ជាតិ
បោះឆ្នោត
សម្តេច ហ៊ុន សែន​៖ អ្នក​អាច​ជាប់គុក បើ​យក​ថ្នាំលាបសក់​មក​លាប​ម្រាម​ដៃ ដើម្បី​បន្លំ​ថា​ទៅ​បោះឆ្នោត​
31, May 2018 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
ត្រូវ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ និង​អាចជាប់ពន្ធនាគារ បើអ្នកណា មិន​ទៅ​បោះឆ្នោត ហើយ​បែរជាយក​ទឹក​ថ្នាំ​ខ្មៅ​ផ្សេងៗ ដូចជា​ទឹក​ថ្នាំលាបសក់ ជាដើម យកមក​លាប​ចង្អុលដៃ ដើម្បី​បន្លំ​ថា​បាន​ទៅ​បោះឆ្នោត។ នេះ​ជាការ​ព្រមាន​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។



​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍​មួយ​នៅ​ខេត្តបាត់ដំបង នៅព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ ប្រមុខ​រដ្ឋាភិបាល បានចាត់ទុក ការយក​ថ្នាំលាបសក់ មក​លាប​ចង្អុលដៃ​បែបនេះ ថា​ជា​ផែនការ ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​ការបោះឆ្នោត​។ ប្រធាន​គណបក្សកាន់អំណាច បានប្រកាស​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​កុំ​បង្កើត​ទោស​ព្រហ្មទណ្ឌ ទៅលើ​អ្វីដែល​អ្នក​ចង់​ធ្វើ​។ មាន​ផែនការ​ថា ថ្ងៃ​បោះឆ្នោត​អត់​ទៅ​បោះឆ្នោត​ទេ តែ​យក​ទឹក​ថ្នាំលាបសក់​យកមក​លាប​ដៃ​។ នេះ​ជាការ​បង្កើត​ទោស​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ការ​ក្លែងបន្លំ​»​។ 

​បន្ទាប់មក សម្តេច ហ៊ុន សែន ក៏​និយាយ​សំដៅទៅរ​កលោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នក​អប់រំ​ប្រជាជន​កម្ពុជា ឲ្យ​ត្រៀម​ធ្វើបែបនេះ​នៅ​ថ្ងៃ​បោះឆ្នោត​។ សម្តេច ហ៊ុន សែន បាន​ហៅ​ការឃោសនា​របស់លោក សម រង្ស៊ី ថា ដូចជា​រុញ​ប្រជាពលរដ្ឋ ឲ្យទៅ​ជាប់ពន្ធនាគារ​។

​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សង្កត់ធ្ងន់​បែបនេះ​ថា​៖«​អ្នកឯង [​លោក សម រង្ស៊ី​] ជាប់គុក ហើយ​រត់គេច​ពី​គុក ហើយ​មក​អប់រំ​អ្នក​ក្នុងស្រុក ឲ្យ​ជាប់គុក​តាម​ខ្លួន​។ អ្នក​កុំមក​ចង្អុល​ណែនាំ​អ្នក​ក្នុងស្រុក ឲ្យ​ជាប់គុក​ដោយសារតែ​ការបន្លំ​។  មិន​ទៅ​បោះឆ្នោត​អត់​ជាប់គុក​ទេ តែ​ធ្វើ​ផែនការ​បន្លំ គឺ​ជាប់គុក​។ ត្រូវ​ច្បា​ស់រឿង​ហ្នឹង កុំ​បង្កើត​កំហុស​»​។

​លោក សម រង្ស៊ី និង​ក្រុមប្រឆាំង ដែល​កំពុង​និរទេស បាន​អំពាវនាវ​កុំ​ឲ្យ​ជា​ពលរដ្ឋ​ទៅ​បោះឆ្នោត ដោយសារតែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី បានប្រកាស​ពី​ក្រៅប្រទេស​មក​ថា ប្រជាពលរដ្ឋ ត្រូវ​ធ្វើជា​ជាប់រវល់​នឹង​ការងារ​ផ្សេងៗ ដើម្បី​ធ្វើជា​លេស ក្នុង​ការមិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​និយាយទៀតថា ប្រសិនបើ​រង​ការគំរាមកំហែង​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ អាច​យក​ទឹក​ថ្នាំលាបសក់ មក​លាប​ចង្អុលដៃ ដើម្បី​បន្លំ​ថា បាន​ទៅ​បោះឆ្នោត​។ លោក បាន​បង្កើត​ពាក្យ​ថា «​ដេក​ផ្ទះ​ឈ្នះ​ឯង​»៕


Tag:
 បោះឆ្នោត​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com