កីឡាជាតិ
ជាតិ
​ថ្នាក់ដឹកនាំ​ក្លិប​ព្រះខ័ន​រាជ និង ការពារជាតិ បង្ហាញ​គំរូ​នៃ​ការយោគយល់​គ្នា​ដល់​កូនក្រុម​
05, Jun 2018 , 5:30 pm        
រូបភាព
លោក រិទ្ធ ឌីកា និងលោក ខូវ ឆាយ លេងបាល់ជាមួយគ្នានៅកីឡដ្ឋានស្តាតចាស់
លោក រិទ្ធ ឌីកា និងលោក ខូវ ឆាយ លេងបាល់ជាមួយគ្នានៅកីឡដ្ឋានស្តាតចាស់
ដោយ:
​លោក រិ​ទ្ធ ឌី​កា ប្រធាន​បច្ចេកទេស​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង  និង​លោក ខូវ ឆាយ ថ្នាក់ដឹកនាំ​ក្លិប​ក្រសួងការពារជាតិ បាន​ប្រកួត​បាល់​មិត្តភាព​រួមគ្នា មួយថ្ងៃ​បន្ទាប់ពី​ករណី​ប្រទូសរ៉ាយ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​រវាង​កីឡាករ​នៃ​ក្រុម​ទាំងពីរ នៅ​នាទីចុងក្រោយ​នៃ​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។​



«​ម្សិលមិញ​កូនក្រុម ឈ្លោះ​គ្នា​បន្តិច ថ្ងៃនេះ​ណាត់​ថ្នាក់ដឹកនាំ​ទ័ព ប្រកួត​ម្តង ដើម្បី​សុខភាព និង មិត្តភាព​គ្នា​»​។ នេះ​ជា​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក រិ​ទ្ធ ឌី​កា ជាមួយនឹង​ការ​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​រូបលោក និង​លោក ខូវ ឆាយ ឈរ​ញញឹម​ក្នុង​សម្លៀកបំពាក់​កីឡា​ដូចគ្នា​។​

​លោក រិ​ទ្ធ ឌី​កា បាន​បញ្ជាក់ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង លោក​នឹង​ខិតខំ​បញ្ចប់​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​បាល់ទាត់​ជាតិ​។ លោក​បាន​បន្ថែម​សរសេរថា​៖ «​យើងទាំងអស់គ្នា ព្យាយាម​យក​រឿង​ដែល​គិតថា​ធំ អោយក្លាយ​ទៅជា​តូច ហើយ​រឿង​តូច យើង​បន្ត​ឲ្យ អត់​មានរឿង​អ្វី​ទាំងអស់​។ យើង​ទាំងអស់​ចង់បាន​សន្តិភាព បើ​យើង​រវល់​តែ​ឈ្លោះ​គ្នា ផែនការ​អភិវឌ្ឍ របស់​ពួកយើង​នឹង​យឺត​មិន​ខាន​»​។​

​ទាក់ទង​នឹង​ការ​វាយតប់​គ្នា​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា លោក ខូវ ឆាយ ក៏បាន​លើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មិនគួរ​កើតមាន​សោះ​ក្នុង​លី​គ​បាល់ទាត់​កម្រិត​កំពូល​។ ថ្នាក់ដឹកនាំ​ក្លិប​ក្រសួងការពារជាតិ​រូបនេះ បាន​សំណូមពរ​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ស្រាវជ្រាវ និង​ដាក់ពិន័យ​អ្នកបង្ក​ហេតុ​ទាំងសងខាង ដើម្បី​ទុកជា​មេរៀន​ដល់​កីឡាករ​ឯទៀត និង​សំណូមពរ​កីឡាករ គ្រូបង្វឹក និង​ក្រុមការងារ​ទាំងអស់​រាល់​ការប្រកួត​ទាំងអស់​ត្រូវមាន​ការអត់ធ្មត់​ខ្ពស់បំផុត ដើម្បី​ជៀសវាង​ហេតុការណ៍​ដូចនេះ​កើតឡើង​ម្តងទៀត​។​

​សូមបញ្ជាក់ថា រឿងរ៉ាវ​ចម្រូងចម្រាស​កាលពី​ថ្ងៃទី​៣ មិថុនា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង កើតឡើង​នៅ​នាទីចុងក្រោយ ខណៈ​ក្រុម​ភ្ញៀវ​ឈ្នះ​ក្នុង​លទ្ធផល ២-១​។ កីឡាករ​កូរ៉េខាងត្បូង Na Hyo-sang និង​ខ្សែបម្រើ Song Chi-hun ជា​អ្នកសម្រេច​គ្រាប់​បាល់​សម្រាប់​ក្រសួងការពារជាតិ ខណៈ​គ្រាប់​បាល់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ ណុប តុលា​។

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ទង្គិច​គ្នា​នេះ បន្ទាប់ពី​កីឡាករ ណុប តុលា លោ​តទៅ​ឈូស​បាល់​ធ្វើ​ឲ្យ​កីឡាករ Song Chi-hun ដួល​មួយ​ជំហរ ភ្លាមៗ​នោះ​កីឡាករ​កូរ៉េខាងត្បូង​រូបនេះ​បាន​លើកដៃ​ជន្ល​បម្រុង​វាយ ណុប តុលា ដែល​ដួល​នៅក្រោម​រូបគេ​។ ឥរិយាបថ​បែបនេះ ធ្វើ​ឲ្យ តុលា និង​ប្រធាន​ក្រុម សឿ​យ វិសាល ខឹង​រហូតដល់​ការ​វាយតប់​គ្នា​តែម្តង​។

​ការប៉ះទង្គិច​គ្នា​នេះ នាំ​ឲ្យ​កីឡាករ​៤​រូប​ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម ដោយ​ក្នុងនោះ​កីឡាករ​ក្រសួងការពារជាតិ​ពីររូប និង​ព្រះខ័ន​រាជ​ស្វាយរៀង​ពីររូប​។ កីឡាករ​៤​រូបនោះ​រួមមាន​ខ្សែការពារ សឿ​យ វិសាល​, ណុប តុលា​, Yudai Ogawa និង​ខ្សែបម្រើ​កូរ៉េខាងត្បូង Song Chi-hun​។ តែ​យ៉ាងណា​មកទល់ពេលនេះ​គណៈកម្មការ​វិន័យ​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិនទាន់​ចេញ​សេចក្តីសម្រេច​យ៉ាង​នោះទេ ពាក់ព័ន្ធ​បញ្ហា​នេះ​។

​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ខ្សែបម្រើ​ជប៉ុន Yudai Ogawa របស់​ក្រុម​ក្រសួងការពារជាតិ​បាន​រងរបួស​បែក​ក្រដាសត្រចៀក ដែល​អាច​ចំណាយពេល​ប្រមាណ​ជា​១​ខែ ដើម្បី​សម្រាក​ព្យាបាល​។ នេះ​បើតាម​ការអះអាង​របស់​លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ​។

​បញ្ហា​របួស​នេះ​បាន​កើតឡើង​បន្ទាប់ពី​ខ្សែបម្រើ​ជប៉ុន​ខាងលើ ចូលទៅ​ជួយ​អន្តរាគមន៍​មិត្ត​រួម​ក្រុម​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​។ សម្រាប់​ការជួយ​អន្តរាគមន៍​នេះ កីឡាករ Yudai Ogawa ត្រូវបាន​ក្រុម​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​រត់​ដេញតាម​វាយ​ពេញ​ទីលាន ក្រោយ​មាន​ការប្រតាយប្រតប់គ្នា​ជាមួយ​ជំនួយការ​គ្រ​បង្វឹក​ស្វាយរៀង​៕


Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com