កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ទិញ Dalot ពី Porto តម្លៃ​២៥​លាន​ដុល្លារ និង​កំពុង​រត់​ការយក Fred ឲ្យ​បាន​មុន World Cup
07, Jun 2018 , 7:19 pm        
រូបភាព
​ក្លិប Manchester United បានប្រកាស​ជា​ផ្លូវការ​ពី​ការចុះហត្ថលេខា​នាំយក​ខ្សែការពារ​វ័យក្មេង Diogo Dalot ពី FC Porto ជាមួយនឹង​តម្លៃ​ផ្ទេរ ១៩​លាន​ផោន (​ជាង​២៥​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើ​យោងតាម​ការចុះ​ផ្សារ​របស់​វេ​ប​សាយ​ផ្លួ​វ​ការ Man Utd​។​



​ខ្សែការពារ វ័យ​១៩​ឆ្នាំ ដែល​បង្ហាញខ្លួន​ត្រឹម ៧​ប្រកួត​ឲ្យ​ក្លិប​ជើងឯក Primeira Liga នៃ​លី​គ​កំពូល​ព័រ​ទុយ​ហ្គា​ល់​រដូវ​កាល​នេះ យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​នៅ​ទឹកដី Old Trafford រួមទាំង​លក្ខខណ្ឌ​ពិសេស​បន្ត​រយៈពេល​១​ឆ្នាំ​ទៀត​។​



Dalot ជាប់​ជម្រើសជាតិ​យុវជន​ព័រ​ទុយ​ហ្គា​ល់​ចាប់ពី U15 រហូតដល់ U21 ហើយ​ត្រូវបាន​ក្រុម​ឈុត​ធំ Porto កោះហៅ​ឲ្យ​ចូលរួម​ក្រុម​ក្នុង​ឆ្នាំ ២០១៧ ដោយ​បង្ហាញខ្លួន​លើកដំបូង​កាលពី​ខែតុលា​។ រូបគេ​ក៏បាន​ជួយ​ក្លិប​នេះ​ប្រកួត​ស្មើ​ជាមួយ Liverpool ក្នុង​ក្របខណ្ឌ Champions League កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ផងដែរ​។​

​លោក Jose Mourinho បាន​សរសើរ​អតីត​យុវជន Porto នេះ​ថា​៖« Dalot ជា​ខ្សែការពារ​វ័យក្មេង​មាន​ទេពកោសល្យ និង​គុណ​សម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​កីឡាករ​ដ៏​អស្ចារ្យ​សម្រាប់ Man Utd​។ កាយសម្បទា យុទ្ធសាស្ត្រ និង​គុណភាព​បច្ចេកទេស​រួមទាំង​ភាពចាស់ទុំ​របស់គេ​គឺ​ស្ថិតក្នុង​កម្រិត​អាជីព​រួចទៅហើយ​»​។​



​ក្រៅពី Dalot អតីត​អ្នកចាត់ការ Real Madrid និង​Chelsea ក៏​កៀក​នឹង​យកបាន​ខ្សែបម្រើ​ប្រេ​ស៊ី​ល Fred ពី Shakhtar Donetsk មកកាន់​ទឹកដី​អង់គ្លេស​ចាប់ៗ​នេះដែរ ខណៈ​រូបគេ​មាន​ភារកិច្ច​ជួយ​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​ខាងមុខនេះ​៕


Tag:
 បាល់ទាត់​
  Diogo Dalot
  Manchester United
  Fred
© រក្សាសិទ្ធិដោយ thmeythmey.com