ជាតិ
ស្ថានទូតខ្មែរនៅបួនប្រទេស បានជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន ២៨នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ
× ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ ស្ថានទូតខ្មែរប្រចាំប្រទេសចំនួន៤ បានជួយសង្គ្រោះពលករចំណាកស្រុកដោយខុសច្បាប់ និងដោយការជួញដូរមនុស្ស សរុបចំនួន ២៨នាក់ ឲ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ស្ថានទូតខ្មែរទាំង ៤នោះមានដូចជា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានជួយអនីតិជនខ្មែរចំនួន៦នាក់ ដែលមានអាយុអាយុចន្លោះពី១០ ទៅ១៦ឆ្នាំ ដែលរងគ្រោះដោយសារអំពើជួញដូរមនុស្ស។ ក្រោយការជួយអន្តរាគមន៍ពីស្ថានទូតរួច អនីតិជនខ្មែរទាំង៦នាក់ បានត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយពលករខ្មែរចំនួន ១២នាក់ ក្នុងនោះមានស្ត្រី៦នាក់ និងកុមារម្នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅទីនោះ។ ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ពលរដ្ឋខ្មែរឲ្យមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
ស្ថានទូតខ្មែរប្រចាំនៅប្រទេសសិង្ហបុរី បានជួយពលការិនីខ្មែរម្នាក់ ដែលមិនអាចទ្រាំទ្រនឹងការលំបាកនៅទីនោះបាន។ ក្រោយជួយអន្តរាគមន៍ពីស្ថានទូត ពលការិនីរូបនេះ បានមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុងណាននីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយប្រជាពលរដ្ឋខ្មែរចំនួន ៩នាក់ ក្នុងនោះស្ត្រីមាន ៨នាក់ ដែលត្រូវបានមេខ្យល់នាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិន។ ពលរដ្ឋទាំង ៩នាក់ បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស រាល់ការចំណាយលើថ្លៃស្នាក់នៅ បរិភោគ និងធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ របស់ពលរដ្ឋខ្មែរទាំង២៨នាក់នេះ គឺជាបន្ទុករបស់ស្ថានទូតនីមួយៗ៕
Tag:
សង្គម
ស្ថានទូត
ពលករ
ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com