កីឡាអន្តរជាតិ
អន្តរជាតិ
Champions League៖ Bale ស៊ុត​២​គ្រាប់​ជួយ Real ឈ្នះ Liverpool លើក​ពាន ៣​ឆ្នាំ​ជាប់​គ្នា​
27, May 2018 , 3:39 am        
រូបភាព
ដោយ: ថ្មីៗ
Real Madrid ក្លាយជា​ម្ចាស់​ពាន UEFA Champions League ៣​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​បាន​យកឈ្នះ Liverpool ៣-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​កីឡដ្ឋាន NSC Olimpiyskiy Stadium នៅក្នុង​ក្រុង Kiev ប្រទេស​អ៊ុយ​ក្រែ​ន​។ Gareth Bale ដែល​បាន​ចូល​លេង​ក្រោយ​ការប្រកួត​ដំណើរការបាន​មួយ​ម៉ោង រកបាន​២​គ្រាប់​ជា​បន្តបន្ទាប់​។​

នៅ​នាទី​៣១ Mohamed Salah ដែលជា​កម្លាំង​ដ៏​សំខាន់​របស់ Liverpool បាន​ដើរ​ចេញពី​ទីលាន​ទាំង​ភ្នែក ដោយសារតែ​គេ​មាន​បញ្ហា​របួស ក្រោយ​ការប៉ះទង្គិច​ជាមួយ​ខ្សែការពារ Sergio Ramos របស់ Real Madrid​។ ខ្សែបម្រើ​អេ​ហ្ស៊ី​ប​រូបនេះ ត្រូវបាន​ជំនួស​ដោយ Adam Lallana​។


៦​នាទី​ក្រោយមកទៀត Real Madrid ក៏បាន​ផ្លាស់ប្តូរ​កីឡាករ​ម្នាក់​ផងដែរ ដោយ Daniel Carvajal រងរបួស ហើយ​ត្រូវបាន​ដាក់ជំនួស​ដោយ Nacho Fernandez​។



គ្រាប់​បាល់​បញ្ចូល​ទី បាន​កើតឡើង​ចាប់ពី​នាទី​៥៥ ដោយ Loris Karius អ្នកចាំទី Liverpool បាន​បង្កកំហុស​ដោយ​មិន​នឹកស្មាន​ដល់​។ គេ​បាន​បោះ​បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម ប៉ុន្តែ​ទៅ​ចំ​ជើង Karim Benzema ហើយ​បាល់​បាន​រមៀល​ចូល​ទី​។​



នៅ​នាទី​៦៤ Sadio Mane រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ក្រោយ​ការបញ្ជូន​របស់ Dejan Lovren​។​



Gareth Bale បានបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ បន្ទាប់ពី​គេ​បាន​ចូល​លេង​ជំនួស Isco នៅ​នាទី​៦១ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ជា​បន្តបន្ទាប់​។ នៅ​នាទី​៦៤ ក្រោយ​ការបញ្ជូន​របស់ Marcelo ខ្សែបម្រើ​វេ​លស៍​រូបនេះ បាន​ស៊ុត​បាល់​បក​ក្រោយ (​បក​ចេក​) បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​នៅ​នាទី​៨៣ គេ​បាន​ស៊ុត​ពី​ចម្ងាយ​ជាង​៣០​ម៉ែត្រ បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត បើទោះបីជា​អ្នកចាំទី​ហង្ស​ក្រហម Loris Karius ស្ថិតនៅ​ចំ​ជំហរ​យ៉ាងណាក៏ដោយ​។​

​លទ្ធផល ៣-១ នាំ​ឲ្យ Real Madrid ឈ្នះ​ពាន UEFA Champions League ៣​ឆ្នាំ​ជាប់ៗ និង​ជា​ពាន​លើក​ទី​១៣​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​៕




Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com