កីឡាជាតិ
ជាតិ
E-Sport៖ ក្រុម Revenge ក្រោយ​ឈ្នះ​ជើងឯក LoL នឹង​ចេញទៅ​ដណ្តើម​ជើង​ឯកនៅ​សិង្ហ​បុរី​
05, Jun 2018 , 8:46 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​អេឡិចត្រូនិក Revenge Team បាន​គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ League of Legends (LoL) ក្រោយ​យកឈ្នះ​ក្រុម Team Spirit ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​៣ ខែមិថុនា​។ ជ័យជម្នះ​នេះ ក្រុម Revenge Team ទទួលបាន​សិទ្ធ​ទៅ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Hyper Play នៅ​ប្រទេស​សិង្ហ​បុរី​នា​ដើមខែ​សីហា ខាងមុខ​។


    
​ក្រុម​កីឡាករ​អេឡិចត្រូនិក Revenge Team នឹង​ចេញទៅ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ាន Hyper Play ចាប់ពី​ថ្ងៃទី​៤-៥ ខែសីហា ឆ្នាំ​២០១៨​នៅ​ប្រទេស​សិង្ហ​បុរី​។ ក្រុម​កម្ពុ​ជាមួយនេះ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ចំនួន​៩​ផ្សេងទៀត ដែល​មកពី​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន រួមមាន​ម្ចាស់ផ្ទះ​សិង្ហ​បុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មី​យ៉ាន់​ម៉ា និង​ប្រ៊ុយណេ​។



​ការទទួលបាន​សិទ្ធ​ទៅ​ចូលរួម​ការប្រកួត​ខាងលើនេះ បន្ទាប់ពី​ក្រុម Revenge Team គ្រង​ជើងឯក​ការប្រកួត League of Legend ក្រោយ​យកឈ្នះ​ក្រុម Team Spirit នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-0 កាលពី​ថ្ងៃទី​៣ មិថុនា កន្លងទៅ​។ ការប្រកួត League of Legend នេះ​មាន​២៣​ក្រុម​ចូលរួម ដោយ​ការប្រកួត​ធ្វើឡើង​ពីរ​ដំណាក់កាល ក្នុងនោះ​ដំណាក់​ទី​១​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៦-២៧ ឧសភា និង​ដំណាក់កាល​ទី​២​ចាប់ពី​ថ្ងៃទី​២-៣ ខែមិថុនា ឆ្នាំ​២០១៨​។​
 
​ក្រុម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ Hyper Play នឹង​ទទួលបាន​រង្វាន់​កុំព្យូទ័រ​ចំនួន​៦​គ្រឿង​ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​។ បន្ថែម​លើ​នេះ​ក្រុម​ទាំង​១០​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ទទួលបាន​ការធ្វើដំណើរ​កម្សាន្ត​នៅ​កាន់​តំបន់​ទេសចរណ៍​នានា​នៅ​ប្រទេស​សិង្ហ​បុរី​ទៀតផង​។ ក្រៅពី​ការប្រកួត​កីឡា Hyper Play ក៏មាន​ការរៀបចំ​មហោស្រព​តន្ត្រី​ដ៏​អស្ចារ្យ​ថែមទៀត​ផង​៕     
 
 
 
 

Tag:
 -Sport
  Revenge Team
  LoL
  Hyperplay
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com