កីឡាអន្តរជាតិ
អន្តរជាតិ
Toure ចង់​បន្ត​លេង​នៅ EPL ដោយ​យក​ថ្លៃឈ្នួល​១.៥​ដុល្លារ ដើម្បី​បង្ហាញ Pep ថា​គេ​នៅតែ​ខ្លាំង​
07, Jun 2018 , 8:39 am        
រូបភាព
​ខ្សែបម្រើ Yaya Toure ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចូលរួម​ជាមួយ​ក្លិប​ធំៗ​នៅ Premier League ដែលជា​គូប្រជែង​របស់ Manchester City ដោយ​យកប្រាក់​ឈ្នួល​តែ​១​ផោន (១.៣៤​ដុល្លារ​) ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ដល់​លោក Pep Guardiola ថា​រូបគេ​នៅតែ​អាច​លេង​ក្នុង​កម្រិត​កំពូល​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Dimitri Seluk ដែ​លេ​ជា​ភ្នាក់ងារ​របស់ Toure​។



​អតីត​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ វ័យ ៣៥​ឆ្នាំ បាន​ចាក​ចេញពី​ក្លិប​ជើងឯក​លី​គ​កំពូល​អង់គ្លេស​កាលពី​បញ្ចប់​រដូវ​កាល​កន្លងទៅ ក្រោយ​ផុត​កិច្ចសន្យា​។ Toure បាន​ចាក​ចេញពី Barcelona មក​រួមរស់​ជាមួយ​ក្រុម​មេឃ​ខៀវ​រយៈពេល​៨​រដូវ​កាល​មកហើយ ពោលគឺ​ក្នុង​ឆ្នាំ​២០១០ កាល​លោក Roberto Mancini នៅ​ដឹកនាំ​។ ប៉ុន្តែ​ចាប់ពី Pep Guardiola ឡើង​ជំនួស​តំណែង Manuel Pellegrini នៅ​ឆ្នាំ​២០១៦​មក រូបគេ​មិន​ស្ថិតក្នុង​ជម្រើស​របស់​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​នេះឡើយ​។​

​ភ្នាក់ងារ​លោក Dimitry Seluk បាន​ប្រាប់​គេហទំព័រ​រុស្ស៊ី Sport24 ដូច្នេះ​ថា​៖«Yaya មានការ​ផ្តល់ជូន​ជាច្រើន​ពី​លី​ក​ធំៗ​នៅ​ប្រទេស​ដ៏​ទៃ ប៉ុន្តែ​កីឡាករ​រូបនេះ​នឹង​ប្តេជ្ញា​បន្ត​លេង​នៅ​លី​គ​កំពូល​អង់គ្លេស​ដើម្បី​បង្ហាញ​ដល់ Pep និង​អ្នកគាំទ្រ Man City ថា​រូបគេ​នៅតែ​ជា​ខ្សែបម្រើ​មានគុណ​ភាព​ដដែល​»​។​


លោក Dimitri Seluk ភ្នាក់ងារកីឡាកររបស់ YaYa Toure

​ភ្នាក់ងារ​ខាងលើ​បន្ថែមថា ម្ចាស់​ពាន​កីឡាករ​ឆ្មើ​ម​របស់​អាហ្វ្រិក​៤​សម័យ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ផ្លាស់​ទៅកាន់​ក្លិប​កំពូលៗ​ទាំង ៦ នៅ​ក្របខណ្ឌ Premier League ដោយ​គិតថ្លៃ​ឈ្នួល​ប្រចាំ​សប្តាហ៍​តែ ១.៣៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក Seluk បញ្ជាក់ថា ប្រាក់រង្វាន់​ផ្សេងៗ​ដែល​ត្រូវ​លើកទឹកចិត្ត​ដល់ Toure នឹងត្រូវ​មើល​លើ​សមិទ្ធផល​ជោគជ័យ​របស់​ក្រុម​។​

​បើតាម​ការផ្សាយ​របស់ ESPN លោក Seluk ថា Toure ពិតជា​សក្តិសម​លេង​ឲ្យ​ក្រុម​ដូចជា Arsenal, Chelsea, Liverpool, Tottenham ឬក៏ Manchester United៕


Tag:
 បាល់ទាត់​
  Yaya Toure
  Manchester City
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com