​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​នយោបាយ​អាមេរិក​ក្នុង​តំបន់​ផង​៕ 


Tag:
 ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​
  អាមេរិក​
 Charles Edel
© រក្សាសិទ្ធិដោយ thmeythmey.com