ជាតិ
សាខាធ្វើលិខិតឆ្លងដែនធម្មតាគំរូថ្មី ក្នុងខេត្តបី ត្រូវបានដាក់ឲ្យដំណើរការ
× ភ្នំពេញ៖ សាខាធ្វើលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងកោះកុង បានបើកដំណើរការ នៅថ្ងៃទី៦ ខែមិថុនា នេះ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា ការដាក់ឲ្យដំណើរការនូវសាខាទាំងនេះ គឺដើម្បីលើកកម្ពស់ការផ្ដល់សេវាលិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញណកម្ម លោកឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្ដម បានឲ្យដឹងថា សាខាខាងលើបានដំណើរការធ្វើលិខិតឆ្លងដែនគំរូចាស់យូរមកហើយ មិនមែនទើបតែឥឡូវនេះទេ ហើយការដាក់ឲ្យដំណើរថ្ងៃនេះជាលិខិតឆ្លងដែនធម្មតាគំរូថ្មី ដែលបានបំពាក់ប្រព័ន្ធឧបករណ៍ទំនើបគ្រប់គ្រាន់។
លោក បន្តថា នៅឆ្នាំ២០១៤ អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម បានដាក់ឲ្យដំណើរការលិខិតឆ្លងដែនធម្មតាគំរូថ្មីម្ដងរួចមកហើយនៅសាខាទាំងបីខាងលើ ប៉ុន្តែនៅពេលនោះការប្រើប្រាស់ប្រព័ន្ធឧបករណ៍ចាស់មិនស្គាល់គំរូថ្មី ដូច្នេះការធ្វើលិខិតឆ្លងដែនធម្មតាគំរូថ្មីក៏បានផ្អាកមួយរយៈ ដោយសារមិនទាន់មានឧបករណ៍ទំនើបគ្រប់គ្រាន់។
លោក បានបន្ថែមថា នៅពេលផ្អាកមួយរយៈនោះ មានតែសាខាខេត្តបាត់ដំបង និងបន្ទាយមានជ័យទេ ដែលបានដំណើរការផ្ដល់លិខិតធ្វើដំណើរទៅក្រៅប្រទេសសម្រាប់តែពលករប៉ុណ្ណោះ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ការផ្ដល់នេះមិនមែនជាលិខិតឆ្លងដែនធម្មតាសម្រាប់ផ្ដល់ទៅប្រជាពលរដ្ឋទូទៅឡើយ គឺសម្រាប់តែពលករ ជាសៀវភៅខ្មៅ»។
បើតាមការផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរសព្ទ អគ្គនាយករងរូបនេះ បានថ្លែងថា ចាប់ពីថ្ងៃនេះតទៅ មិនថាប្រជាពលរដ្ឋទូទៅ ឬពលករទេ គឺអាចទៅធ្វើលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅសាខាខេត្តបាត់ដំបង និងបន្ទាយមានជ័យបានដូចគ្នា ពីព្រោះនៅសាខាទាំងពីរបានបំពាក់ឧបរណ៍ទំនើបគ្រប់គ្រាន់។ ចំណែកឯសាខាមួយទៀតនៅខេត្តកោះកុង មិនមានពលករដែលត្រូវចេញទៅធ្វើការនៅប្រទេសថៃ ដូចខេត្តទាំងពីរខាងលើនេះទេ ដូច្នេះប្រជាពលទូទៅអាចធ្វើបានដូចគ្នាដោយបានបំពាក់ឧបករណ៍ទំនើបដូចខេត្តទាំងនេះផងដែរ។
លោក ប្រុក ម៉ៃឧត្ដម បានបន្ថែមទៀតថា ចំពោះរយៈពេលផ្ដល់លិខិតឆ្លងដែនធម្មតាគំរូថ្មី គឺរហ័សរយៈពេល ១ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់នៅរាជធានីភ្នំពេញ ហើយចំណែកនៅតាមសាខាទាំង៣ខាងលើ មានរយៈពេល ៣ថ្ងៃ នៃថ្ងៃធ្វើការ។
មន្ត្រីបម្រើការងារនៅសាខាខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ថ្ងៃដំបូងនៃដំណើរការផ្ដល់សាវាលិខិឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ សាខាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋជិត ១០០នាក់។ ឯមន្ត្រីសាខាខេត្តកោះកុង អះអាងថា ក្រុងខេមរភូមិន្ទ កោះកុង មានប្រជាពលរដ្ឋ២០នាក់។ ចំណែកមន្ត្រីសាខាខេត្តបាត់ដំបង មិនបានលើកទូរសព្ទនោះទេ។
សូមបញ្ជាក់ថា អាសយដ្ឋានសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្តចំនួន៣នេះ រួមមាន ខេត្តបាត់ដំបង ស្ថិតនៅដីឡូតិ៍លេខ F29 ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ, ខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយខេត្តកោះកុង ស្ថិតនៅភូមិលេខ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ៕
Tag:
លិខិតឆ្លងដែន
ប្រុក ម៉ៃឧត្ដម
© រក្សាសិទ្ធិដោយ thmeythmey.com