ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ថា អ្នក​ហាម​ពលរដ្ឋ​បោះឆ្នោត គឺ​ប្រឆាំង​ព្រះមហាក្សត្រ​
06, Jun 2018 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការចេញ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ គឺជា​ឱកាសល្អ​មួយ សម្រាប់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន វាយប្រហារ​ទៅលើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​



​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​នេះ ហាក់ដូចជា​កំពុង​ទះកំផ្លៀង​ក្រុម​មេដឹកនាំ​អតីត​គណបក្សប្រឆាំង ដែល​ហាម​ពលរដ្ឋ​ទៅ​បោះឆ្នោត​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ចំអក​ទៅ​អតីត​បក្សប្រឆាំង​ថា បើ​ពួកគេ​នៅតែ​អំពាវនាវ​ហាម​ពលរដ្ឋ​បោះឆ្នោត​ទៀត គឺ​មានន័យថា​ប្រឆាំង​ព្រះមហាក្សត្រ​។

​ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ​ជាង​២​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​៦ មិថុនា​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវនេះ​តើ​គេ​(​សម រង្ស៊ី​) ហ៊ាន​ចេញមុខ​ប្រឆាំង​ជាមួយ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ឬទេ​។ បើ​គេ​ចេញមុខ​ប្រឆាំង​សូម​កុំភ្លេចថា នេះ​ជា​ទោស​ពានវាំង​តែម្ដង ប្រោះ​ទង្វើ​បែបនេះ​ច្បាស់​ណាស់​ថា ថ្ងៃ​ណាមួយ​គេ​នឹង​បំផ្លាញ​របបរាជានិយម អាស្រ័យ​ធម្មនុញ្ញ និង​ផ្ដួលរំលំ​រា​ជប​ល្ល័​ង​តែម្ដង​។ ព្រះមហាក្សត្រ​អំពាវនាវ​តាម​ព្រះរាជសារ ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធ​បោះឆ្នោត​ទៅ​បោះឆ្នោត​ទាំងអស់គ្នា បើសិន​គេ​អំពាវនាវ​ឲ្យ​ប្រជាជន​កុំទៅ​បោះឆ្នោត គឺ​ច្បាស់​ណាស់​ថា នេះ​ជាការ​ប្រឆាំង​ព្រះមហាក្សត្រ​តែម្ដង មិន​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន ទេ​គឺ​ប្រឆាំង​ស្ដេច​ផែនដី​តែម្ដង​។ អ្នកឯង​ត្រូវ​កំផ្លៀង​ធ្ងន់ធ្ងរ​»​។​

​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី បានចាត់ទុក​ការលើកឡើង​របស់​អតីត​មេបក្ស​ប្រឆាំង ដែល​រិះគន់​បក្ស​ដទៃ​ជា​បក្ស​អាប បក្ស​ទប់​ជើង​គ្រែ បក្ស​អំពិល​អំ​ព័ក បក្ស​រណប​រដ្ឋាភិបាល​នោះ ជាការ​ប្រមាថ​ដល់​សិទ្ធ​ចូលរួម​នយោបាយ​របស់​ពលរដ្ឋ​។​

​កន្លងមក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ហាម​ពលរដ្ឋ និង​អ្នកគាំទ្រ ទៅ​បោះឆ្នោត ក្រោម​ពាក្យស្លោក​មួយ​ថា «​ដេក​ផ្ទះ ឈ្នះ​ឯង​» ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​។​

​តាមរយៈ​ការអំពាវនាវ​នេះ ក៏មាន​ពលរដ្ឋ​គាំទ្រ​អតីត​បក្សប្រឆាំង​មួយចំនួន ធ្វើ​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» ដើម្បី​ប្រឆាំង​ដំណើរការ​បោះឆ្នោត ។ ប៉ុន្តែ​យុទ្ធនាការ​នេះ ត្រូវបាន​ឆ្លើយតប​វិញ ដោយ​អ្នកគាំទ្រ​គណបក្សកាន់អំណាច ធ្វើ​យុទ្ធនាការ​«​តោះ​! ទៅ​បោះឆ្នោត ដើម្បី​ប្រទេសជាតិ​ខ្ញុំ​» ។ វា​ជាការ​ប្រទាំង​គ្នា​មួយ សម្រាប់​ប្រជាពលរដ្ឋ ដែលមាន​និន្នាការ​នយោបាយ​។​

​សម្រាប់​អ្នកវិភាគ​វិញ ការបោះឆ្នោត​នៅពេល​ខាងមុខ អាច​នឹងមាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​មិន​ដល់​៥០​ភាគរយ​ឡើយ ដែល​វា​អាចជា​រូបភាព​អាក្រក់​មួយ សម្រាប់​ការបោះឆ្នោត​នៅ​នីតិកាល​ទី​៦​នេះ​។ ផ្ទុយ​ពី​ការលើកឡើង​របស់​អ្នកវិភាគ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើទោះជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ ក៏​សន្លឹកឆ្នោត​ទាំងអស់ ចាត់ទុកជា​បានការ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ដែរ ព្រោះ​កម្ពុជា​គ្មាន​ច្បាប់​កំណត់​ចំនួន​អ្នកបោះឆ្នោត​នោះទេ​៕


Tag:
 ហ៊ុន សែន​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com