កីឡាជាតិ
ជាតិ
ក្លិបការពារជាតិ បញ្ចប់កិច្ចសន្យាកីឡាករកូរ៉េខាងត្បូង និងកាត់ប្រាក់ខែកីឡាករជប៉ុន
× ក្លិបបាល់ទាត់ក្រសួងការពារជាតិបានបញ្ចប់កិច្ចសន្យាខ្សែបម្រើកូរ៉េខាងត្បូង Long Chi-hun មុនពេលវេលាកំណត់ និងពិន័យកាត់ប្រាក់ខែខ្សែបម្រើជប៉ុន Yudai Ogawa ចំនួនពីរខែ ក្រោយរកឃើញថា កីឡាករទាំងពីរបានបង្កហិង្សាក្នុងការប៉ះទង្គិចនៅខេត្តស្វាយរៀងកាលពីសប្តាហ៍មុន។ នេះបើតាមការអះអាងរបស់លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ(ទ័ព)។
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិបានបញ្ចាក់ថា ក្លិបក្រសួងការពាតិបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករកូរ៉េខាងត្បូង Long Chi-hun មុនពេលវេលាកំណត់ និងពិន័យកាត់ប្រាក់ខែខ្សែបម្រើជប៉ុន Yudai Ogawa ចំនួនពីរខែ។ ការសម្រេចនេះ ក្រោយក្លិបរកឃើញថា កីឡាករទាំងពីរបានប្រព្រឹត្តអំពើហិង្សាក្នុងការប៉ះទង្គិចជាមួយកីឡាករព្រះខ័នរាជស្វាយរៀងកាលពីសប្តាហ៍មុន។
នាជំនួបសប្តាហ៍ទី៨នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាកាលពីថ្ងៃទី៣ ខែមិថុនា នៅកីឡដ្ឋានខេត្តស្វាយរៀង មានការប្រទូសរ៉ាយគ្នាមួយប្រាវរវាងកីឡាករក្រសួងការពារជាតិជាមួយកីឡាករព្រះខ័នរាជស្វាយរៀង។ មូលហេតុដែលនាំឲ្យមានការប៉ះទង្គិចគ្នានេះ បន្ទាប់កីឡាករ ណុប តុលា លោតទៅឈូសបាល់ចេញពីជើងខ្សែបម្រើកូរ៉េខាងត្បូង Long Chi-hun បណ្តាលឲ្យកីឡាករូបនេះដួល។ ភ្លាមៗនោះកីឡាករកូរ៉េខាងត្បូងរូបនេះ បានលើកដៃជន្លបម្រុងវាយកីឡាករ ណុប តុលា ដែលដួលក្រោមរូបគេ ឃើញកាយវិការបែបនេះធ្វើឲ្យ ណុប តុលា និងប្រធានក្រុម សឿយ វិសាល ខឹងរហូតមានការវាយតប់គ្នាតែម្តង។
ការប៉ះទង្គិចគ្នានេះ នាំឲ្យកីឡាករ៤រូបរួមមានខ្សែការពារ សឿយ វិសាល និង ណុប តុលា របស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ Yudai Ogawa និងខ្សែបម្រើកូរ៉េខាងត្បូង Song Chi-hun របស់ទ័ពត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម។ លើសពីនេះ កីឡាករជប៉ុនដែលរងការពិន័យកាត់ប្រាក់ខែ Yudai Ogawa បានរងរបួសបែកក្រដាសត្រចៀក និងរបួសកន្លែងផ្សេងៗទៀត។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ឃើញចំណាត់ការណាមួយពីគណៈកម្មការប្រកួតបាល់ទាត់ជាតិនៅឡើយទេ។
ក្រោយការប៉ះទង្គិចពីរថ្ងៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្លិបក្រសួងការពារជាតិបានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីសុំទោសទស្សនិកជន ក៏ដូចជាអ្នកគាំទ្រក្លិបក្រួងការពារជាតិផ្ទាល់។ ដើម្បីជាកាដូសម្រាប់អ្នកគាំទ្រ និងស្តារមុខមាត់ក្លិបឡើងវិញថ្នាក់ដឹកនាំក្លិបបានប្រកាសបញ្ចប់កិច្ចសន្យាជាមួយកីឡាករកូរ៉េខាងត្បូង Song Chi-hun និងកាត់ប្រាក់ខែ Yudai Ogawa ចំនួនពីរខែក្នុងសន្និសីទនោះផងដែរ។
ផ្ទុយទៅវិញមកទល់ពេលនេះ ពុំទាន់ឃើញក្លិបព្រះខ័នរាជស្វាយរៀងចេញចំណាត់ការលើកីឡាកររបស់ខ្លួនដែលបានបង្កហិង្សានៅឡើយទេ។ កាលពីថ្ងៃទី៥ ខែមិថុនា មួយថ្ងៃបន្ទាប់ពីករណីប្រទូសរ៉ាយនៅកីឡដ្ឋានខេត្តស្វាយរៀងលោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបព្រះខ័នរាជស្វាយរៀង និងលោក ខូវ ឆាយ ថ្នាក់ដឹកនាំក្លិបក្រសួងការពារជាតិ បានប្រកួតបាល់មិត្តភាពរួមគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងជាគំរូដល់កីឡាករនៃក្លិបទាំងពីរ៕
Tag:
ទ័ព
Cambodian League 2018
ភា សុភ័ក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com