ជាតិ
ទិវាមច្ឆាជាតិឆ្នាំនេះ គ្រោងធ្វើនៅកសិន្ធុអង្គរវត្ត
× សៀមរាប៖
ទិវាមច្ឆាជាតិ ១ កក្កដា នៅឆ្នាំនេះនឹងរៀបចំធ្វើនៅកសិន្ធុអង្គរវត្ត។ តាមគម្រោងអ្នករៀបចំកម្មវិធី គឺគ្រោងនឹងព្រលែងមេត្រីពូជ កូនត្រីប្រមាណមួយលានក្បាល រួមនឹងសត្វកន្ធាយ និងអណ្តើកផងដែរ។
មេពូជត្រី កូនត្រី និងសត្វកម្រមានកន្ធាយ និងអណ្តើតជាដើមប្រមាណមួយលានក្បាល គ្រោងលែងក្នុងកសិន្ធុអង្គរវត្ត នាទិវាមច្ឆាជាតិ ១ កក្កដានៅឆ្នាំនេះ។ តាមអ្នករៀបចំកម្មវិធី ទិវាមច្ឆាជាតិនៅឆ្នាំនេះ ធ្វើឡើងនៅបរិវេណមុខប្រាសាទអង្គរវត្ត ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុននាយករដ្ឋមន្ត្រី។
នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំទិវាមច្ឆាជាតិនៅរសៀលថ្ងៃទី២៨ ឧសភា នៅសាលាខេត្តសៀមរាប លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានលើកឡើងថា ក្នុងកម្មវិធីនេះ គ្រោងមានអ្នកចូលរួមប្រមាណ ៧០០០នាក់។ លោក អេង ជាសាន មិនបានបញ្ជាក់ពីមូលហេតុដែលយកកសិន្ទុអង្គរវត្តសម្រាប់រៀបចំទិវានេះទេ ដោយលោកគ្រាន់តែប្រាប់អង្គប្រជុំថា ការព្រលែងត្រី នឹងអាចសម្អាតទឹកក្នុងកសិន្ធុបានមួយផ្នែកធំ។
អ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី សំរិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មការរៀបចំទិវាមច្ឆាជាតិ និងប្រជុំដើម្បីរៀបចំកម្លាំងថែរក្សាសណ្ដាប់ធ្នាប់នៅកន្លែងប្រារព្ធពិធី ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីដំណើរការដោយរលូន៕
© រក្សាសិទ្ធិដោយ thmeythmey.com