កីឡាជាតិ
ជាតិ
កាយសម្ព័ន្ធ​បើក​វគ្គ​បច្ចេកទេស​អាជ្ញា​កណ្តាល​ចៅក្រម ដើម្បី​បញ្ចៀស​កំហុស​ក្នុងការ​ដាក់ពិន្ទុ​
31, May 2018 , 2:13 pm        
រូបភាព
ដោយ:
​ដើម្បី​ចៀង​វាង​កំហុស​កើតចេញពី​ការដាក់​ពិន្ទុ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដាក់ពិន្ទុ​ដល់​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម ដែល​ចូលរួម​កាត់ក្តី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំនេះ​។ អត្ត​ព​លិ​ក​ចំនួន​៦២​នាក់​មកពី​៥​ក្រសួង​រាជធានី​-​ខេត្ត ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពីថ្ងៃ​ទី​៣១ ឧសភា ដល់​ថ្ងៃទី​៤ មិថុនា នៅ​អគារ​កាយសម្ព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​



​កាលពី​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០១៨ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានរៀបចំ​វគ្គ​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម ដើម្បី​ផ្តល់​ទំនុក​និង​បង្កើន​ចំណេះដឹង​ផ្នែក​ដាក់ពិន្ទុ​ដល់​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម ដែល​ចូលរួម​កាត់ក្តី​ក្នុងការ​ប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បញ្ចៀស​កំហុស​កើតចេញពី​ការដាក់​ពិន្ទុ ពិសេស​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​កីឡាករ​កីឡាការិនី​។​

«​យើង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​មានការ​យល់ដឹង​កាន់តែច្បាស់​ពី​ការដាក់​ពិនិត្យ​ក្នុងការ​ប្រកួត​កីឡា​ជាតិ​។ ម្យ៉ាងទៀត យើង​ទើប​ជាប់​ជា​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​កាលពីពេល​ថ្មីៗ​នៅ​ប្រទេស​ជប៉ុន​ផង ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ឲ្យ​ពួកគាត់​មានចំណេះដឹង និង​ទំនុកចិត្ត​ក្នុងការ​ដាក់ពិន្ទុ ដើម្បី​ចៀង​វាង​កំហុស​ក្នុង​ការប្រកួត​កីឡា​ជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​។



​ទន្ទឹមនឹងនេះ លោក​ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​ទាំងអស់​កាត់ក្តី និង​ដាក់ពិន្ទុ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ចៀសវាង​ការប្រើ​មនោសញ្ចេតនា​សិស្ស​-​គ្រូ​ក្នុងការ​ដាក់ពិន្ទុ​។ ជាមួយគ្នានេះ លោក​ប្រាប់​ឲ្យ​កីឡាករ​កីឡាការិនី​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​គោរព​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពិសេស​ត្រូវ​ទទួលស្គាល់​រាល់​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល​ចៅក្រម​។

​បើ​យោងតាម​លោក ណ​យ ផា​ណា ការប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក​ចំនួន​៦២​នាក់​មកពី​៥​ក្រសួង​រាជធានី​-​ខេត្ត​ចូលរួម ដោយ​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​១៣​ប្រភេទ​វិញ្ញាសា​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣១ ឧសភា ដល់​ថ្ងៃទី​៤ មិថុនា នៅ​ទីលាន​កាយសម្ព័ន្ធ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​៕   






Tag:
 កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com