ជាតិ
សិល្បះ
ល្ខោន​ទំនើប​ចម្រុះ​«​អច្ឆរិយ​អង្គរ​» នឹង​សម្ដែង​ជូន​ទស្សនា​ឥតគិតថ្លៃ នៅ​ថ្ងៃទី​១ មិថុនា​
30, May 2018 , 7:19 pm        
រូបភាព
តួអង្គ​សំខាន់ក្នុងរឿង អច្ឆរិយអង្គរ។​ រូបថត ហ្វេសប៊ុក Tep Rindaro
តួអង្គ​សំខាន់ក្នុងរឿង អច្ឆរិយអង្គរ។​ រូបថត ហ្វេសប៊ុក Tep Rindaro
​ដើម្បី​អបអរ​ប្រាសាទអង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ល្អ​បំផុត​របស់​ពិភពលោក ទស្សនីយភាព​ល្ខោន​សម័យ​ទំនើប​ចម្រុះ​រឿង​«​អច្ឆរិយ​អង្គរ​» នឹងត្រូវ​ចាក់​បញ្ចាំង​ឲ្យ​សាធារណជន​ទស្សនា​ឥតគិតថ្លៃ ចំនួន​២​លើក នៅ​ថ្ងៃទី​១ ខែមិថុនា​ខាងមុខ នា​សាល​មហោស្រព​កោះ​ពេជ្រ​។ ការចាក់​បញ្ចាំង​លើកទីមួយ នៅ​ម៉ោង​២​រសៀល និង​លើក​ទី​២ នៅ​ម៉ោង​៥​ល្ងាច ហើយ​អ្នកទស្សនា​តម្រូវឱ្យ​ទៅមុន​ការសម្ដែង​១​ម៉ោង​មុន​។

 


​សូមជម្រាបថា ការចាក់​បញ្ចាំង​រឿង «​អច្ឆរិយ​អង្គរ​»​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិ​នៃ​ការកសាង​អង្គរវត្ត ជំនឿ និង​ចំណេះដឹង​ជាច្រើន​របស់​ដូនតា​ខ្មែរ​ដែល​កសាង​អង្គរ​។ នេះ រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​។​

​សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ ០៩៨ ៩៩៩ ៨៩៤ ឬ ០៨៦ ៥១២ ៣២៣ ដើម្បី​ទទួលបាន​សំបុត្រ​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​។​



​សង្ខេប​រឿង អច្ឆរិយ​អង្គរ​៖

 អស់​រយៈពេល​ជាង​២០០០​ឆ្នាំ​មកហើយ ជំនឿ​លើ​ព្រហ្មញ្ញសាសនា​បាន​រីកសាយ​មកលើ​ចក្រភព​ខ្មែរ​បុរាណ​និង​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​ដល់​របៀប​របរ​រស់នៅ និង​សិល្បៈ​វប្បធម៌​របស់​ម្ចាស់​ស្រុក​ដែល​បានរស់នៅ​លើទឹក​ដី​នេះ​។

​បណ្តា​ព្រះមហាក្សត្រ​ខ្មែរ​សម័យបុរាណ​បាន​បង្កើត​នូវ​លទ្ធិទេវរាជ ដោយ​ផ្អែកលើ​ទស្សនៈ​មួយ​ថា «​មហាក្សត្រ​គឺជា​ទេវរាជ​» ។ គេ​នាំគ្នា​សាងសង់​ទី​សក្ការបូជា​តាមបែប​សាស​នា​ឧទ្ទិស​ថ្វាយ​ចំពោះ​អាទិទេព​ទាំងឡាយ​និង​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​អង្គឯង​ផ្ទាល់ ពេល​សោយ​ទីវ​ង្គ​ត់ទៅ​នឹង​យាង​ទៅកាន់​ឋាន​អាទិទេព​ណាមួយ ដែល​ព្រះអង្គ​គោរពបូជា​។ ដោយសារ​តែមាន​ជំនឿ​ដូចនេះ​ទើប​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​អង្គ​ចាប់ផ្តើម​កសាង​ប្រាសាទ​នៅពេលដែល​ទ្រង់​បាន​ឡើង​សោយរាជ្យ​។​
         
ក្នុង​រជ្ជកាល​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ទៅដល់​ព្រះ​នរាយណ៍​។ ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ជា​និមិត្តរូប​នៃ “ ភ្នំ​ព្រះ​សា​ម៉ែ ” នៅ​ឋាន កណ្តាល ជា​ចំនុចកណ្ដាល​នៃ​ចក្រវាល និង​ជាទី​ឋាន​នៃ​អាទិទេព​ទាំងឡាយ​។ មហា​ប្រាសាទ​នេះ​ជា​និមិត្តរូប​នៃ​មហាអំណាច​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម័យបុរាណ គឺជា​អំណាច​ដែល​ឋិត​ឋេ​រ​ជា​រៀង    រហូត​។ ក្រោយពី​ការដួលរលំ​នៃ​ចក្រភព​ខ្មែរ​ក្នុង​ស​.​វ​ទី​៥ ដោយ​បរ​ទេ​សាបាន​ឈ្លានពាន ប្រាសាទអង្គរវត្ត​នេះ​ត្រូវបាន​បោះបង់ចោល​អស់​រយៈពេល​រាប់រយឆ្នាំ ។​
       
រហូតដល់​ឆ្នាំ​១៨៦០ លោក​ហង់​រី​ម៉ូ​អូដ អ្នក​ធម្មជាតិវិទូ​ជន​ជាតិ​បារាំង បាន​ធ្វើដំណើ​ស្រាវជ្រាវ​ចូលមកក្នុង​តំបន់​នានា​នៃ​ប្រទេស សៀម ខ្មែរ និង​លាវ ពេលដែល​ក្រុម​ស្រាវជ្រាវ​របស់​ពួកគាត់​ចូល​មកដល់​ប្រទេស​កម្ពុជា លោក​ហង់​រី​បានលឺ​អ្នកស្រុក​ភូមិ​និយាយ​អំពី​មហា​ប្រាសាទ​ដែលមាន​សម្រស់​ស្អាត ដែរ​គេ​ជឿថា​អាទិទេព​ជា​អ្ន​កសាងឡើង​។ ក្រុម​អ្នកស្រាវជ្រាវ​របស់លោក​ហង់​រី​បាន​ចូលមក​កាន់​តំបន់​នេះ​តាម​ការរៀបរាប់​របស់​អ្នកស្រុក ក្នុង​បំណង​ស្វែងរក​ប្រាសាទ​ដ៏​ល្បី​ប្រកបដោយ​អាថ៌កំបាំង​ដែល​ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅ និង​ធ្វើអោយ​ក្រុម​លោក ហង់​រី មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​រចនាបទ ជាពិសេស​គឺ​បច្ចេកទេស​នៃ​ការកសាង​ប្រាសាទ​ដែល​មិនគួរ​អោយ​ជឿថា​អាច​កើត​មានបាន​ដោយសារ​ស្នាដៃ​មនុស្សលោក ។

​បារមី​នៃ​ដួងព្រលឹង​របស់ អប្សរា មួយ​ដួង​បាន​និមិត្ត​មកជួប​លោក ហង់​រី និង​បាន​នាំ​អារម្មណ៍​របស់លោក ហង់​រី ទៅកាន់​ឋាន​នៃ​បុព្វកាល​ដើម្បី​បានឃើញ​ពី​អរិយ​ធ​មី​ខ្មែរ​នា​សម័យ​នោះ ជាពិសេស​គឺ​ការកសាង​ប្រាសាទអង្គរវត្ត នា​សម័យ​ព្រះបាទ សូរិយា​វរ្ម័នទី​២ ។

​មុននឹង​បែក​ពី​នាង​អប្សរា និង​វិលត្រឡប់​មកកាន់​ភព​ដើម​វិញ លោក ហង់​រី បាន​យល់ព្រម​តាម​សំណើរ​របស់​នាង​អប្សរា​ក្នុងការ​ផ្សព្វផ្សាយ​ពី​អច្ឆរិយ​អង្គរ​ទៅកាន់​ពី​លោក​អោយគេ​បាន​ស្គាល់​។ អង្គរវត្ត ត្រូវបាន​ល្បីល្បាញ​នៅក្នុង​ឆាក​អន្តរជាតិ ដែល​បាន​ទាញ​ស្រូបយក​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​យ៉ាង​ច្រើនឡើងៗ ជាពិសេស​នៅក្នុង​បច្ចុប្បន្នកាល ៕


Tag:
 ភាពយន្ត​
 ​ល្ខោន​
 ​អច្ឆរិយ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com