អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហា​ធៀ ថា លោក​នឹង​ចរចា​ឡើងវិញ​​លើលក្ខខណ្ឌ​កិច្ចព្រមព្រៀង​សង់​ផ្លូវ​រថភ្លើង​តម្លៃ ១៤​ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​
27, May 2018 , 1:05 pm        
រូបភាព
ដោយ: ថ្មីៗ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​អះអាង​រដ្ឋាភិបាល​លោក​នឹង​ចរចា​ឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​គម្រោង​កសាង​ផ្លូវ​រថភ្លើង​នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត (East Cost Rail Link) ស្ថិតក្រោម​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន​។ លោក​អះអាងថា ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ធំៗ​បែបនេះ​នឹង​អាច​ឲ្យ​ម៉ាឡេស៊ី​កាត់បន្ថយ​បំណុល​បាន​ច្រើន​ពាន់​លាន​ដុល្លារ​ដែរ​។​

​ដូច​បាន​សន្យា​មុន​ការបោះឆ្នោត លោក មហា​ធៀ មហាម៉ាត់ នឹង​ត្រួតពិនិត្យ និង​ចរចា​ឡើងវិញ​លើ​លក្ខខណ្ឌ​មានចែង​ក្នុង​កិច្ចព្រមព្រៀង​កសាង​ផ្លូវ​រថភ្លើង​តំបន់​សមុទ្រ​ភាគ​ខាងកើត (ECRL) ដែល​ចុះ​ជាមួយ​មហា​យក្ស​ចិន​ដែល​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៤​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​សៅរ៍​ទី ២៦ ខែឧសភា នាយករដ្ឋមន្ត្រី មហា​ធៀ បាន​បង្ហើប​ថា លក្ខខណ្ឌ​ដែលមាន​កំណត់​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ម៉ាឡេស៊ី ហើយ​ម្យ៉ាងវិញទៀត​វា​ក៏​គ្មាន​ផលចំណេញ​ច្រើន​ដែរ​ដែល​ត្រូវ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​បែបនេះ​។ 
 
«​យើង​កំពុង​ចរចា​លក្ខខណ្ឌ​។ លក្ខខណ្ឌ​ដែលមាន​នោះ​គឺ​ប៉ះពាល់​ខ្លាំងណាស់​ដល់​សេដ្ឋកិច្ច​យើង​។ លោក ណា​ជីប ដឹង​ច្បាស់​ណាស់​ថា គម្រោង​ផ្លូវ​រថភ្លើង​ដ៏​ធំ​នេះ​មិនមែនជា​អ្វីដែល​យើង​មានលទ្ធភាព​កសាង​ឡើយ​។ វា​ក៏​មិនមាន​បម្រើ​ប្រយោជន៍​អ្វី​ធំដុំ​ដែរ ហើយ​វា​ក៏​នឹងមិន​ផ្តល់​ផលចំណេញ​មក​យើង​ដូចគ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក មហា​ធៀ​។ 
 
​គម្រោង​ផ្លូវ​រថភ្លើង​(ECRL) ដ៏​ធំ​នេះ​មានតម្លៃ​សរុប​ជិត ១៤ ពាន់​លាន​ដុល្លារ​ហើយ​វា​ស្ថិតនៅក្រោម​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន និង​ត្រូវ​កសាង​ដោយ​ក្រុមហ៊ុន​សំណង់​របស់​ចិន​ដូចគ្នា​។ វា​មាន​ចម្ងាយ ៦៨៨ គីឡូម៉ែត្រ ដែល​ភ្ជាប់​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​ថៃ​ទៅកាន់​ច្រក ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ​ភាគ​ខាងលិច​ជ្រោយ​ម៉ា​ឡា​កា​ផងដែរ​។ 
 
​ការប្រកាស​ពី​បំណង​ចរចា​លក្ខខណ្ឌ​ឡើងវិញ​នេះ កើតឡើង​ចំ​ពេលដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី បង្ហាញ​កង្វល់​ពាក់ព័ន្ធ​នឹង​ការកើនឡើង​បំណុល​សាធារណៈ​គួរ​ឲ្យ​បារម្ភ​ក្រោម​អាណត្តិ​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ លោក មហា​ធៀ បាន​អះអាង​ផ្ទាល់មាត់​ថា បំណុល​រដ្ឋ​កើន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ពោលគឺ​ជាង ២៥១​ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​វា​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​ដែល​ត្រូវ​រក​វិធី​បន្ថយ​បំណុល​នេះ​។ 
 
​ក្រៅពី​គម្រោង​របស់​មហា​យក្ស​ចិន លោក មហា​ធៀ បានលើកឡើង​ផងដែរ​ពី​គោលបំណង​របស់​រដ្ឋាភិបាល​លោក​ក្នុងការ​ពិចារណា​ឡើងវិញ​លើ​គម្រោង​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្ជាប់​ពី​សិង្ហ​បុរី​មកកាន់​គូ​ឡា​ឡាំ​ពួរ​នោះ​។ គម្រោង​សាងសង់​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ១៧ ពាន់​លាន​ដុល្លារ ហើយ​គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២៦​ផងដែរ​។ 
 
​នាយករដ្ឋមន្ត្រី​វ័យ ៩២ ឆ្នាំ​ខាងលើ​បាន​អះអាងថា លក្ខខណ្ឌ​នៃ​កិច្ច​ព្រៀម​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ត្រូវ​ចំណាយ​ច្រើន​ក្នុងករណី​ខ្លួន​សម្រេច​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​សិង្ហ​បុរី​នេះដែរ​។ ដូច្នេះហើយ​រដ្ឋាភិបាល​កំ​ពុង​សិក្សា​បន្ថែម​ដើម្បី​ធានាថា វា​នឹងមាន​ការបន្ថយ​ការចំណាយ​នៅពេលដែល​ម៉ាឡេស៊ី​សម្រេច​ដកខ្លួន​ចេញ​នោះ​។ 
 
​យ៉ាងណាក៏ដោយ លោក មហា​ធៀ នៅតែ​អះអាងថា ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ធំៗ​ទាំងនេះ​អាច​នឹង​ជួយ​ឲ្យ​ម៉ាឡេស៊ី​កាត់បន្ថយ​បំណុល​រដ្ឋ​បាន​ប្រហែល ៥០​ពាន់​លាន​ដុល្លារ​ដែរ ហើយ​វា​ជា​រឿង​ដែល​អាទិភាព​សម្រាប់​រដ្ឋាភិបាល​លោក​។​
 

Tag:
 មហា​ធៀ មហាម៉ាត់​
  ចិន​
  ខ្សែក្រវាត់​មួយ​វិថី​មួយ​
 ECRL
© រក្សាសិទ្ធិដោយ thmeythmey.com