ក្រុមចំណូលថ្មីវិសាខា ដែលទើបចុះកិច្ចសន្យានាំចូលខ្សែប្រយុទ្ធ កែវ សុខផេង និងខ្សែការពារ សុខ សុវណ្ណ ត្រូវប្រជែងតទល់ជាមួយក្រុមកំពូលតារាងណាហ្គាវើល សម្រាប់ជំនួបសប្តាហ៍ទី៨ពានរង្វាន់លីគកំពូល នាម៉ោង៦ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅកីឡដ្ឋានស្តាតចាស់។ នៅស្តាតចាស់នេះដែរ បឹងកេតត្រូវតតាំងជាមួយអង្គរថាយហ្គឺរ នាវេលាម៉ោង៣រសៀល ខណៈម្ចាស់ផ្ទះអាស៊ីអឺរ៉ុបស្វាគមន៍អគ្គស្នងការនគរបាលជាតិ។
កាលពីថ្ងៃទី៣០ ខែឧសភា ក្លិបវិសាខាបានចុះកិច្ចសន្យានាំចូលកីឡាករ កែវ សុខផេង អតីតខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន និងកីឡាករ សុខ សុវណ្ណ អតីតខ្សែការពារបឹងកេត ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកពានរង្វាន់លីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន។ នាម៉ោង៦ល្ងាចថ្ងៃទី២ ខែមិថុនានេះ វិសាខាត្រូវប្រជែងជាមួយណាហ្គាវើល សម្រាប់ជំនួបសប្តាហ៍ទី៨នៃពានរង្វាន់លីគកំពូលកម្ពុជានៅកីឡដ្ឋានស្តាតចាស់។ ប៉ុន្តែមិនមានវត្តមានកីឡាករ កែវ សុខផេង និង សុខ សុវណ្ណ ក្នុងក្រុមវិសាខានោះទេ ដោយសាររដូវកាលដោះដូរកីឡាករមិនទាន់ត្រូវបានអនុញ្ញាត។
បច្ចុប្បន្នវិសាខាឈរលេខរៀងទី៣មាន១៣ពិន្ទុ រីឯណាហ្គាវើលឈរកំពូលតារាងមាន១៩ពិន្ទុ។ សម្រាប់ជំនួបសប្តាហ៍មុនវិសាខាបានប្រកួតចាញ់ក្រុមអគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ៣-១ ខណៈណាហ្គាវើលយកឈ្នះក្រសួងការពារជាតិក្នុងលទ្ធផល ២-០។ នាការប្រកួតសប្តាហ៍ទី៦កន្លងទៅ វិសាខាក៏បានយកឈ្នះក្រសួងការពារក្នុងលទ្ធផល ២-០ ដូចគ្នា។
មុនមករួមរស់ជាមួយវិសាខាខ្សែប្រយុទ្ធ កែវ សុខផេង បានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ី PKNP F.C សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។ ប៉ុន្តែរូបគេត្រូវបានក្លិបនេះ បញ្ចប់កិច្ចសន្យាមុនកាលកំណត់ ក្រោយរួមរស់ជាមួយគ្នាប្រមាណ៣ខែ ក្រោមហេតុផលធ្វើមិនបានដូចការរំពឹងទុករបស់ក្លិប។ សម្រាប់ការប្រកបអាជីពនៅម៉ាឡេស៊ី សុខផេង សម្រេចបានមួយគ្រាប់សម្រាប់ PKNP F.C ដើម្បីក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលអាចរកគ្រាប់បាល់ក្នុងក្របខណ្ឌកំពូលម៉ាឡេស៊ី។
មុនផ្ទេរទៅកាន់ម៉ាឡេស៊ីខ្សែប្រយុទ្ធ កែវ សុខផេង បានចំណាយពេលរួមរស់ជាមួយក្លិបភ្នំពេញពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧។ រូបគេបានជួយឲ្យភ្នំពេញក្រោនលើកពានក្របខណ្ឌមិត្តហ្វូលខេមបូឌានលីគម្តងកាលពីឆ្នាំ២០១៥។ ពីឆ្នាំ២០១២-២០១៥ សុខផេង បានជ្រកក្រោមដំបូលក្លិបរបស់បឹងកេត និងបានជួយឲ្យក្រុមនេះលើកពានលីគកំពូលកម្ពុជានៅឆ្នាំ២០១២។ សម្រាប់ការរួមរស់៤ឆ្នាំជាមួយបឹងកេត សុខផេង រកគ្រាប់បាល់បានចំនួន២១គ្រាប់។
ដោយឡែក ខ្សែការពារ សុខ សុវណ្ណ មុនចូលរួមជាមួយវិសាខាបានរួមរស់ជាមួយបឹងកេតពីឆ្នាំ២០១៣-២០១៧ ដោយបានជួយឲ្យក្រុមនេះលើកពានលីគកំពូលកម្ពុជាបានពីរលើកនៅឆ្នាំ២០១៦, ២០១៧។ មុនមករួមរស់ជាមួយបឹងកេត សុវណ្ណ ធ្លាប់លេងឲ្យក្លិបភ្នំពេញក្រោនពីឆ្នាំ២០០៧-២០១៣ ដោយបានជួយឲ្យក្រុមលើកពានលីគកំពូលបាន៥លើកនៅឆ្នាំ២០០៨, ២០១០, ២០១១, ២០១៤ និង២០១៥។
កីឡដ្ឋានស្តាតចាស់ក៏ជាទីតាំងកាត់សេចក្តីជំនួបរវាងក្រុមបឹងកេតជាមួយអង្គរថាយហ្គឺរនាវេលាម៉ោង៣រសៀលនេះផងដែរ។ បឹងកេតឈរលេខរៀងទី២មាន១៧ពិន្ទុក្រោយស្មើ ១-១ ជាមួយអគ្គិសនីកម្ពុជានាជំនួបសប្តាហ៍មុន។ រីឯអង្គរថាយហ្គឺរឈរលេខរៀងទី៧មាន១០ពិន្ទុ បន្ទាប់ពីបានយកឈ្នះវេស្ទើនភ្នំពេញក្នុងលទ្ធផល ២-០។
នាម៉ោង៣រសៀលនេះដែរ ក្រុមអាស៊ីអឺរ៉ុបដែលយកស្មើ ១-១ ជាមួយភ្នំពេញក្រោនសប្តាហ៍មុន ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិ ដែលយកឈ្នះវិសាខា ៣-១។ បច្ចុប្បន្នអាស៊ីអឺរ៉ុបឈរលេខរៀងទី៨មាន៨ពិន្ទុ រីឯអគ្គស្នងការនគរបាលជាតិឈរលេខរៀងទី៤មាន១៣ពិន្ទុ៕