កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស​អាស៊ី​តេ​ក្វាន់​ដូ ITF សៀង អេង​ហ៊ុយ រងរបួស​ជើង​ធ្ងន់ធ្ងរ​
29, May 2018 , 4:21 pm        
រូបភាព
កីឡាករ សៀង អេងហ៊ុយ ត្រូវបានគេសែងចេញពីលានប្រកួតក្រោយរងរបួសជើង
កីឡាករ សៀង អេងហ៊ុយ ត្រូវបានគេសែងចេញពីលានប្រកួតក្រោយរងរបួសជើង
ដោយ:
​កីឡាករ​តេ​ក្វាន់​ដូ ITF សៀង អេង​ហ៊ុយ ម្ចាស់​មេដាយមាស​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ក្រោយ​រងរបួស​ជើង​ធ្ងន់ធ្ងរ​អំឡុងពេល​ប្រកួត​ជាមួយ​កីឡាករ ង៉ែត រ៉ាវី ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​២៩ ឧសភា​នេះ​។ តាម​ការវាយតម្លៃ​បឋម​របស់​អ្នក​គ្រូពេទ្យ មាស អ៊ី​សានី​វ៉ា ឱសថការី​នៃ​ឱសថស្ថាន​មុន្នី​ពលៈ កីឡាករ សៀង​អេង​ហ៊ុយ មាន​បញ្ហា​ជង្គង់​ឃ្លាត​ចេញពី​គ្នា ដែល​អាច​ចំណាយពេល​ប្រមាណ​១​ខែ ដើម្បី​សម្រាក​ព្យាបាល​។



​សម្រែក​ឈឺចាប់​របស់​កីឡាករ សៀង អេង​ហ៊ុយ ម្ចាស់​មេដាយមាស​អាស៊ី​លើ​វិញ្ញាសា​ប្រយុទ្ធ​ជា​ក្រុម​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ត្រូវបាន​បន្លឺឡើង ក្រោយ​រូបគេ​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​ប្រកួត​ជាមួយ​កីឡាករ ង៉ែត រ៉ាវី លើ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​ទម្ងន់​៨០​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នៅ​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០១៨ នៅ​ទីលាន​តេ​ក្វាន់​ដូ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។



​ក្រោយ​ការត្រួតពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​នៅ​ទីលាន កីឡាករ សៀង អេង​ហ៊ុយ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តាម​រថយន្ត​សាមុយ​ដែល​ប្រចាំការ​នៅ​ទីនោះ​។ តាម​ការវាយតម្លៃ​បឋម​របស់​កញ្ញា មាស អ៊ី​សានី​វ៉ា គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រចាំ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា កីឡាករ សៀង អេង​ហ៊ុយ រងរបួស​ជង្គង់​ឃ្លាត​ចេញពី​គ្នា ដែល​អាច​ចំណាយពេល​ប្រមាណ​១​ខែ​ក្នុងការ​សម្រាក​ព្យាបាល​។ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​បឋម​តែប៉ុណ្ណោះ ស្ថានភាព​របួស​យ៉ាងណា​ត្រូវ​រង់ចាំ​លទ្ធផល​ជាក់ស្តែង ក្រោយ​ការត្រួតពិនិត្យ​របស់​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

​បញ្ហា​របួស​នេះ បាន​បង្ខំ​ឲ្យ​កីឡាករ សៀង អេង​ហ៊ុយ បោះបង់​ការប្រកួត​ទាំង​ពាក់កណ្តាល​ទី ដែល​នាំ​ឲ្យ​កីឡាករ ង៉ែត រ៉ាវី ទទួលបាន​ជ័យជម្នះ​យ៉ាង​ស្រួល​តែម្តង​។ តាម​ការសន្និដ្ឋាន​រប​ស់​ឱសថការី មាស អ៊ី​សានី​វ៉ា បញ្ហា​របួស​របស់​កីឡាករ សៀង អេង​ហ៊ុយ អាច​បណ្តាលមកពី​ជើង​របស់គេ​មិនអាច​ទប់​នឹង​ទម្ងន់ ក្រោយ​ការ​លោត​វាយ​គូប្រកួត​។ ប៉ុន្តែ​តាម​ការអះអាង​របស់​មិត្ត​រួម​ក្លិប កីឡាករ​រូបនេះ ធ្លាប់មាន​បញ្ហា​របួស​ជើង​បែបនេះ​ម្តង​រួចមកហើយ​កាល​ពេល​កន្លងទៅ​។ 



​ទោះបី​បោះបង់​ការប្រកួត​ពាក់កណ្តាល​ទី​ក៏ពិតមែន តែ​កីឡាករ សៀង អេង​ហ៊ុយ ទទួលបាន​មេដាយ​សំរឹទ្ធ​ស្ទួន​លើ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស​ទម្ងន់​៨០​គីឡូក្រាម ដែលមាន​កីឡាករ ឃឿន ប៊ុន​លាង មកពី​ខេត្តស្ទឹងត្រែង​ជា​ម្ចាស់​មេដាយមាស​។ រីឯ​កីឡាករ ង៉ែត រ៉ាវី ដែល​ធ្វើ​ឲ្យ អេង​ហ៊ុយ របួស​ទទួលបាន​មេដាយប្រាក់ និង​កីឡាករ ថា ចិត្រ បាន​មេដាយ​សំរឹទ្ធ​។

​កីឡាករ សៀង អេង​ហ៊ុយ មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ម្ចាស់​មេ​ដាយសំរឹទ្ធ​លើ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន និង​ជា​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​ប្រយុទ្ធ​ជា​ក្រុម នា​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​៕ 


Tag:
 តេ​ក្វាន់​ដូ ITF
  សៀង អេង​ហ៊ុយ​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com