កីឡាជាតិ
ជាតិ
អ្នកចាំទី​ប៉ូលិស ខែ​ក ច័ន្ទ​សម្បត្តិ របួស​ថ្ងាស​៤​ថ្នេរ ក្នុងជំនួប​ប៉ូលិស​យកឈ្នះ​វិសាខា​
27, May 2018 , 9:49 pm        
រូបភាព
ដោយ:
​អ្នកចាំទី​របស់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​កីឡាករ ខែ​ក ច័ន្ទ​សម្បត្តិ បាន​រងរបួស​ថ្ងាស​ដេរ​៤​ថ្នេរ នា​ជំនួប​ប៉ូលិស​យកឈ្នះ​ក្រុម​វិសាខា ៣-១ នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​កាលពី​រសៀល​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃអាទិត្យ​នេះដែរ ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​វាយបក​តាម​ស្មើ​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ១-១​។



​អ្នកចាំទី​អគ្គស្នងការ​នគរបាល​ជាតិ ខែ​ក ច័ន្ទ​សម្បត្តិ ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ភ្លាមៗ​ជំនួស​ដោយ​កីឡាករ ប្រាក់ មុន្នី​ភា​រុន នៅត្រឹម​១២​នាទី​ដំបូង​ក្នុង​តង់​ទី​១ ក្រោយ​រងរបួស​ថ្ងាស​ដេរ​ប្រមាណ​៤​ថ្នេរ​។ បញ្ហា​របួស​នេះ កើតឡើង​ពេល​អ្នកចាំទី​រូបនេះ ព្យាយាម​តាម​ចាប់​បាល់់​ដែល​ផ្លាត​ចេញពី​ជើង​របស់​ប្រធាន​ក្រុម សាយ ពិសិដ្ឋ ក្រោយ​ការ​ស៊ុត​របស់​កីឡាករ សាន គឹម​ហេង តែ​បាន​ទៅបុក​នឹង​ជង្គង់​កីឡាករ អ៊ុ​ល រ៉ាវី ដែល​ព្យាយាម​ទាត់​បាល់​ចេញ​តំបន់​គ្រោះថ្នាក់​។​

​បើតាម​ការ​វាយ​បឋម​របស់​គ្រូពេទ្យ​នៅ​ទីលាន កីឡាករ ខែ​ក ច័ន្ទ​សម្បត្តិ ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​ពីរ​សប្តាហ៍ ដើម្បី​សម្រាក​ព្យាបាល​របួស​ឲ្យ​ជាសះស្បើយ​។ ទោះបី​អ្នកចាំទី​ដៃ​ទី​១​រងរបួស អគ្គស្នងការ​នគរបាល​ជាតិ​នៅតែ​អាច​យកឈ្នះ​វិសាខា ៣-១ ដើម្បី​ឡើងឈរ​លេខ​រៀង​ទី​៤​ដោយមាន​១៣​ពិន្ទុ​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៧​នៃ​ក្របខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​។

​នា​ការប្រកួត​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​កាលពី​រសៀល​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៨ កីឡាករ នួន បូរី បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ប៉ូលិស​នៅ​នាទី​ទី​២២ មុន​ខ្សែបម្រើ​វ័យក្មេង សាន គឹម​ហេង បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​វិសាខា​នៅ​នាទី​ទី​៤២​។ បន្ទាប់មក​កីឡាករ Noh Sangmin បានសម្រេច​គ្រាប់​ទី​២​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​នាទី​ទី​៧៣ មុន​កីឡាករ ទិ​ត្យ ឌី​ណា បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៩០ ដើម្បី​នាំ​ជ័យជម្នះ ៣-១ សម្រាប់​ប៉ូលិស​។

​នា​ការប្រកួត​នៅ​កីឡដ្ឋាន RSN ថ្ងៃអាទិត្យ​នេះដែរ ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​តាម​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប​។ កីឡាករ Momoh Degule Sumaila បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​អាស៊ី​អឺរ៉ុប​នៅ​នាទី​ទី​៥៥ មុន​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​វាយបក​តាម​ស្មើ ១-១ នៅ​នាទី​ទី​៧៨ ដែល​សម្រេច​ដោយ​កីឡាករ អ៊ិន សូ​ដា​វីដ​៕


Tag:
 Cambodian League 2018
  ខែ​ក ច័ន្ទ​សម្បត្តិ​
  ប៉ូលិស​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com