កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូ Muangthang របស់ថៃ នាំ Fulham ឡើងទៅកាន់ Premier League វិញ
× លោក Slaviša Jokanović គ្រូបង្វឹកស៊ែប៊ី ដែលធ្លាប់ដឹកនាំក្លិប Muangthang United របស់ថៃ បាននាំ Fulham ឡើងទៅកាន់ក្របខណ្ឌ Premier League វិញ ក្រោយក្លិបនេះ ធ្លាក់ចេញពីក្របខណ្ឌកំពូលអស់រយៈពេល៤ឆ្នាំ។ នាជំនួបវគ្គ Play-off ផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Championship កីឡាករ Tom Cairney បានស៊ុតបាល់បញ្ចូលទីនៅពាក់កណ្តាលតង់ទីមួយ និងជាគ្រាប់បាល់ជ័យជម្នះលើ Aston Villa នៅកីឡដ្ឋាន Wembley។
ក្រុមរបស់លោក Jokanovic បានបាត់សមាជិកម្នាក់នៅ២០នាទីចុងក្រោយ ដោយខ្សែការពារ Denis Odoi ត្រូវបានបណ្តេញចេញ ក្រោយការបង្កគ្រោះថ្នាក់លើ Jack Grealish របស់ Aston Villa។ ទោះបីជាក្រុម Aston Villa ក្រោមការដឹកនាំរបស់លោក Steve Bruce និងមានកីឡាករជើងចាស់ John Terry ប្រឹងវាយសម្រុកយ៉ាងណាក៏ដោយ Fulham បានរក្សាជ័យជម្នះ ១-០ រហូតដល់បញ្ចប់ការប្រកួត។
Fulham មាន លោក Shadid Khan ជាម្ចាស់ក្លិប។ ការឡើងទៅកាន់ក្របខណ្ឌកំពូល Premier League ក្រោយធ្លាក់ចេញអស់រយៈពេល៤ឆ្នាំ នាំឲ្យមហាសេដ្ឋីអាមេរិកដើមកំណើតប៉ាគីស្ថានរូបនេះ ត្រូវតម្លើងខ្ទង់ហិរញ្ញវត្ថុជាច្រើនលានដុល្លារបន្ថែមទៀត។
លោក Jokanovic អាយុ៤៩ឆ្នាំ បានដឹកនាំ Fulham កាលពីឆ្នាំ២០១៥ ។ សម្រាប់តួនាទីជាអ្នកចាត់ការទូទៅ លោកធ្លាប់ជួយឲ្យក្លិប Partizan ឈ្នះពាន Serbian Super Liga ២រដូវកាលជាប់គ្នា និងធ្លាប់នាំ Muangthong United ឈ្នះពាន Thai Premier League កាលពីឆ្នាំ២០១២ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com