ជាតិ
រថយន្ត
អ្នករត់រ៉ឺម៉កកង់បី ត្អួញបាត់ចំណូលក្នុងខែខ្សត់ភ្ញៀវ
× សៀមរាប៖ ជាទូទៅនៅខេត្តសៀមរាប គេបែងចែកជាពីររដូវ គឺខែសម្បូរភ្ញៀវ ដែលគេនិយមហៅ High Season និង Low Season សំដៅដល់រដូវកាលភ្លៀងធ្លាក់ ដែលខ្សត់ភ្ញៀវដើរ។ មិនថាអាជីវកម្មអ្វីឡើយនៅខេត្តសៀមរាប សម្រាប់ខែខ្សត់ភ្ញៀវតែងមានផលប៉ះពាល់តិច ឬច្រើន។ តួយ៉ាង អ្នករត់រ៉ឺម៉កកង់បី ដែលជារបរពឹងអាស្រ័យលើភ្ញៀវទេសចរ បានត្អូញត្អែរខ្លះៗដែរពីបញ្ហានេះ ដោយពួកគេបានបាត់ចំណូលមួយចំនួនធំ ក្នុងការងារប្រចាំថ្ងៃមួយនេះ។
សឹងគ្រប់ទីកន្លែង គេឃើញមានវត្តមានរ៉ឺម៉កកង់បី ដែលជាយានជំនិះសម្រាប់ដឹកជញ្ជូន ពិសេសពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដើរមើលប្រាសាទពីមួយទៅមួយ។ អ្នករត់រ៉ឺម៉កខ្លះ ដឹកចល័ត មានន័យថា ពួកគេដឹកពីម៉ូយមួយទៅមួយ មិនរើសកន្លែង ចំណែកមួយទៀត គឺអ្នករត់រ៉ឺម៉កប្រចាំនៅសណ្ឋាគារ ឬភោជនីយដ្ឋាន គឺសម្រាប់ដឹកភ្ញៀវកន្លែងនោះតែប៉ុណ្ណោះ។ អ្នករត់រ៉ឺម៉កប្រចាំកន្លែងបែបនេះ គឺពួកគេត្រូវបង់សេវាប្រចាំខែដល់សណ្ឋាគារ ឬភោជនីយដ្ឋាននោះក្នុងតម្លៃណាមួយ ទើបអាចដឹកភ្ញៀវនៅកន្លែងនោះបាន។
សម្រាប់ខែខ្សត់ភ្ញៀវនេះ វាបានប៉ះពាល់ខ្លះៗ ដល់អ្នករត់រ៉ឺម៉កចល័ត តែប៉ះពាល់ខ្លាំងដល់អ្នករត់ប្រចាំកន្លែង។ លោក សៀ ដែលកំពុងអង្គុយលើរ៉ឺម៉ក មុខសណ្ឋាគារដែលជាកន្លែងប្រចាំរបស់លោកបាននិយាយថា ខែនេះ មិនសូវសម្បូរភ្ញៀវដឹកទេ ហើយថ្ងៃខ្លះក៏គ្មានភ្ញៀវផង។ លោកបន្ថែមថា លោកដឹកភ្ញៀវប្រចាំ ស៊ីក្លូអង្គរ បូទិក រយៈពេល៣ឆ្នាំមកហើយ និងបានរកចំណូលគួរសមសម្រាប់គ្រួសារ។ «រត់មិនទៀងទេ ខែសម្បូរភ្ញៀវ អាចដឹកបានមួយជើងទៅបីជើង តែខែនេះ (ខ្សត់ភ្ញៀវ) អត់មាន ដោយសារជាខែ Low season មានខ្យល់ ភ្លៀងផង»។ នេះជាការពន្យល់បន្ថែមរបស់លោក សៀ។
ងាកទៅមើលបុរសម្នាក់ទៀត ដែលកំពុងឈប់រ៉ឺម៉ករបស់លោក នៅលើផ្លូវហ្សាលដឺហ្គោល មុខរោងកុនបារាយណ៍អណ្ដែត។ លោក ប្រុស មានអាជីពនេះរយៈពេល៧ឆ្នាំមកហើយ។ សម្រាប់ខែនេះ លោកទំនេរច្រើន ពីមុខរបរដឹកភ្ញៀវទេសចរ ដែលធ្វើឱ្យលោកត្រូវឆ្លៀតចាំដឹកម៉ូយខ្លះ ដែលត្រូវទៅផ្សារ ឬដឹកអីវ៉ាន់ជាដើម។ យ៉ាងណាក៏ដោយ ទោះរអ៊ូពីការបាត់ចំណូលចូលគ្រួសារ តែលោកថានៅមានប្រពន្ធលក់ដូរបន្ដិចបន្តួច អាចទប់ទល់កូនកំពុងរៀន៣នាក់បាន។ ជាមួយគ្នានេះ លោក ប្រុស ក៏បានបង្ហាញអារម្មណ៍បារម្ភចំពោះវត្តមានកង់បីឥណ្ឌាផងដែរ។ លោកតា នៅសៀមរាបបច្ចុប្បន្នមានវត្តមានកង់បីនេះ ប្រមាណ៣០%ហើយ ហើយភ្ញៀវក៏ងាក ទៅជិះកង់បីឥណ្ឌានេះវិញដែរ។
មិនថាតែអ្នករត់រ៉ឺម៉កទេ សណ្ឋាគារមួយចំនួនឯណោះវិញ ក៏ត្រូវបានកាត់បន្ថយចំនួនបុគ្គលិក និងខ្លះត្រូវបិទទ្វារ ដើម្បីជួសជុលដែរនៅអំឡុងខែនេះ៕
Tag:
រ៉ឺម៉កកង់បី
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com