កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី៖​ ស្អប់​បំផុត​អាជ្ញាកណ្តាល ចៅក្រមកាត់ក្តី​លម្អៀង ដោយ​ប្រើ​មនោសញ្ចេតនា​គ្រូ​និង​សិស្ស​
27, May 2018 , 3:40 pm        
រូបភាព
ដោយ:
​កីឡា​តេ​ក្វាន់​ដូ ITF ត្រូវបាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រេច​ដាក់​ឲ្យ​ចូលរួម​ប្រកួត​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ​។ ដើម្បី​រក្សា​កិត្តិយស និង​ផ្តល់​ទំនុកចិត្ត​ដល់​កីឡាករ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF លោក កែវ រ៉េមី ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​ដាក់ពិន្ទុ​និង​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ឈរលើ​ភាពយុត្តិធម៌​។ បន្ថែម​លើ​នេះ លោក​ស្នើ​ឲ្យ​សមាជិក ប្រតិភូ​មកពី​តាម​ខេត្ត​នានា ត្រូវ​ចេះ​គោរព​ស្រលាញ់គ្នា​តាម​តួនាទី​និង​ភារកិច្ច​រៀងៗ​ខ្លួន​។​



​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ប្រាប់​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម ដែល​កាត់ក្តី​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ដាក់ពិន្ទុ​ដល់​កីឡាករ ពិសេស​ចៀសវាង​ការដាក់​ពិន្ទុ​ដោយ​ប្រើ​មនោសញ្ចេតនា​គ្រូ​និង​សិស្ស​។ ការជំរុញ​នេះ គឺ​ដើម្បី​ផ្តល់​ភាពត្រឹមត្រូវ​និង​ទំនុកចិត្ត​ដល់​កីឡាករ​កីឡាការិនី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួត ពិសេស​ដើម្បី​រក្សា​កិត្តិយស សេចក្តីថ្លៃថ្នូរ សម្រាប់​ការចូលរួម​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​របស់​កីឡា​តេ​ក្វាន់​ដូ ITF​។​



«​ខ្ញុំ​សូម​ផ្តាំ​ទៅ​អាជ្ញាកណ្តាល​ចៅក្រម​ទាំងអស់ ត្រូវដាក់​ពិន្ទុ​ដោយ​យកចិត្តទុកដាក់​ប្រកបដោយ​យុត្តិធម៌ មិន​លម្អៀង​ថា​កូនសិស្ស អ្នកនេះ ឬ​អ្នក​នោះឡើយ​។ និយាយ​តាម​ត្រង់ ខ្ញុំ​ស្អប់បំផុត​អ្នក​ដាក់ពិន្ទុ​លម្អៀង​ដោយ​ប្រើ​មនោសញ្ចេតនា​គ្រូ​និង​សិស្ស​។ ដូច្នេះ​យើង​ត្រូវ​កាត់ក្តី​ឲ្យ​យុត្តិធម៌ ដើម្បី​ផ្តល់​ភាព​ត្រឹម​ដល់​កីឡាករ​ដែល​គ្នា​បាន​ខិតខំ​»​។ នេះ​ជា​បញ្ជាក់​របស់លោក កែវ រ៉េមី​។

​ប្រធាន​សហព័ន្ធ​រូបនេះ ក៏​ស្នើ​ឲ្យ​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​ប្រធាន​ប្រតិភូ​មកពី​តាម​បណ្តា​ខេត្ត​នានា គោរព​វិន័យ គោលការណ៍​នៃ​ការប្រកួត និង​ការសម្រេច​របស់​មន្ត្រី​ការប្រកួត ដោយ​ចៀសវាង​ការតវ៉ា​ភ្លាមៗ​នៅលើ​ទីលាន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៃ​ការប្រកួត​។​

​លោក​បន្ថែមថា​៖«​ខ្ញុំ​សូម​ហាម​ដាច់ខាត​ចំពោះ​ការ​តវា់​នៅលើ​ទីលាន ពេល​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​ឲ្យ​កីឡាករ​ណា​ម្នាក់​ឈ្នះ ហើយ​គិតថា​មិន​យុត្តិធម៌​។ យើង​ត្រូវ​ចេះ​គោរព​វិន័យ គោរព​ឋានានុក្រម តួនាទី​ភារកិច្ច​របស់ខ្លួន ហើយ​ត្រូវ​ចេះ​ទទួលស្គាល់​រាល់​ការសម្រេច​របស់​គណៈកម្មកា​រ​ប្រកួត​។ បើ​មាន​ភាពមិនប្រក្រតី​អ្វី អាច​តវ៉ា​គ្នា​ក្រោយ​ការប្រកួត​ចប់ តែ​ហាម​តវ៉ា​លើ​ទីលាន​»​។​



​ទោះបី​វា​ជាការ​ប្រកួត​ដណ្តើម​ជើងឯក​កីឡា​ជាតិ​ក៏ពិតមែន តែ​សហព័ន្ធ​នឹង​សម្លឹងមើល​យុវជន​ល្អៗ ដើម្បី​ធ្វើជា​យុវជន​ថ្នាល​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ មាន​កីឡាករ​ចំនួន​១២៨​នាក់​មកពី​១១​ក្រសួង​រាជធានី​ខេត្ត​ចូលរួម​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥-២៩ ឧសភា ឆ្នាំ​២០១៨៕         


Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com