ជាតិ
ភ្លៀងខ្លាំង៖ ផ្លូវទៅភ្នំឱរ៉ាល់មួយខ្សែ ខូចស្ទើរទាំងស្រុង ដែលកំពុងបង្កការលំបាកដល់ភ្ញៀវទេសចរ
× កំពង់ស្ពឺ៖ ផ្លូវឡើងទៅកាន់ភ្នំឱរ៉ាល់មួយខ្សែ បានខូចស្ទើរទាំងស្រុង ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ។ មកដល់ពេលនេះ ផ្លូវលំនៅក្នុងភូមិស្រែកិន១ ដែលរងការខូចខាតនេះ បានបង្កការលំបាកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឆ្លងកាត់។
ក្រោយភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យផ្លូវលំឡើងទៅកាន់ភ្នំឱរ៉ាល់មួយខ្សែ ខូចស្ទើរទាំងស្រុង ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន។ ផ្លូវលំមួយខ្សែរនោះ ស្ថិតនៅភូមិស្រែកិន១ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រោយពីផ្លូវដាច់ស្ទើរទាំងស្រុង ប្រជាពលរដ្ឋ និងអ្នកទេសចរមិនអាចធ្វើដំណើរឆ្លងកាត់ទៀតបានឡើយ ដោយសារចំណុចដាច់នោះ ជាដំណរលូបង្ហូរទឹកអូរ នៅសងខាងផ្លូវ ដូច្នេះបើប្រើផ្លូវវាង ទាល់តែវាងតាមទឹកអូរដែលនៅខាងក្រោម។
ប្រជាពលរដ្ឋរស់នៅភូមិស្រែកិន លោក ឈឺន ឆីម បានឲ្យដឹងថា ពេលនេះប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភខ្លាចមិនមានអាហារបរិភោគគ្រប់គ្រាន់ ព្រោះមិនមានផ្លូវដែលអាចធ្វើដំណើរឡើងទៅផ្សារបាន។ ម្យ៉ាងវិញទៀត លោកក៏មានការព្រួយបារម្ភ ពីការខកខានមិនបានទទួលភ្ញៀវទេសចរ ធ្វើដំណើរឡើងទៅលេងនៅភ្នំឱរ៉ាល់ ខណៈប្រជាពលរដ្ឋនៅក្បែរជើងភ្នំ ភាគច្រើនប្រកបរបរនាំភ្ញៀវទេសចរឡើងភ្នំ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឈឺន ឆីម បញ្ជាក់៖ «ពេលនេះខ្ញុំនិងអ្នកភូមិកំពុងបារម្ភ ព្រោះគ្មានផ្លូវឡើងទៅផ្សារទិញម្ហូបទេ។ ហើយភ្ញៀវគេត្រូវមកលេងភ្នំនៅថ្ងៃស្អែកដែរ មិនដឹងបានផ្លូវឯណាឲ្យភ្ញៀវបានឡើងមកដល់ភូមិនៅជើងភ្នំនោះទេ»។
ក្រោយទទួលបានព័ត៌មានពីការដាច់ផ្លូវនេះ អភិបាលរងខេត្តកំពង់ស្ពឺលោក សុខ ភា បានឲ្យក្រុមការងារថ្នាក់ស្រុក និងឃុំ ចុះអន្តរាគមន៍ ស្វែងរកមធ្យោបាយជួយសម្រួលដល់ការធ្វើដំណើរជាបណ្ដោះអាសន្នសិន។
លោក សុខ ភា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ «យើងបានទទួលព័ត៌មាននេះហើយ ហើយខាងស្រុក និងឃុំ ក៏នឹងចុះទៅមើលជាក់ស្ដែង ដើម្បីស្វែងរកមធ្យោបាយជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានលឿន»។
ជាការកត់សម្គាល់ផ្លូវលំក្នុងភូមិស្រែកិនមួយខ្សែ ដែលមានប្រវែងប្រមាណជាង១៥គីឡូម៉ែត្រ មានស្ថានភាពលំបាកខ្លាំង។ ជាក់ស្ដែងក្រុមការងាររបស់សារព័ត៌មានថ្មីៗ ដែលបានធ្វើដំណើរទៅដល់ជើងភ្នំឱរ៉ាល់ កាលពីខែមករាកន្លងមក ត្រូវចំណាយពេលជាង៣ម៉ោង ទើបទៅដល់ភូមិស្រែកិន នៅជិតជើងភ្នំឱរ៉ាល់។ បន្ថែមពីនេះ កុមារនៅទីនោះភាគច្រើនមិនបានទៅសិក្សា គឺដោយសារតែស្ថានភាពផ្លូវមានការលំបាក ហើយភ្ញៀវទេសចរទៅលេងទីនោះក៏រអ៊ូរទាំ ពីការលំបាកធ្វើដំណើរលើផ្លូវ ដែលមានប្រវែងប្រមាណជាង១៥គីឡូម៉ែត្រពីផ្លូវជាតិនេះដែរ៕
Tag:
ឈឺន ឆីម
ឱរ៉ាល់
Aoral
ដាច់ផ្លូវ
ភូមិស្រែកិន
© រក្សាសិទ្ធិដោយ thmeythmey.com