ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អា​រ៉ែ​ង និង​ព្រៃ​ឡង់ ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ដែល​អ្នកទេសចរ​មិនគួរ​រំលង​
26, May 2018 , 8:39 pm        
រូបភាព
​វាគ្មិន​ដែលជា​តំណាង​សហគមន៍​តំបន់​អា​រ៉ែ​ង និង​តំណាង​អ្នកការពារ​ព្រៃ​ឡង់ បាន​ណែនាំ​យុវជន​ក្នុង​កម្មវិធី​បោះជំរំ​កោង​កាង ឱ្យធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​តំបន់​របស់ខ្លួន ដើម្បី​បានឃើញ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដែលជា​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​ខ្ពស់​។​



​បទ​បង្ហាញ​ស្ដីពី​តំបន់​ទេសចរណ៍​នៅតាម​តំបន់​ព្រៃ​ធម្មជាតិ​អា​រ៉ែ​ង​និង​ព្រៃ​ឡង់ ដែល​រៀបចំឡើង​ដោយ​ក្រុម​កង់​ខ្មែរ ក្នុង​កម្មវិធី​បោះជំរំ​កោង​កាង កាលពីពេល​កន្លងទៅ បង្ហាញ​យុវជន ឲ្យ​សិក្សា​បន្ថែម​ពី​តំបន់​ទេសចរណ៍ ដែល​ពួកគេ​មិន​ធ្លាប់បាន​ទៅដល់​។



​លោក ពក វ៉ាន់ ជនជាតិដើម​ភាគតិច​ជង តំណាង​សហគមន៍​អា​រ៉ែ​ង ដែល​រស់នៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង បាន​លើកឡើងថា ស្រុក​របស់​លោកមា​នក​ន្លែ​ង​កម្សាន្ត​ច្រើន ដូចជា​ទឹកធ្លាក់​ឆាយ​តា​ហី​ង ឆាយ​តាប៉ាង ឆាយ​យោ​យោង និង​ទឹកធ្លាក់​ឆាយ​ពោរ​៩ ដែលមាន​កម្ពស់​១០០​ម៉ែត្រ និង​៥០​ម៉ែត្រ​។ ក្រៅពីនេះ​អ្នកទេសចរ​អាច​ឡើងទៅ​លេង​លើ​ភ្នំ​ម្រេចកង្កែប ភ្នំ​ខ្នង​ក្រពើ មើល​ព្រៃឈើ​ធំៗ សត្វព្រៃ និង​កន្លែង​មួយចំនួនទៀត ដែលមាន​ចម្ងាយ​ពី​ភូមិ​ប្រមាណ​១០​គីឡូម៉ែត្រ​។

​សម្ដី​បែប​រដឺន​បន្តិច លោក វ៉ាន់ រៀបរាប់ថា​សត្វ​នៅ​តំបន់​ដែល​លោក​រស់​នៅមាន​ប្រមាណ ៤០​ប្រភេទ​នេះ​ដូចជា  ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ក្រពើ​ភ្នំ ត្រី​នាគ ដំរី ជាដើម​។ លោក ពក វ៉ាន់ បញ្ជាក់ថា​៖«​បើ​គេ​ទៅលេង​លើ​ភ្នំ​ពេលព្រឹក  មើល​អ័ព្ទ​និង​មើល​ថ្ងៃ​រះ​ស្អាត មើល​ចុះទៅ​ក្រោម​ដូច​យើង​កំពុង​ជិះ​លើ​យន្តហោះ​អ៊ីចឹង​។ កន្លែង​ទៅ​ដើរលេង​ឆ្ងាយ​ពី​ភូមិ​បើ​ជិះ​ម៉ូតូ​ប្រហែល​៣​ម៉ោង បើ​ដើរ​១​ថ្ងៃ​ពេញ​។ ខ្ញុំ​ធ្លាប់​ជួប​ខ្លាធំ​ម្ដង​ដែរ ពេល​ឃើញ​គ្នា​ខ្ញុំ​ក៏រ​ត់វា​ក៏​រត់ វា​មិន​ស៊ី​យើង​ទេ នៅទីនេះ​បើ​យើង​មិន​ខុស​ត្រណម​ដើរ​ព្រៃ​នោះ សត្វ​វា​មិន​ធ្វើ​អី​យើង​ទេ​»​។





​មិន​ខុសគ្នា​ដែរ លោក សុខ ប្លោក ជនជាតិដើម​ភាគតិច​គួ​យ តំណាង​បណ្ដាញ​អ្នកការពារ​ព្រៃ​ឡង់ ក៏បាន​ខំ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ដែលមាន​ក្នុង​តំបន់​របស់ខ្លួន​ដែរ​។ បណ្ដាញ​អ្នកការពារ​ព្រៃ​ឡង់​ក្នុង​តំបន់​អភិរក្ស​ជាង​៤​ម៉ឺន​៣​ពាន់​ហិកតា គ្របដណ្ដប់​៤​ខេត្ត កំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រូបនេះ ឱ្យដឹង​បែប​ស្មានថា ព្រៃ​ឡង់​មាន​សត្វព្រៃ​ប្រហែល​ជាង​២០០​ប្រភេទ​ដូចជា ខ្លាធំ ដំរី ខ្ទីង ទន្សោង ឈ្លូស ជ្រូកព្រៃ និង​សត្វ​ស្លាប ជាដើម​។

​អ្នកស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដែល​ពោល​សម្ដី​ច្បាស់ៗ​រូបនេះ បាន​បញ្ជាក់ថា អ្នកទេសចរ​អាច​ទៅ​មើល​ព្រៃឈើ​ធំៗ​ក្នុង​តំបន់​ព្រៃ​ឡង់ មើល​ដើមឈើ​ជ័រ ឬ​ទៅ​សិក្សា​ពី​ជីវភាព​និង​ជំនឿ​របស់​ជនជាតិដើម​ភាគតិច​គួ​យ​។ លោក សុខ ប្លោក បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​នៅ​ស្រុក​ខ្ញុំគេ​អាច​ចូលទៅ​ព្រៃ​មើល​ដើមឈើ​ធំៗ មើល​សត្វព្រៃ​កម្រៗ​ច្រើន​ប្រភេទ និង​ទៅ​សិក្សា​ពី​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ផង​។ ខ្ញុំ​ឧស្សាហ៍​បាន​ជួប​សត្វ​ទន្សោង និង​ខ្ទីង ពេល​ដើរចូល​ព្រៃ តែ​ខ្ញុំ​មិនបាន​ថត​ទុក​ទេ ព្រោះ​ពេលនោះ​ខ្ញុំ​មិនទាន់មាន​ទូរស័ព្ទ​ទំនើប​ប្រើ​»​។





​លោក ម៉ូត គីម​រី តំណាង​ក្រុម​កង់​ខ្មែរ បាន​លើកឡើងថា ការធ្វើដំណើរ​ទេសចរ​ណ៍​ទៅ​តំបន់​ធម្មជាតិ ជាពិសេស​តំបន់​ដែល​មិនសូវមាន​អ្នក​ទៅដល់​គឺជា​ការចូលរួម​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​។ លោក​ថា ក្រុមយុវជន​កង់​ខ្មែរ មាន​គោលដៅ​បង្កើត​កម្មវិធី​បោះជំរំ​ទៅ​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍ ដែល​មិនសូវមាន​អ្នក​ទៅដល់ នៅ​ឆ្នាំ​បន្តបន្ទាប់​ផងដែរ​។ លោក​ថា តំបន់​អា​រ៉ែ​ង និង​តំបន់​ព្រៃ​ឡង់​គឺជា​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​ដ៏​ស្រស់ស្អាត​។ ក្នុងចំណោម​យុវជន​ប្រមាណ​១០០​នាក់ លោក​បាន​បញ្ជាក់ថា​៖«​យើង​ចង់ឱ្យ​យុវជន​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​ដែលមាន​សក្តានុពល​បែប​ធម្មជាតិ​ឱ្យបាន​ច្រើន ដើម្បី​បានឃើញ​សម្បត្តិ​ធម្មជាតិ​នៅក្នុង​ប្រទេស​យើង បាន​ផ្សព្វផ្សាយ​បន្ត និង​បាន​ជួយ​ដល់​ជីវភាព​ប្រជា​សហគមន៍​នៅ​ទីនោះ​ផង​»​។



​សូមបញ្ជាក់ថា ការធ្វើ​បទ​បង្ហាញ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នេរ​បាក់​ខ្លង ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ នៅ​តំបន់​ផ្សេងៗ​ដល់​យុវជន​។ បទ​បង្ហាញ​នេះ ក៏បានផ្ដល់​ចំណេះដឹង​ពី​ប្រពៃណី ទំនៀមទម្លាប់ ជនជាតិដើម​ភាគតិច​ផងដែរ​៕





Tag:
 កោះកុង​
  ទេសចរណ៍​
  ព្រៃ​ឡង់​
  អា​រ៉ែ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com