ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដូវវស្សា អ្នកនេសាទ​រក​ក្ដាម​សមុទ្រ​មិនសូវ​បាន ហើយ​លក់​ក្នុងតម្លៃ​ថោក​ទៀត​
28, May 2018 , 8:59 am        
រូបភាព
​ជាធម្មតា​នៅ​ស្រុក​ខ្មែរ​ទំនិញ​មួយចំនួន ដែល​មិនសូវ​សម្បូរ​តែងតែ​លក់​ក្នុងតម្លៃ​ថ្លៃ តែ​ក្ដាម​សមុទ្រ​ដែល​ប្រជា​សហគមន៍​នៅ​ភូមិ​កោះ​ស្រឡៅ​នេសាទ​បាន​ក្នុង​រដូវវស្សា រក​មិនសូវ​បាន​ហើយ លក់បាន​តម្លៃថោក​ទៀត ។ នេះ​ក៏​ព្រោះតែ​ឈ្មួញកណ្ដាល​ទម្លាក់​តម្លៃ ក្រោម​ហេតុផល​គុណភាព​សាច់​ក្ដាម​ក្នុង​រដូវវស្សា​មិនសូវ​ល្អ និង​ត្រូវ​ប្រមូល​ទិញ​ស្ដុក​ទុក​ច្រើន​ថ្ងៃ​ទើប​លក់​ចេញ​ម្ដង​។​



​លោក លៀង ស៊ីថា ជា​អ្នកនេសាទ​ក្ដាម​មួយរូប បាន​និយាយថា នៅ​កោះ​បារាំង ត្រង់ចំនុច​(​វាល​ខ្សាច់​ធំ​ពេល​ទឹកស​មុ​ទ្យ​នាច​) អ្នកភូមិ​ហៅថា​«​ខុស​» ជា​កន្លែង​មួយ ដែល​អ្នកនេសាទ​ម​កនេ​សាទ​ក្ដាម​ដោយ​ដង ដាក់មង និង​ដាក់​លប​។ ក្នុង​រដូវវស្សា​នេះ​ជាធម្មតា លោក​អាច​រក​ក្ដាម​បានតែ​២​គីឡូក្រាម​តែប៉ុណ្ណោះ (​គិតតែ​សាច់​) ដោយ​ដាក់មង​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៤​ទាបភ្លឺ​។ លោក​ថា​នៅ​រដូវ​នេះ ពិបាក​រក​ក្ដាម​ព្រោះ​មាន​ភ្លៀង ខ្យល់ និង​ទឹក​ហូរ​ខ្លាំង​ធ្វើឱ្យ​សំរាម​ជាប់​មង​ច្រើន តែ​មិន​ជាប់​ក្ដាម​។



​បើតាម​លោក លៀង ស៊ីថា នៅលើ​កោះ​ស្រឡៅ​មាន​ឈ្មួញកណ្ដាល​ទិញ​ក្ដាម​ច្រើន​នាក់ និង​ឱ្យ​តម្លៃ​ក៏​ខុសគ្នា​។ អ្នក​ជំពាក់​ប្រាក់​ឈ្មួញកណ្ដាល​លក់បាន​ថោក​ជាង​អ្នក​មិន​ជំពាក់​ប្រមាណ​៥០​បាត​ប្រាក់​ថៃ​។ លោក​ថា ដោយសារ​ក្ដាម​នៅ​រដូវវស្សា​សាច់​វា​មានគុណ​ភាព​អន់​ជាង​រដូវប្រាំង និង​មាន​ចំនួន​តិច ទើប​វាល​ក់បាន​តម្លៃថោក​ជាង​រដូវប្រាំង​។ លោក ស៊ីថា បញ្ជាក់បន្ថែម​៖«​រដូវវស្សា​រក​មិនសូវ​បាន ដូច្នេះ​អ្នកនេសាទ​ចេញទៅ​រកបាន​តិច​អ៊ីចឹង ឈ្មួញ​ត្រូវ​ទិញ​ក្ដាម​ស្តុក​ទុក​ច្រើន​ថ្ងៃ​ទើបបាន​យកទៅលក់​ម្ដង ម្យ៉ាងទៀត​ក្ដាម​ខែ​នេះ​សាច់​វា​អន់ ព្រោះ​ទឹក​ឡើង​ខ្លាំង​ទឹក​វា​សាប សាច់​ក្ដាម​ឆាប់​ខូច​។ ចំពោះ​តម្លៃ​លក់ បើ​អ្នក​ជំពាក់​ប្រាក់​ឈ្មួញ លក់បាន​ថោក​ជាង​អ្នក​មិន​ជំពាក់ បើ​តម្លៃ​ធម្មតា​គេ​លក់បាន​៣៥០​បាត​ក្នុង​មួយ​គីឡូ អ្នក​ជំពាក់​ប្រាក់​ឈ្មួញកណ្ដាល​បានតែ​៣០០​រយ​បាត​ទេ​»​។ ​



​កំពុងធ្វើដំណើរ​តាម​ទូក​ឆ្ពោះទៅកាន់ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង លោក ហាវ តាក់ ជាំ​ម្ចាស់​ទូក ហើយក៏​ជា​នេសាទ​ក្ដាម​មួយរូប​ដែរ បាន​ប្រាប់​ខ្ញុំ​ថា មុខរបរ​គោល​របស់​លោក​ជា​អ្នកនេសាទ​ក្ដាម តែ​ឆ្លៀតពេល​ម្ដងម្កាល​លោក​ទៅ​បើកទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​មើល​ព្រៃកោងកាង​។ ក្នុង​មួយថ្ងៃ​លោក ហាវ តាក់ អាច​រកប្រាក់​បាន​ប្រមាណ​១០​ម៉ឺន​រៀល​ពីរ​បរ​នេសាទ​ក្ដាម​។ គេ​អាច​នេសាទ​ក្ដាម​បាន​ពីរ​ពេល​ក្នុង​មួយថ្ងៃ​គឺ​ពេល​ថ្ងៃ​និង​ពេលយប់ តែ​ជាធម្មតា​មនុស្ស​ម្នាក់​អាច​ទៅ​នេសាទ​បានតែ​មួយពេល​តែប៉ុណ្ណោះ ព្រោះ​ពួកគេ​មិនមាន​ពេល​និង​កម្លាំង​គ្រប់គ្រាន់​។ ​



​នៅ​រដូវវស្សា​នេះ​សម្រាប់​ក្ដាមសេះ​(​សាច់​សុទ្ធ​)​លោក តាក់ លក់បាន​តម្លៃ​ប្រមាណ​ជា​៦​ម៉ឺន​រៀល គិត​ជា​ប្រាក់​បាត​៤៥០​បាត ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ក្ដាម​រស់​តម្លៃ​ប្រមាណ​២៥០០០​រៀល គិត​ជា​ប្រាក់​បាត​២០០​បាត ក្នុង​មួយ​គីឡូក្រាម​។ លោក ហាវ តាក់ បញ្ជាក់ថា​៖ «​ខ្ញុំ​ដាក់មង​ក្ដាម មួយថ្ងៃ​អាច​បាន​ពី​៨​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​។ ក្ដាម​អាច​រកបាន​ទាំងយប់​ទាំង​ថ្ងៃ តែ​យើង​រកបាន​តែមួយ​ពេល​ទេ បើ​រក​ថ្ងៃ​អត់​យប់ រក​យប់​អត់​ថ្ងៃ ព្រោះ​យើង​អត់​ពេល​ហើយ​អស់កម្លាំង​ផង​។ នៅ​រដូវវស្សា​ពិបាក​រក​ក្ដាម​ជាង​រដូវប្រាំង​ព្រោះ​ទឹក​ឡើង ក្ដាម​មិនសូវ​ចេញមក​ហែល​លេង​នៅ​វាល​ទេ ហើយ​ទឹក​ហូរ​ខ្លាំង​នាំ​ឈើ សំរាម​មកជា​មួយ ជាប់​មង​ដាក់​មិនសូវ​បាន​»​។



​ជា​អ្នកលក់​ក្ដាម​មួយរូប​ទៀត អ្នកនាង ស៊ុន សុភាព អាយុ​២៦​ឆ្នាំ ដែល​អ្នកនាង​ចាប់ផ្ដើម​នេសាទ​តាំងពីក្មេង​មក​ម្លេះ បានឱ្យដឹងថា ក្ដាម​ដែល​រកបាន​ត្រូវតែ​ស្ងោរ​ឱ្យ​ឆ្អិន ហើយ​ឆ្កឹះ​យកតែ​សាច់ ទើប​ឈ្មួញ​ទិញ​។ កំពុងតែ​ឆ្កឹះ​សាច់​ក្ដាម  យ៉ាង​ញាប់ដៃ អ្នកនាង សុភាព និយាយថា គេ​ឆ្កឹះ​សាច់​ក្ដាម​ផ្នែក​ខ្លួន​ដាក់​ផ្សេង ផ្នែក​ដ​ង្គា​ប​ដាក់​ផ្សេង និង​ផ្នែក​ជើង​ដាក់​ផ្សេង​។ ក្ដាមសេះ​ទាំងនេះ​ឈ្មួញកណ្ដាល​ប្រមូល​ទិញ​ជា​ប្រាក់​បាត​ថៃ និង​យកទៅលក់​បន្ត​នៅ​ប្រទេស​ថៃ​ដែរ​។ សម្រាប់​ក្ដាម​សាច់​របស់ សុភាព នាង​លក់បាន​តម្លៃ​តែ​ជាង​៣០០​បាត​តែប៉ុណ្ណោះ​។ សុភាព បញ្ជាក់​៖«​ក្ដាម​ខែ​នេះ​លក់បាន​ថោក​ណាស់ បើ​រដូវប្រាំង​លក់បាន​ថ្លៃ បាន​ប្រហែល​៦០០​បាត ក្នុង​មួយ​គីឡូ​ក្ដាម​សាច់​។ ខ្ញុំ​មិនសូវ​ដឹង​ច្បាស់​ថា​គេ​យក​សាច់​ក្ដាម​នេះ ទៅ​ថៃ​ធ្វើ​អ្វី​ទេ​»​។





​បើតាម​លោក ហាវ តាក់ អ្នកភូមិ​ជាង​៣០០​គ្រួសារ​នៅលើ​កោះ​ស្រឡៅ ប្រកប​របរ​នេសាទ​ស្ទើរតែ​ទាំងអស់ ដែល​មានតែ​គ្រួសារ​តិចតួច​ប៉ុណ្ណោះ​ជា​អ្នកលក់ដូរ​៕




Tag:
 កោះកុង​
 ​នេសាទ​
 ​ក្ដាម​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com