អន្តរជាតិ
លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​៖ ជប៉ុន​ដណ្តើម​លេខ​១​ពី​សិង្ហ​បុរី កម្ពុជា​លេខ​៨១ រីឯ​អ៊ីរ៉ាក់​ចុង​គេ​
27, May 2018 , 4:59 pm        
រូបភាព
ដោយ: ធីតា
​សិង្ហ​បុរី បាត់បង់​ចំណាត់ថ្នាក់​លេខ​មួយ​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​ដែលមាន​លិខិតឆ្លងដែន​ប្រកបដោយ​ឥទ្ធិពល​បំផុត​លើ​លោក​។ បច្ចុប្បន្ន ជប៉ុន​បាន​ដណ្តើម​តំណែង​នេះ ដោយ​លិខិតឆ្លងដែន​ពួកគេ​អាចធ្វើ​ដំណើរ​ទៅកាន់​រហូតដល់​ទៅ​១៨៩​ប្រទេស​ដោយ​មិនបាច់​ប្រើ​ទិដ្ឋាការ​។ បើតាម Henley Passport Index សិង្ហ​បុរី និង​អាល្លឺម៉ង់ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ។​



​ភ្នាក់ងារ Henley & Partners កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានចេញ​តារាង​ចំណាត់ថ្នាក់​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​ជាងគេ​បំផុត​លើ​ពិភពលោក 2018 Henley Passport Index ដោយ​តាម​ទិន្នន័យ​ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ International Air Transport Association (IATA)​។​



​ក្នុងចំណោម​ប្រទេស និង​រដ្ឋ​ចំនួន​១០១ ដែល​បាន​សិក្សា ជប៉ុន​បាន​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ពី​សិង្ហ​បុរី​។ អ្នក​កាន់​លិខិតឆ្លងដែន​ជប៉ុន អាចធ្វើ​ដំណើរ​ទៅកាន់​១៨៩​ប្រទេស​ដោយ​មិនបាច់​ប្រើ​ទិដ្ឋាការ ហើយ​រុញ​សិង្ហ​បុរី ទៅ​ចំណាត់ថ្នាក់​លេខ​២​ជាមួយ​អាល្លឺម៉ង់  ដែល​អាច​ទៅកាន់​១៨៨​ប្រទេស​។​

​ក្រុម​ប្រទេស​ចំណាត់ថ្នាក់​លេខ​៣ ដែល​អាច​ទៅកាន់​១៨៧​គោលដៅ រួមមាន ហ្វាំ​ង​ឡង់ បារាំង អ៊ីតាលី កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ និង​ស៊ុយអែត ខណៈ​អូទ្រីស លុច​សំបួរ ហូ​ឡង់ ន័​រវេ​ស ព័រ​ទុយ​ហ្គា​ល់ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក អាច​កាន់​លិខិតឆ្លងដែន​ដោយ​មិនបាច់​ទិដ្ឋាការ​នៅ​១៨៦​គោលដៅ​។​

​នៅ​អាស៊ាន ក្រៅពី​សិង្ហ​បុរី ដែល​ស្ថិតនៅ​ចំណាត់​លេខ​មួយ​លើ​ពិភពលោក មាន ម៉ាឡេស៊ី ទៅបាន​១៨០​ប្រទេស ព្រុយ​ណេ ទៅបាន​១៦៥​ប្រទេស ថៃ ៧៦​ប្រទេស​) ឥណ្ឌូណេស៊ី ៧១​ប្រទេស ហ្វីលីពីន (៦៦​ប្រទេស​)​។ កម្ពុជា​ស្ថិតនៅ​លេខ​៨១​ជាមួយ​ហៃ​ទី នី​ហ្សេ និង​តូ​ហ្គោ ដែល​អាច​ទៅបាន​៥៤​ប្រទេស រីឯ​ឡាវ បាន​៥២​ប្រទេស វៀតណាម ៥១​ប្រទេស មី​យ៉ាន់​ម៉ា ៤៨​ប្រទេស​។​



​លិខិតឆ្លងដែន ដែលមាន​កម្រិត​ក្រោម​គេ គឺ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ទៅបាន​ត្រឹម​៣០​ប្រទេស​ដោយ​គ្មាន​ទិដ្ឋាការ​។ ប្រទេស​ផ្សេងទៀត​រួមមាន ស៊ី​រី សូ​ម៉ាលី ប៉ា​គី​ស្ថាន យ៉េ​មែន ស៊ូដង់ ប៉ា​ឡេ​ស្ទី​ន អេ​រី​ត្រេ និង​នេ​ប៉ាល់​៕


Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com