កីឡាជាតិ
ជាតិ
រស់ សំអឿន ជួយវិសាខាយកឈ្នះណាហ្គាវើល និងរួមចំណែកជួយបឹងកេតឈរកំពូលតារាង
× ក្រុមចំណូលថ្មីវិសាខាបានយកឈ្នះក្រុមណាហ្គាវើលក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាសប្តាហ៍ទី៨ ដោយមានការរួមចំណែកពីខ្សែការពារ រស់ សំអឿន ចំនួនពីរគ្រាប់។ ជ័យជម្នះរបស់វិសាខានេះ បានរួមចំណែកជួយឲ្យបឹងកេត ដែលយកឈ្នះអង្គរថាយហ្គឺរ ៤-០ ឡើងឈរកំពូលតារាងបណ្តោះអាសន្នមាន២០ពិន្ទុ។ ម្ចាស់ផ្ទះអាស៊ីអឺរ៉ុបបានត្រឹមស្មើក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ១-១។
ខ្សែការពារ រស់ សំអឿន សម្រេចបានពីរគ្រាប់ម្នាក់ឯង ដើម្បីរួមចំណែកជួយឲ្យក្រុមចំណូលថ្មីវិសាខាយកឈ្នះក្រុមណាហ្គាវើលក្នុងលទ្ធផល ៣-០ ខណៈមួយគ្រាប់ទៀតសម្រេចដោយខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង។ ជ័យជម្នះរបស់វិសាខា បានធ្វើឲ្យក្រុមឈរកំពូលតារាងសប្តាហ៍ទី៧ណាហ្គាវើលស្គាល់បរាជ័យជាលើកដំបូង។
នាការប្រកួតកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅកីឡដ្ឋានស្តាតចាស់ ខ្សែការពារ រស់ សំអឿន បានស៊ុតបាល់ពីចម្ងាយ បំប៉ោងសំណាញ់ទីណាហ្គាវើលយ៉ាងល្អ ដើម្បីជួយឲ្យក្រុមវិសាខានាំមុខ ១-០ នៅនាទីទី២២។ ឱកាសមាសបែបនេះបានកើតឡើងម្តងទៀតនៅនាទីទី៥៤ បន្ទាប់ពីអ្នកចាំទីណាហ្គាវើល សំរឹទ្ធ សីហា បានបង្កកំហុសតាមរយៈការបោកបាល់ឲ្យ រស់ សំអឿន សម្រេចគ្រាប់ទី២យ៉ាងស្រួលសម្រាប់វិសាខា។ បន្ទាប់មកនៅនាទីទី៨៤ខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង បានសម្រេចគ្រាប់ទី៣ ដែលជាគ្រាប់ជ័យជម្នះ ៣-០ សម្រាប់វិសាខា។
ជ័យជម្នះរបស់ក្រុមវិសាខា ក៏បានរួមចំណែកជួយឲ្យបឹងកេត ដែលយកឈ្នះអង្គរថាយហ្គឺរ ៤-០ ឡើងឈរកំពូលតារាងបណ្តោះអាសន្នមាន២០ពិន្ទុ ប្រចាំសប្តាហ៍ទី៨នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងជ័យជម្នះ ៤-០ របស់បឹងកេតមិនមានគ្រាប់បាល់រួមចំណែកពីកីឡាករកម្ពុជានោះទេ។ ក្នុងនោះខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esoh Paul Omogba បានសម្រេចគ្រាប់បាល់នាំមុខ ១-០ សម្រាប់បឹងកេតនៅនាទីទី៤៥។
នៅនាទីទី៦៩ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bgenga Samuel Ajayi បានគ្រាប់ទី២សម្រាប់បឹងកេត។ បន្ទាប់មកខ្សែប្រយុទ្ធប្រេស៊ីល Maycon Rogerio Silva Calijuri រកបានពីរគ្រាប់បន្ថែមជាបន្តបន្ទាប់នៅនាទីទី៧២, ៧៩ ដើម្បីនាំជ័យជម្នះ ៤-០ សម្រាប់បឹងកេតតែម្តង។
នាការប្រកួតនៅកីឡដ្ឋានអាស៊ីអឺរ៉ុប ម្ចាស់ផ្ទះអាស៊ីអឺរ៉ុបបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិ។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Befolo Mbarga Jean Marie Privat សម្រេចគ្រាប់បាល់សម្រាប់ម្ចាស់ផ្ទះ ខណៈកីឡាករ នួន បូរី សម្រេចគ្រាប់បាល់សម្រាប់ភ្ញៀវអគ្គស្នងការនគរបាលជាតិ៕
Tag:
Cambodian League 2018
រស់ សំអឿន
វិសាខា
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com