កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជិត​២០​ម៉ឺន​ដុល្លារ លើ​តេ​ក្វាន់ ITF និង​ប៉េតង់​
28, May 2018 , 7:59 am        
រូបភាព
ដោយ:
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​ជ័យលាភី​ជើងឯក​អាស៊ី​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ម៉ុង​ហ្គោ​លី​កាលពី​ថ្ងៃទី​២២ ឧសភា នា​វិមាន​សន្តិភាព​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជា​ជិត​២០​ម៉ឺន​ដុល្លារ ដើម្បី​លើកទឹកចិត្ត​ដល់​ជ័យលាភី​ជើងឯក​អាស៊ី​តេ​ក្វាន់​ដូ ITF និង​ជើងឯក​ប៉េតង់​ពិភពលោក​នារី​នៅ​ប្រទេស​ចិន​។ តែ​ប្រតិភូ​កីឡា​ប៉េតង់​ទាំងនេះ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​រដ្ឋ​រួចហើយ នៅឡើយ​តែ​ថវិកា​របស់​សម្តេច​តែប៉ុណ្ណោះ​។



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ ដើម្បី​លើក​ទឹក​ដល់​ជ័យលាភី​ជើងឯក​អាស៊ី​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ម៉ុង​ហ្គោ​លី និង​ជ័យលាភី​ជើងឯក​ពិភពលោក​នារី​កីឡា​ប៉េតង់​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៧​។ ថវិកា​ទាំងនេះ ត្រូវបាន​ចំណាយ​លើ​ជ័យលាភី​ជើងឯក​អាស៊ី​កីឡា​តេ​ក្វាន់​ដូ ITF ដែល​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨ ចំនួន​១៦០,៦០០​ដុល្លារ និង​ជ័យលាភី​ជើងឯក​ពិភពលោក​កីឡា​ប៉េតង់​នៅ​ចិន ដែល​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​៣ ចំនួន​២១,០០០​ដុល្លារ​។ គួរ​បញ្ជាក់ថា ជ័យលាភី​ជើងឯក​ពិភពលោក​កីឡា​ប៉េតង់ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពីរ​ដ្ឋ​រួចហើយ​កាលពីពេល​កន្លងទៅ​។



​សម្រាប់​ជ័យលាភី​មេដាយមាស​ជើងឯក​អាស៊ី​តេ​ក្វាន់​ដូ ITF ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៤​ពាន់​ដុល្លារ ប្រាក់​៣​ពាន់​ដុល្លារ និង​សំរឹទ្ធ​២​ពាន់​ដុល្លារ​។ រីឯ​គ្រូបង្វឹក​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ស្មើ​មេដាយមាស និង​គ្រូ​ជំនួយ​ទទួលបាន​៧០​ភាគរយ​នៃ​មេដាយមាស​។ ក្រៅពី​ថវិកា​របស់​សម្តេច ក្រុម​ជ័យលាភី​ទាំងនេះ ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​រដ្ឋ​បន្ថែម​ផងដែរ ក្នុងនោះ​មេដាយមាស​ទទួលបាន​១៦​លាន​រៀល ប្រាក់​១៣​លាន​រៀល និង​សំរឹទ្ធ​១១​លាន​រៀល​។ រីឯ​គ្រូបង្វឹក​បាន​ស្មើ​មេដាយមាស និង​គ្រូ​ជំនួយ​បាន​៧០​ភាគរយ​នៃ​មេដាយមាស​។

​ទាំង​ថវិការដ្ឋ និង​ថវិកា​របស់​សម្តេច ហ៊ុន សែន ត្រូវបាន​គល់​ជូន​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​កីឡាការិនី​ជ័យលាភី​អស់ហើយ​កាលពី​ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ ក្នុងចំណោម​កីឡាករ​ជ័យលាភី​ជើងឯក​អាស៊ី​តេ​ក្វាន់​ដូ ITF ទាំង​២១​រូប កីឡាករ សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម ទទួលបាន​ថវិកា​លើកទឹកចិត្ត​ច្រើនជាងគេ​ក្រោយ​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១​។ ច័ន្ទ​ឧ​ត្ត​ម ទទួលបាន​ថវិកា​៧២​លាន​រៀល​ពីរ​ដ្ឋ និង​ថវិកា​សម្តេច ១៧,០០០​ដុល្លារ​។ ចំណែក​កីឡាករ សុខ ស៊ូ​ណា​ម ទទួលបាន​ថវិកា​ច្រើន​លំដាប់​ទី​២ គឺ​បាន​៦៩​លាន​រៀល​ពីរ​ដ្ឋ និង​១៦,០០០​ដុល្លារ​ពីស​ម្តេច ហ៊ុន សែន ក្រោយ​រូបគេ​ឈ្នះ​មេដាយមាស​២ ប្រាក់​២ និង​សំរឹទ្ធ​១​។



​សម្រាប់​ជើងឯក​ពិភពលោក​កីឡា​ប៉េតង់​នារី​នៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១៧ កីឡាការិនី កែ ឡេង ដែល​ដណ្តើមបាន​មេដាយមាស​ទទួលបាន​ថវិកា​ពីស​ម្តេច ហ៊ុន សែន ចំនួន​១​ម៉ឺន​ដុល្លារ​។ រីឯ​កីឡាការិនី អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ទទួលបាន​ម្នាក់​២​ពាន់​ដុល្លារ​។ ចំណែក​លោក សុខ ម៉ុង គ្រូបង្វឹក​ទទួលបាន​៣​ពាន់​ដុល្លារ និង​លោក អ៊ិន គឹម​ស្រ៊ុន ប្រធាន​ប្រតិភូ​ទទួលបាន​២​ពាន់​ដុល្លារ​។​

​នា​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី ដែលមាន​២០​ប្រទេស​ចូលរួម កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​២៤​រូប​(​ស្រី​២)​ឲ្យ​ចូលរួម​។ ជា​លទ្ធផល​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨ ដើម្បី​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​ពាន​ចំណាត់ថ្នាក់​លេខ​២​ផ្នែក​យុវជន​ថ្នាល និង​លេខ​៣​ផ្នែក​យុវជន​ពេញវ័យ​៕    




Tag:
 តេ​ក្វាន់​ដូ ITF
  ហ៊ុន សែន​
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com