កីឡាជាតិ
ជាតិ
ស្វាយរៀង​ត្រូវការ​ឈ្នះ​ទ័ព​ល្ងាច​នេះ ដើម្បី​ប្រជែង​ដណ្តើម​លេខ​៤​ជាមួយ​ភ្នំពេញ​ក្រោ​ន​
03, Jun 2018 , 2:19 pm        
រូបភាព
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​)​សម្រាប់​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​ក្របខណ្ឌ​កំពូល​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ចំណែក​ក្រុម​មិនដែល​ឈ្នះ​សោះ​វេ​ស្ទើ​ន​ភ្នំពេញ​ស្វាគមន៍​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​នា​ម៉ោង​៣​រសៀល ខណៈ​អគ្គិសនី​តតាំង​ជាមួយ​សូល​ទី​ឡូ​អង្គរ​។

 
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ឈ្នះ​ក្រសួងការពារជាតិ នា​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅលើ​ទឹកដី​របស់​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ដើម្បី​ប្រជែង​ដណ្តើម​ឈរ​លេខ​រៀង​ទី​៤​ប្រចាំ​សប្តាហ៍​ទី​៨​ជាមួយ​ភ្នំពេញ​ក្រោ​ន​។ ការប្រកួត​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង​និង​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ ព្រោះ​ក្រសួងការពារជាតិ​ក៏ត្រូវ​ការ​ឈ្នះ​ដូចគ្នា ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ ក្រោយ​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា ក្រោម​ថ្វី​ជើង​បឹងកេត វិសាខា និង​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ២-០ ដូចគ្នា​។ 
 
​បច្ចុប្បន្ន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈរ​លេខ​រៀង​ទី​៥ ខណៈ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​ទី​៦​មាន​១១​ពិន្ទុ​ដូចគ្នា​។ យ៉ាងណាមិញ​ភ្នំពេញ​ក្រោ​ន​អាចមាន​ភាគរយៈ​ឈ្នះ​គូប្រជែង​នៅថ្ងៃនេះ​ខ្ពស់ជាង ព្រោះ​ក្រុម​នេះ​ជួប​ជាមួយ​ក្រុម​មិនដែល​ស្គាល់​ជ័យជម្នះ​វេ​ស្ទើ​ន​ភ្នំពេញ​។ ភ្នំពេញ​ក្រោ​ន​ត្រូវ​តទល់​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​នា​ម៉ោង​៣​រសៀល​ថ្ងៃអាទិត្យ​នេះ នា​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​ក្រុម​សូល​ទី​ឡូ​អង្គរ​ត្រូវការ​ឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​ដាច់ខាត ដើម្បី​គេចចេញ​ពី​តំបន់​ត្រូវ​កាត់​ចេញពី​ក្របខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៣​រសៀល​នេះ​។ បច្ចុប្បន្ន​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​១០​មាន​៤​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​១១​មាន​៤​ពិន្ទុ​ដូចគ្នា​៕   
 

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com