ជាតិ
បោះឆ្នោត
លោក សម រង្ស៊ី ហៅ​ពលរដ្ឋ​ធ្វើបាតុកម្ម​អហិង្សា​ប្រឆាំង​រដ្ឋាភិបាល​ថ្មី ក្រោយ​ថ្ងៃ​បោះឆ្នោត​, មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​
08, Jun 2018 , 4:59 pm        
រូបភាព
លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំធ្វើមហាបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំធ្វើមហាបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
​ភ្នំពេញ​៖ លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ រួមគ្នា​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​ថ្មី ដែល​នឹង​កើតឡើង​ក្រោយ​ការបោះឆ្នោត​ខាងមុខ​។ មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​បក្ស​កាន់អំណាច ឆ្លើយតប​ថា ប្រជាជន​នឹងមិន​ធ្វើតាម​លោក សម រង្ស៊ី នោះទេ​។​



​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានធ្វើ​យុទ្ធនា​ការតស៊ូ​មតិ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​។ បន្ទាប់មក​លោក សម រង្ស៊ី បាន​ថ្លែង​សារ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​។ ថ្មីៗ​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ពី​ការ​តាម​ចាប់ខ្លួន​របស់​តុលាការ​កម្ពុជា បាន​សរសេរ​លិខិត​ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ទូល​ព្រះអង្គ​មិន​ឲ្យ​ព្រះ​ធ្វើតាម​គណបក្សកាន់អំណាច​។ ពេលនេះ នា​យប់​ថ្ងៃទី​៧​ខែមិថុនា តាមរយៈ​ក្បាល​មីក្រូ​របស់​វិទ្យុ​អាស៊ីសេរី​ដែល​ត្រូវបាន​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជុំគ្នា​ធ្វើបាតុកម្ម​អហិង្សា​ប្រឆាំង​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​កើតឡើង​ក្រោយ​ការបោះឆ្នោត​នោះ​ទៀត​។ លោក សម រង្ស៊ី ដែល​អះអាង​ខ្លួនឯង​ថា ជា​មេ​ចលនា​សង្គ្រោះ​ជាតិ បាន​សន្និដ្ឋាន​ទុក​មុន​ប្រាប់​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​ដែល​កើតឡើង ក្រោយ​ការបោះឆ្នោត​នេះ​គឺជា រដ្ឋាភិបាល​មិន​ស្របច្បាប់ ដែល​សហគមន៍​អន្តជាតិ នឹងមិន​ទទួលស្គាល់​ឡើយ​។​

​លោក សម រង្ស៊ី ដែលជា​ដៃគូ​នយោបាយ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​ពីរ ដែល​កំពុង​ជាប់ឃុំ​នៅ​កម្ពុជា បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង​មិន​ងើប ជាតិ​យើង​នឹង​ស្លាប់ ជាតិ​យើង​នឹង​រលាយ​ហើយ​។ នេះ​ជា​ដំណាក់កាល​ចុងក្រោយ​។ […..] យើង​ត្រូវតែ​រៀបចំ​ធ្វើ​កូដកម្ម ធ្វើបាតុកម្ម​។ យើង​ត្រូវតែ​ងើប​ព្រម​គ្នា ទន្ទឹមគ្នា ដើម្បី​បង្ហាញថា​ប្រជារាស្ត្រ​ខ្មែរ ចង់​ឲ្យ​មានការ​ផ្លាស់ប្តូ​។ ពេលវេលា​មកដល់​ហើយ ត្រូវតែ​ប្តូរ​អ្នកដឹកនាំ​»​។​

​ការអំពាវនាវ​របស់​លោក សម រង្ស៊ី បាន​រង​ប្រតិកម្ម​ខ្លាំងៗ ពី​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល និង​គណបក្សកាន់អំណាច​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការអំពាវនាវ​របស់​លោក សម រង្ស៊ី ឲ្យ​មានការ​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល គឺ​ខុស​នឹង​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«[​លោក សម រង្ស៊ី​] ជា​មេបះបោរ ជា​មេ​ឧទ្ទាម ដែល​ច្បាប់​រឹត​តែមាន​លក្ខណ​គ្រប់គ្រាន់​ក្នុងការ​ផ្តន្ទាទោស​»​។

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​រូបនេះ មិន​ប្រាប់​នោះទេ ពី​វិធានការ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ទប់ស្កាត់​នឹង​លោក សម រង្ស៊ី​។ លោក គ្រាន់តែ​បញ្ជាក់ថា ការអំពាវនាវ​របស់​លោក សម រង្ស៊ី នឹង​មិនអាច​ជោគជ័យ​ឡើយ​។ លោក និយាយ​បែបនេះ​ថា​៖«​គ្មាន​ប្រជាជន​ណា​ទៅ​ធ្វើតាម​សម រង្ស៊ី ទេ​។ ប្រជាជន​លែង​ជឿ​លោក សម រង្ស៊ី ហើយ​»​។

​ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការអំពាវនាវ​របស់លោក សម រង្ស៊ី ថា​ជាការ​ញុះញង់ ឲ្យ​ប្រជាពលរដ្ឋ និង​កងទ័ព ងើប​បះបោរ​ប្រឆាំងនឹង​ការបោះឆ្នោត​។ ប៉ុន្តែ លោក យល់ថា បំណង​របស់​អតីត​មេបក្ស​ប្រឆាំង មិនអាច​ទៅរួច​នោះទេ​។   

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច និយាយ​បញ្ច្រាស់​ទៅវិញ​ថា បើ​ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង ងើប​ប្រឆាំងនឹង​លោក សម រង្ស៊ី និង​បក្សពួក ទើប​មាន​ប្រសិទ្ធភាព​យ៉ាងពិត​ប្រាកដ​។ លោក​បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា​៖«​ការអំពាវនាវ​ឲ្យ​មានការ​ងើប​បះបោរ​របស់​ប្រជាជន និង​កងទ័ព​ប្រឆាំង​ការបោះឆ្នោត បញ្ជាក់​ច្បាស់​ថា​ពួក​ឧទ្ទាម​ក្រៅច្បាប់ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ទាល់ច្រក​មែនទែន​ហើយ​។ អស់ក្បាច់​លោត​តទៅទៀត​ហើយ​។ គ្មាន​អ្នកណាម្នាក់​សុខចិត្ត​រង​គ្រោះ ដើម្បី​តែ​ផល​ប្រ​យោ​ជ​ន៏​របស់​បុគ្គល​សម រង្ស៊ី ទេ​»​។

​គួររម្លឹកថា នៅ​ដល់​តែ​ជាង​៥០​ថ្ងៃ​ទៀត ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៃ​រដ្ឋសភា នឹង​ឈាន​មកដល់​។ មាន​គណបក្ស​២០​ដែល​នឹង​ប្រជែង​គ្នា​យក​អាសនៈ​រដ្ឋសភា​ចំនួន​១២៥​។ អ្នកបោះឆ្នោត​មាន​ចំនួន​ជាង​៨​លាន​៣​សែន​នាក់​៕



Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com