កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ ក្រសួងមហាផ្ទៃ​ឡើងឈរ​កំពូល​តារាង​មេដាយ ខណៈ​ខេត្ត​៤​មិនទាន់​រកបាន​មេដាយ​
30, May 2018 , 10:04 am        
រូបភាព
ដោយ:
​គិត​ត្រឹម​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​បាន​ហក់​ឡើងទៅ​ឈរ​កំពូល​តារាង​មេដាយ​លើ​រាជធានី​ភ្នំពេញ និង​ក្រសួងការពារជាតិ ក្រោយ​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​២៥ ប្រាក់​១១ និង​សំរឹទ្ធ​១៤​។ ទន្ទឹមនឹង​ក្រសួង​រាជធានី​-​ខេត្ត​ប្រជែង​គ្នា​ពី​ចំនួន​មេដាយ ក៏មាន​ខេត្ត​ចំនួន​៤​ផងដែរ ដែល​មិនទាន់​រកបាន​មេដាយ​។ ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​៥​ថ្ងៃ​ហើយ មាន​កីឡា​មួយចំនួន​បាន​បេសកកម្ម​របស់ខ្លួន តែ​ក៏មាន​កីឡា​មួយចំនួន​មិនទាន់​ចាប់ផ្តើម​ផងដែរ​។



​រាជធានី​ភ្នំពេញ ដែល​ឈរ​កំពូល​តារាង​មេដាយ​កាលពី​ថ្ងៃទី​២៧ ឧសភា បាន​ធ្លាក់​ទៅ​ឈរ​លំដាប់​ទី​២ ដោយមាន​មេដាយមាស​២៣ ប្រាក់​១៩ និង​សំ​រឺ​ទ្ធ​១៥​។ តំណែង​កំពូល​តារាង​នេះ បាន​ធ្លាក់​ទៅលើ​អង្គភាព​ក្រសួងមហាផ្ទៃ ក្រោយ​អត្ត​ព​លិ​ក​របស់​អង្គភាព​នេះ​ដណ្តើមបាន​មេដាយមាស​២៥ ប្រាក់​១១ និង​សំរឹទ្ធ​១៤ គិត​ត្រឹម​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០១៨​។

​ចំណែក​ក្រសួងការពារជាតិ​ក្រោយ​អត្ត​ព​លិ​ក​ដណ្តើមបាន​មេដាយមាស​១២ ប្រាក់​៦ និង​សំរឹទ្ធ​៦ បាន​បន្ត​ឈរ​លំដាប់​ទី​៣ ខណៈ​ខេត្ត​ត្បូងឃ្មុំ​ឡើង​មកឈរ​លំដាប់​ទី​៤ ក្រោយ​អត្ត​ព​លិ​ក​ដណ្តើមបាន​មេដាយមាស​៥ ប្រាក់​៥ និង​សំរឹទ្ធ​៣​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ធ្លាក់​ទៅ​ឈរ​លំដាប់​ទី​៥ ជាមួយ​មេដាយមាស​៥ ប្រាក់​៥ និង​សំរឹទ្ធ​១ រីឯ​ខេត្តស្ទឹងត្រែង​ឈរ​លេខ​រៀង​បន្ទាប់​ក្រោយ​ឈ្នះ​មេដាយមាស​៥ ប្រាក់​៣ និង​សំរឹទ្ធ​៩​។

​ទន្ទឹមនឹង​អត្ត​ព​លិ​ក​ក្រសួង រាជធានី​-​ខេត្ត​មួយចំនួន​អបអរ​នឹង​ជ័យជម្នះ​ក្រោយ​ដណ្តើមបាន​មេដាយ អត្ត​ពលិកម​ក​ពី​ខេត្ត​ប៉ៃលិន ក្រចេះ រតនគីរី និង​មណ្ឌល​គី​រី​មិន​រកបាន​មេដាយ​នៅឡើយ​ទេ ខណៈ​ការប្រកួត​ខិតជិត​ដល់​ថ្ងៃ​បញ្ចប់​។ ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៤ មិថុនា​។ ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ជាង​៤​ពាន់​នាក់​មកពី​២៨​ក្រសួង​រាជធានី​ខេត្ត​ចូលរួម​៕    


Tag:
 កីឡា​ជាតិ​លើក​ទី​២
  National Game
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com