អន្តរជាតិ
ប្រមុខUN ៖ សង្គមមួយមិនអាចមានតម្លាភាពបានឡើយ បើមន្ត្រីសាធារណៈ គិតរឿងប្រយោជន៍ ជាងកាតព្វកិច្ច
× ប្រមុខអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីបញ្ហាអំពើពុករលួយ ដែលនៅតែចាក់ឬសនៅក្នុងសង្គមដោយសារតែការគិតតែប្រយោជន៍ផ្ទាល់ខ្លួនរបស់រដ្ឋាភិបាល និងមន្ត្រីសាធារណៈ។ ប្រមុខរូបនេះ ចង់ឃើញមេដឹកនាំពិភលោកផ្លាស់ប្តូរឥរិយាបថបែបនេះ ជំនួសដោយការធ្វើគំរូល្អពីថ្នាក់លើដល់ថ្នាក់ក្រោម។
នាពិធីនៃការគំប់ខួបលើទី១៥ នៃការបង្កើតអនុសញ្ញាប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃ២៣ ឧសភា លោកអគ្គលេខាធិការ António Guterres បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អ្វីដែលរដ្ឋាភិបាល ត្រូវចាប់ផ្តើមដំបូងបង្អស់នោះគឺគំរូល្អខ្លួនផ្ទាល់ ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ ។
តាមប្រភពព័ត៌មានដដែលនោះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« សង្គមមួយ មិនអាចដំណើរការដោយសមធម៌ និងសក្តិសិទ្ធភាពបានឡើយ បើមន្ត្រីសាធារណៈ ដែលរាប់តាំងពី គ្រូពេទ្យ ប៉ូលិស ចៅក្រម និងអ្នកនយោបាយ យកផលប្រយោជន៍ពួកគេជាធំ ជាជាងការបំពេញកាតព្វកិច្ចខ្លួនជាមួយនឹងសុច្ចរិតភាពនោះ » ។
សម្រាប់លោកអគ្គលេខាធិការ អនុសញ្ញាប្រឆាំងអំពើពុករលួយ ដែលបានអនុម័តតាំងពីឆ្នាំ២០០៣មក គឺជាឈ្នាន់ដ៏មានប្រសិទ្ធភាពមួយ ដែលពិភពលោក ត្រូវសម្រេចដើម្បីអាចបានទៅដល់នូវគោលដៅរួមរបស់ខ្លួនទាំងលើអភិបាលកិច្ចល្អ ស្ថិរភាព និងភាពចម្រុងចម្រើន ។
នាវេទិកាដដែលនោះ ប្រធានវិលជុំនៃមហាសន្និបាទអង្គការសហប្រជាជាតិ លោក Miroslav Lajčák ក៏បានលើកឡើងពីផលប៉ះពាល់នៃអំពើពុករលួយ ដោយលោក មើលឃើញថា បញ្ហា បានបំផ្លាញគ្រប់កោសិកាទាំងអស់របស់សង្គម ហើយអ្នកដែលរងគ្រោះបំផុតនោះ គឺប្រជាជនសាមញ្ញតែម្តង ៕
ប្រភពដើម ៖ https://news.un.org/en/story/2018/05/1010472 © រក្សាសិទ្ធិដោយ thmeythmey.com