កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ កាំជ្រួចបាញ់ថ្ងៃបើកកីឡាជាតិចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារ
× ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលទទួលបន្ទុករៀបចំពិធីបើក និងបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២បានវាយតម្លៃថា កាំជ្រួចដែលបាញ់ក្នុងថ្ងៃបើកកីឡាជាតិកាលពីយប់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ ចំណាយថវិកាអស់ប្រមាណជា២០ម៉ឺនដុល្លារ។ តែជារួម NOCC បានចំណាយថវិកាប្រមាណ៤០ម៉ឺនដុល្លារក្នុងថ្ងៃបើកនេះ។
យ៉ាងហោចណាស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារលើកាំជ្រួច ដើម្បីបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដល់ទស្សនិកជនក្នុងថ្ងៃបើកព្រឹត្តិការណ៍កីឡាជាតិលើកទី២កាលពីយប់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨។ ទំហំចំណាយនេះមានការកើនឡើងស្ទើរពាក់កណ្តាលបើធៀបនឹងលើកមុន។ បើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
«សម្រាប់ព្រឹត្តិការណ៍បើកកីឡាជាតិឆ្នាំនេះយើងអាចវាយតម្លៃបានថា យើងចំណាយអស់ថវិកាប្រមាណពី៣០ទៅ៤០ម៉ឺនដុល្លារ ព្រោះគ្រាន់តែថ្លៃកាំំជ្រួចយើងបានចំណាយអស់ប្រមាណ២០ម៉ឺនដុល្លារ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយចប់ពិធីបើកកីឡាជាតិនៅពហុកីឡដ្ឋានជាតិ
សម្រាប់ការរៀបចំពិធីបើកនេះដែរ ទទួលការវាយតម្លៃខ្ពស់ពីមន្ត្រីក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសហព័ន្ធកីឡាក្នុងតំបន់អាស៊ានដែលបានមកសង្កេតការណ៍ក្នុងកម្មវិធីបើកនេះ។ ពួកគេទាំងនោះបានវាយតម្លៃថា កម្ពុជាអាចសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាំឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បន្ថែមថា៖«យើងមិនមានមោទកភាពនោះទេ យើងត្រូវការដុះខាត់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែម ទោះបីយើងអាចរៀបចំបានកម្រិតនេះក៏ដោយ។ យើងត្រូវការបទពិសោធថ្មីៗជាច្រើនទៀត ដើម្បីកែតម្រូវចំណុចខ្វះខាតបន្តិចបន្តួចដែលយើងនៅមាន»។
ក្រៅពីការបាញ់កាំជ្រួចដ៏អស្ចារ្យនេះ ពិធីបើកកីឡាជាតិលើកទី២ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុន សែន ក៏មានការសម្តែងផ្ទាំងទស្សនីយភាពជាច្រើនទៀតផងដែរ រួមមានការសម្តែងគុនល្បុក្កតោ ការសម្តែងកាយសមស្របរបស់គរុសិស្សកីឡា កាយសមស្របរបស់តេក្វាន់ដូ WTF និងផ្ទាំងទស្សនីយភាព«យើងខ្មែរ»របស់ ស.ស.យ.ក។ លើសពីនេះមានការប្រគំតន្ត្រី ដែលមានការចូលរួមពីតារាចម្រៀងជួរមុខកម្ពុជាលោក ព្រាប សុវត្ថិ រួមទាំងកូនទាំងបី, កញ្ញា មាស សុខសោភា និងក្រុម Small World Small Band៕
Tag:
កីឡាជាតិលើកទី២
វ៉ាត់ ចំរើន
National Games
© រក្សាសិទ្ធិដោយ thmeythmey.com