កីឡាជាតិ
ជាតិ
បឹងកេត​មិនទាន់មាន​កីឡាករ​ជំនួស​តំណែង បូរ៉ា​វី ដែល​ផ្ទេរ​ទៅកាន់​ក្លិប​ថៃ​នៅឡើយ​ទេ
01, Jun 2018 , 9:41 am        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ពោរពេញ​ដោយ​បទពិសោធន៍ ឃួន ឡា​បូ​រ៉ាវី បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​លំដាប់​ទី​៣​ថៃ Surat Thani ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។ ការចាកចេញ​របស់​កីឡាករ ឃួន ឡា​បូ​រ៉ាវី និង​មិត្ត​រួម​ក្រុម សុខ សុវណ្ណ ទៅកាន់​ក្លិប​វិសាខា បាន​ជះឥទ្ធិពល​សម្រាប់​បឹងកេត​ក្នុងការ​ប្រជែង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ មកទល់ពេលនេះ បឹងកេត​មិនទាន់​សម្លឹង​ឃើញ​កីឡាករ​មាន​សមត្ថភាព ដើម្បី​ជំនួស​តំណែង ឡា​បូ​រ៉ាវី នៅឡើយ​ទេ​។



​ក្រោយ​ការផ្ទេរ​កីឡាករ ឃួន ឡា​បូ​រ៉ាវី ទៅកាន់​ក្លិប​ក្របខណ្ឌ​លី​គ​ទី​៣​ថៃ Surat Thani ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង និង​ការចាកចេញ​របស់​ខ្សែការពារ សុខ សុវណ្ណ ទៅកាន់​ក្លិប​ចំណូល​ថ្មី​វិសាខា បឹងកេត​មិនទាន់​សម្លឹង​ឃើញ​កីឡាករ​មាន​សមត្ថភាព​រូប​ណា ដើម្បី​ជំនួស​តំណែង​នេះ​នៅឡើយ​ទេ​។  ការបាត់បង់​កីឡាករ​ឆ្នើម​ទាំង​ពីររូប​ក្នុងពេល​តែមួយ បានធ្វើ​ឲ្យ​គ្រូបង្វឹក​បឹងកេត​មាន​ក្តីកង្វល់​យ៉ាងខ្លាំង​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជា​។

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Thmey Thmey លោក ហៅ សុជាតិ បានបង្ហាញ​ក្តីកង្វល់​យ៉ាង​ដូច្នេះ​ថា​៖«​ការចាកចេញ​របស់ ឡា​បូ​រ៉ាវី វា​មាន​ផលប៉ះពាល់​តិចតួច​សម្រាប់​ការប្រកួត​លី​គ តែបើ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប៉ះពាល់​ខ្លាំង​សម្រាប់​យើង​។ បើ​យើង​មើល​ពី​គុណភាព​របស់​កីឡាករ​ខ្មែរ​ក្នុង​ក្រុម​បឹងកេត យើង​ឃើញ ឡា​បូ​រ៉ាវី មាន​បទពិសោធ​ច្រើន និង​ល្អ​ជាងគេ​»​។​



​បឹងកេត​មិន​សម្លឹង​ឃើញ​កីឡាករ​កម្ពុ​ជាថ្មី​ក្នុង​ក្រុម​បឹងកេត ដើម្បី​ជំនួស​តំណែង​កីឡាករ ឃួន ឡា​បូ​រ៉ាវី នៅឡើយ​ទេ​។ ពាក់ព័ន្ធ​បញ្ហា​នេះ គ្រូបង្វឹក​បឹងកេត​អះអាងថា លោក​នឹង​ខិតខំ​អភិវឌ្ឍន៍​យុវជន​ថ្នាល ដើម្បី​មក​ជំនួស​កន្លែង​មួយ​នេះ​។ «​នៅ​តំបន់​ការពារ​យើង​អាច​កីឡាករ​ដើម្បី​ជំនួស សុខ សុវណ្ណ តែបើ​ប្រយុទ្ធ​ខ្ញុំ​មិន​សម្លឹង​ឃើញ​អ្នកណា​ល្អ​ជាង ឃួន ឡា​បូ​រ៉ាវី នោះទេ​។ ចំពោះ​ពានរង្វាន់​សម្តេច ហ៊ុន សែន ខ្ញុំ​នឹង​ព្យាយាម​ប្រើ​យុវជន​ថ្នាល ដើម្បី​ផ្តល់​បទពិសោធ​ដល់​ពួកគាត់​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព​»​។ នេះ​ជាការ​បញ្ចាក់​របស់លោក ហៅ សុជាតិ ដែល​លោក​បាន​បន្ថែមថា បឹងកេត​មិនទាន់មាន​គម្រោង​នាំចូល​កីឡាករ​ថ្មី ដើម្បី​ជំនួស​កីឡាករ​ដែល​ចាកចេញ​នៅឡើយ​ទេ​។ សម្រាប់​ការដោះដូរ​កីឡាករ​ក្នុង​ជើង​ទី​២​នេះ ក្លិប​នីមួយៗ​អាច​ប្តូរ​កីឡាករ​កម្ពុជា​បានតែ​៣​រូប​នោះទេ​។

​ទោះបី​ការផ្ទេរ​នេះ ឃួន ឡា​បូ​រ៉ាវី ទៅលេង​ឲ្យ​ក្លិប​ក្របខណ្ឌ​ទី​៣​របស់​ថៃ​ក៏ដោយ តែ​លោក ហៅ សុជាតិ យល់ថា វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់ ឡា​បូ​រ៉ាវី ដែល​ជោគជាំ​ដោយ​បទពិសោធ​បាល់ទាត់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​។ គ្រូបង្វឹក​បឹងកេត​រូបនេះ​អះអាងថា សមត្ថភាព​ក្លិប​ក្របខណ្ឌ​ទី​៣​ថៃ ដែល ឡា​បូ​រ៉ាវី ទៅ​រួមរស់​នេះ​មិន​ចាញ់​លី​គ​កំពូល​កម្ពុជា​ប៉ុន្មាន​នោះទេ​។

​សម្រាប់​ការចំណាយ​ពេល​៤​ឆ្នាំ​ពី​ឆ្នាំ​២០១៤-២០១៧ រួមរស់​ជាមួយ​ក្លិប​បឹងកេត កីឡាករ ឃួន ឡា​បូ​រ៉ាវី បាន​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​លី​គ​កំពូល​ចំនួន​២​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៦ និង ២០១៧​។ កីឡាករ ឃួន ឡា​បូ​រ៉ាវី ជា​អតីត​កីឡាករ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​រូបគេ​បាន​ចំណាយពេល​រួមរស់​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤ ហើយ​បាន​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​លី​គ​កំពូល​កម្ពុជា​ម្តង​នៅ​ឆ្នាំ​២០១៣​។ បច្ចុប្បន្ន ឃួន ឡា​បូ​រ៉ាវី មាន​អាយុ​៣០​ឆ្នាំ​៕ 



Tag:
 បាល់ទាត់​
  ឃួន ឡា​បូ​រ៉ាវី​
  បឹងកេត​
  Surat Thani
© រក្សាសិទ្ធិដោយ thmeythmey.com