ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. ចាប់ផ្តើម​ចែក​បណ្ណ​ព័ត៌មាន​អំពី​ការបោះឆ្នោត ទៅ​ឲ្យ​ពលរដ្ឋ​
06, Jun 2018 , 11:59 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.។ រូបពីគ.ជ.ប.
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.។ រូបពីគ.ជ.ប.
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​៦ ខែមិថុនា​នេះ គឺជា​ថ្ងៃទី​១ ដែល​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ចាប់ផ្តើម​ចុះ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ការចែក​បណ្ណ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ទៅ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ ការចែក​បណ្ណ​ព័ត​មាន​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៥ កក្កដា ឆ្នាំ​២០១៨​។



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​. ប្រាប់​សារ​ព័ត​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ចំនួន​បណ្ណ​ព័ត​មាន ដែល​ត្រូវបាន​ផលិត គឺ​ស្មើនឹង​ចំនួន​ប្រជាពលរដ្ឋ​ជាង​៨​លាន​៣​សែន​នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បណ្ណ​ព័ត៌មាន​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុង​ស្វែងរក​ការិយាល័យ​បោះឆ្នោត​។ ហើយ​មន្ត្រី​បោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត ក៏​ងាយស្រួល​ក្នុងការ​ស្វែងរក​ឈ្មោះ​របស់​អ្នកបោះឆ្នោត​ដែរ​»​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​គ​.​ជ​.​ប​. បណ្ណ​ព័ត៌មាន​ទាំងនោះ មាន​បង្ហាញ​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត និង​ឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត លំនៅដ្ឋាន​របស់​អ្នកបោះឆ្នោត រួមទាំង លេខ​រៀង​ក្នុង​បញ្ជី​បោះឆ្នោត លេខ​កូដ​ក្នុង​ការិយាល័យ​បោះឆ្នោត និង​ទីតាំង​ការិយាល័យ​បោះឆ្នោត​។

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​៕



Tag:
 បោះឆ្នោត​
  បណ្ណ​ព័ត៌មាន​
  គជប​
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com