អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​កូរ៉េ​ទាំងពីរជួបគ្នា​ជាថ្មី​ដើម្បី​ជជែក​ពី​ជំនួប​រវាង​ត្រាំ​-​គីម ដែល​ត្រូវ​លុបចោល
26, May 2018 , 7:27 pm        
រូបភាព
រូបភាព៖ CGTN
រូបភាព៖ CGTN
មេដឹកនាំ​កូរ៉េ​ទាំងពីរ នៅ​ថ្ងៃទី​២៦ ខែឧសភា បាន​ជួបគ្នា​ជាថ្មី​ម្ដងទៀត​នៅ​តំបន់​គ្មាន​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លុបចោល​ជំនួប​ជាមួយ​លោក គីម នៅ​ខែមិថុនា​នៅ​សិង្ហ​បុរី​។​

 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានធ្វើ​ដំណើរ​ឆ្លងកាត់​បន្ទាត់​ខណ្ឌ​ចែក​ឧបទ្វីប​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ទឹកដី​កូរ៉េខាងជើង​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​ពីរ​រវាង​លោក មូ​ន និង​លោក គីម និង​ជា​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​។ មេដឹកនាំ​កូរ៉េ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្ដង​ហើយ​កាលពី​ថ្ងៃទី​២៧ ខែមេសា នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​។​
 
​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រកាសថា លោក មូ​ន និង​លោក គីម បាន​ជួបគ្នា​រយៈពេល​ពីរ​ម៉ោង​នៅ​ថ្ងៃទី​២៦ ខែឧសភា​។ មេដឹកនាំ​កូរ៉េ​ទាំងពីរ​បាន​ជជែក​ពី​លទ្ធភាព​នៃ​ការបន្ត​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ឡើងវិញ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​លុបចោល​កាលពី​ពីរ​ថ្ងៃមុន​។ 
 
«​លោក មូ​ន និង​លោក គីម បាន​ផ្លាស់ប្ដូរ​យោបល់ និង​ពិភាក្សា​ពី​វិធីសាស្ត្រ​ដើម្បី​អនុវត្ត​សេចក្ដីថ្លែងការណ៍​ប៉ាន់​មុន​ជុម និង​ធានា​ពី​ជោគជ័យ​នៃ​ជំនួប​អាមេរិក​-​កូរ៉េខាងជើង​»​។ នេះ​ជា​សេចក្ដីថ្លែងការណ៍រ​ប់ស​វិមាន​ខៀវ ដែល​បន្តថា ព័ត៌មាន​លម្អិត​ជុំវិញ​ជំនួប​នេះ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែឧសភា​។ 
 
​ជំនួប​ភ្លាមៗ​របស់​មេដឹកនាំ​អន្តរ​កូរ៉េ ទំនងជា​ការប្រឹងប្រែង​របស់​កូរ៉េខាងត្បូង​ក្នុងការ​ស្រោចស្រង់​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែមិថុនា​ខាងមុខ​។ កូរ៉េខាងត្បូង​បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​សម្របសម្រួល​ឲ្យ​មាន​ជំនួប​នេះ ប៉ុន្តែ​ជំនួប​នេះ​ប្រែជា​មិន​ច្បាស់លាស់​រហូត​លោក ត្រាំ សម្រេចចិត្ត​លុបចោល​តែម្ដង​។​
 
​យ៉ាងណាមិញ ក្រោយ​ការលុបចោល​ជំនួប​នេះ លោក ត្រាំ ក៏​បែរជា​ប្រកាសថា លោក​អាច​នឹង​ជួប​លោក គីម នៅ​សិង្ហ​បុរី​តាម​ការគ្រោងទុក​ដដែល​។ លោក​បាន​បង្ហើប​ថា មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ជួប​ជជែក​គ្នា​ជុំវិញ​ជំនួប​នេះ​ផងដែរ ហើយ​ទទួលបាន​លទ្ធផល​ផ្កា​ទៅទៀត​៕

Tag:
 គីម ជុងអ៊ុន
  មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com