កីឡាជាតិ
ជាតិ
ល្បុក្កតោ​៖ ជើង​ខ្លាំង​ប្រចាំ​កីឡា​ជាតិ​លើក​ទី​២ មានឱកាស​ជាប់​ជម្រើសជាតិ​
27, May 2018 , 8:59 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ល្បុក្កតោ​មកពី​៨​ក្រសួង រាជធានី​-​ខេត្ត​ប្រមាណ​ជាង​១០០​នាក់ នឹង​មកជួប​ជុំគ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ចន្លោះ​ពីថ្ងៃ​ទី​១-៤ មិថុនា ឆ្នាំ​២០១៨​។ កីឡាករ​ជើង​ខ្លាំង​មួយចំនួន​ក្នុងការ​ប្រកួត​នេះ អាច​នឹង​ក្លាយជា​កីឡាករ​ជម្រើសជាតិ​បម្រុង​ប្រចាំ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។ នេះ​បើតាម​ការអះអាង​របស់​អគ្គលេខាធិការ​សហព័ន្ធ លោក អ៊ួ តារា​។​



​ជាការ​ប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ក៏ពិតមែន​។ តែ​វា​ជាការ​ប្រកួត ដើម្បី​ចម្រាញ់​រក​ធនធាន​ជម្រើសជាតិ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​បញ្ជាក់ថា កីឡាករ​ជើង​ខ្លាំង​មួយចំនួន​ក្នុងការ​ប្រកួត អាចនឹងទទួល​បាន​ឱកាស​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​។



«​សហព័ន្ធ​យើង​ត្រូវការ​កីឡាករ​យុវជន​ថ្នាល និង​ជម្រើស​ជាតិប្រមាណ​១០​នាក់​បន្ថែម​។ ដូច្នេះ​សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ យើង​នឹង​សម្លឹង​រក​កីឡាករ​ខ្លាំងៗ​មកពី​រាជធានី​-​ខេត្ត ឲ្យ​ចូលរួម​ជាមួយ​កីឡាករ​ជម្រើស​យើង​។ បន្ទាប់មក​យើង​នឹងដាក់​ឲ្យ​ពួកគាត់​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ ដោយ​ឲ្យ​ធ្វើជា​កីឡាករ​ជម្រើសជាតិ​បម្រុង មុន​ឲ្យ​ពួកគាត់​ក្លាយជា​ជម្រើសជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។​

​សម្រាប់​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​កីឡា​ជាតិ​ឆ្នាំនេះ មាន​កីឡាករ​កីឡាការិនី​មកពី​៨​ក្រសួង រាជធានី​-​ខេត្ត​ចំនួន​១១៦​នាក់​ចូលរួម ដោយ​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​គ្នា​លើ​១៧​ប្រភេទ​វិញ្ញាសា​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១-៤ មិថុនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​៕  


Tag:
 ល្បុក្កតោ​
  អ៊ួ តារា​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com