កីឡាអន្តរជាតិ
អន្តរជាតិ
Rodman អតីត​កីឡាករ​ដែលជា​មហាមិត្ត​របស់លោក គីម នឹងមាន​វត្ត​មាននៅ​សិង្ហ​បុរី​ផងដែរ​
06, Jun 2018 , 4:20 pm        
រូបភាព
​អតីត​កីឡាករ​បាល់បោះ NBA លោក Dennis Rodman នឹងមាន​វត្តមាន​ក្នុងប្រទេស​សិង្ហ​បុរី​អំឡុងពេល​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សប្តាហ៍​ក្រោយ​។​



​កាលពី​ថ្ងៃទី​១ ខែមិថុនា ប្រធានាធិបតី​អាមេរិក បានប្រកាសថា លោក​នឹង​ទៅ​ជួប​មេដឹកនាំ​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​តាម​ការព្រមព្រៀង​គ្នាដ​ដែល​។ លោក ត្រាំ ប្រកាសថា លោក​នឹង​ជួប គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ ការប្រកាស​របស់លោក ត្រាំ ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​រៀបចំ​ជំនួប​នេះ​ឲ្យ​ស្រេចបាច់​។​



​ស្របពេល​គ្នា​នេះដែរ កាសែត​ញូវយ៉ក​ប៉ុស្ដិ៍​បាន​ចុះផ្សាយ​ថា អតីត​កីឡាករ​ក្រុម​បាល់បោះ Chicago Bulls នៃ​ក្របខណ្ឌ NBA អាមេរិក ដែលជា​មិត្ត​ស្និទ្ធ​ម្នាក់​នឹង​គីម ជុង​អ៊ុន ក៏​នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះដែរ ហើយ​បុរស​សញ្ជាតិ​អាមេរិក​រូបនេះ​នឹងធ្វើ​ដំណើរ​ទៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​ចន្ទ​ទី​១១ ខែមិថុនា មុន​មួយថ្ងៃ​នា​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។ កាសែត​ដដែល​បន្ថែមថា លោក Rodman អាច​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការចរចា​លំដាប់​កំពូល​នេះ​។​

Rodman វ័យ​៥៧​ឆ្នាំ​ដែលជា​មិត្តភក្តិ​ម្នាក់​ក្នុងចំណោម​មិត្ត​ដ៏ទៃទៀត​ពី​លោកខាងលិច បាន​និយាយថា​អំឡុង​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​កាលពី​ខែមិថុនា ឆ្នាំមុន​គឺ​លោក «​គ្រាន់តែ​ព្យាយាម​បើកទ្វារ និង​បញ្ចុះបញ្ចូល​ឲ្យ​មានការ​ជួបគ្នា​រវាង​មេដឹកនាំ​ទាំងពីរ​» ក្នុង​ទស្សនកិច្ច​នោះ​។​



​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក Darren Prince តំណាង​របស់លោក Rodman បាន​ប្រាប់​កាសែត​ខាងលើ​ថា ដំណើរ​ទៅ​សិង្ហ​បុរី​របស់​អតីត​កីឡាបាល់បោះ​ខាងមុខនេះ​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​នោះទេ​៕

អត្ថបទទាក់ទង



Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  Dennis Rodman
© រក្សាសិទ្ធិដោយ thmeythmey.com