ពីនេះ ពីនោះ
ត្រីក្លាំងហាយ ឆ្លងកាត់ល្បាក់ខោន ទៅទន្លេមេគង្គលើក្នុងប្រទេសឡាវ នាខែមិថុនា-កក្កដា រូបភាព៖ អ៊ីម សេដ្ឋា
× ត្រីក្លាំងហាយ មានឈ្មោះវិទ្យាសាស្ត្រ (Belodontichthys truncatus) ជាប្រភេទត្រីទឹកសាបឥតស្រកាមួយប្រភេទដែលរស់នៅក្នុងទន្លេធំៗ ដែលមានទឹកហូរ និងជម្រៅទឹកជ្រៅ ក្នុងទន្លេមេគង្គ ជាពិសេសនៅខេត្តស្ទឹងត្រែង និងផ្នែកខាងលើជាប់ព្រំដែនកម្ពុជា-ឡាវ។ ត្រីក្លាំងហាយស៊ីកំពឹស ក្តាម ខ្យង ជាពិសេសត្រីល្អិតៗ នៅផ្នែកផ្ទៃទឹកខាងលើជាអាហារ។ ពួកវាធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើទន្លេមេគង្គក្នុងប្រទេសឡាវ ដោយឆ្លងកាត់ល្បាក់ខោន នាខែមិថុនា និងកក្កដា។ ចាប់ពីខែកក្កដា ដល់ខែតុលា ត្រីក្លាំងហាយចាប់ផ្តើមចូលទៅក្នុងព្រៃលិចទឹកដើម្បីពង-កូន។ ក្នុងខែមិថុនា ត្រីក្លាំងហាយច្រើនតែមានពងពេញពោះ។ វាស៊ីពពួកត្រីមានស្រកាតូចៗ ដូចជាត្រីរៀល ត្រីលេញជាដើមជាអាហារ។
ត្រីក្លាំងហាយ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
ដោយ៖ Chhut Chheana / USAID Wonders of the Mekong
© រក្សាសិទ្ធិដោយ thmeythmey.com