ជាតិ
បោះឆ្នោត
លោក ញឹក ប៊ុនឆៃ ជំរុញ​ឲ្យ​ពលរដ្ឋ ទៅ​បោះឆ្នោត ដើម្បី​បំពេញ​សិទ្ធិ​ជា​ម្ចាស់​អំណាច
31, May 2018 , 8:39 am        
រូបភាព
លោក ញឹក ប៊ុនឆៃ ស្ថាបនិកគណបក្សខ្មែររួបរួមជាតិ កាលពីឃោសនាបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២0១៧។ រូបពីទំព័រហ្វេសបុករបស់លោក ញឹក ប៊ុនឆៃ
លោក ញឹក ប៊ុនឆៃ ស្ថាបនិកគណបក្សខ្មែររួបរួមជាតិ កាលពីឃោសនាបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២0១៧។ រូបពីទំព័រហ្វេសបុករបស់លោក ញឹក ប៊ុនឆៃ
ដោយ: ថ្មីៗ
​លោក ញឹក ប៊ុនឆៃ ស្ថាបនិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ខាងមុខ​ទំនង​ក្លាយជា​ប្រធាន​គណបក្ស​នេះ​វិញ ចាត់ទុក​ការ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ ថា​ជាការ​បំពេញ​តួនាទី​ក្នុងនាម​ជា​ម្ចាស់​អំណាច ក្នុងសង្គម​ប្រជាធិបតេយ្យ​។​


 
​លោក ញឹក ប៊ុនឆៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​បោះឆ្នោត​ដើម្បី​បំពេញ​សិទ្ធិ ជា​ម្ចាស់​អំណាច ម្ចាស់​ប្រទេស ម្ចាស់​អ្នកនយោបាយ និង​ជា​អ្នក​តម្រង់ទិស អ្នកដឹកនាំ​នយោបាយ ឲ្យ​ដើរ​លើ​មាគ៌ា​ត្រឹមត្រូវ លើកស្ទួយ​ផលប្រយោជន៍​ជាតិ នាំ​នាវា​កម្ពុជា ឆ្ពោះទៅកាន់​ភាពសុខសាន្ត រុងរឿង រីកចម្រើន ស្មើមុខ ស្មើភាព​គ្នា ជាមួយ​ប្រទេស​ទាំងអស់​នៅក្នុង​សាកលលោក​»​។​

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២0១៩ ខែកក្កដា ឆ្នាំ​២0១៨​។ លោក ញឹក ប៊ុនឆៃ បាន​សរសេរ​យ៉ាង​ដូច្នេះ​ទៀតថា​៖«​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​លំដាប់​លេខ​រៀង​ទី​១ ដែល​ស្ថិតនៅ​លេខ​រៀង​នាំមុខគេ​បង្អស់​នៅក្នុង​សន្លឹកឆ្នោត​។ លេខ​រៀង​ទី​១ គឺ​ល្អ ត្រង់​ងាយ​ចាំ ងាយ​គូស ហើយ​វា​ក៏​ជា គោលដៅ​ធំ​បំផុត ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវការ​»​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​ពិធី​ចាប់ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត ដែលមាន​សម្តេច​សង្ឃ​ទាំងពីរ​គណៈ ជា​អ្នក​ចាប់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​។ 

​បើតាម​លទ្ធផល​នៃ​ការចាប់​លេខ​រៀង គណបក្ស​មាតុភូមិ​យើង លេខ​រៀង​ទី​២ គណបក្ស​ពន្លឺ​ថ្មី លេខ​រៀង​ទី​៣ គណបក្ស​សញ្ជាតិ​កម្ពុជា លេខ​រៀង​ទី​៤ គណបក្ស​ខ្មែរ​ក្រោក លេខ​រៀង​ទី​៥ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៦ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លេខ​រៀង​ទី​៧ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៨ គណបក្ស​រស្មី​ខេមរា លេខ​រៀង​ទី​៩ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លេខ​រៀង​ទី​១០ គណបក្ស​ខ្មែរ​សាធារណរដ្ឋ លេខ​រៀង​ទី​១១ គណបក្ស​ខ្មែរ​ឈប់​ក្រ លេខ​រៀង​ទី​១២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​រៀង​ទី​១៣ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លេខ​រៀង​ទី​១៤ គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​១៥ គណបក្ស​ធម្មាធិបតេយ្យ លេខ​រៀង​ទី​១៦ គណបក្ស​ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី​១៧ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា លេខ​រៀង​ទី​១៨ គណបក្ស​ខ្មែរ​តែមួយ លេខ​រៀង​ទី​១៩ និង​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០៕


Tag:
 បោះឆ្នោត​
  ញឹក ប៊ុនឆៃ​
© រក្សាសិទ្ធិដោយ thmeythmey.com