ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក កឹម សុខា កំពុងជាប់ឃុំខ្លួន២៨០ថ្ងៃ ខណៈការបោះឆ្នោតជិតមកដល់
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ មិថុនានេះ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងជាប់ឃុំនៅពន្ធនាគារ អស់រយៈពេល២៨០ថ្ងៃ បើរាប់តាំងពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧មក។ លោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួន ត្រូវបានតុលាការចោទប្រកាន់បទ «សន្ទិដ្ឋិភាពជាមួយបរទេស»។
លោក កឹម សុខា ត្រូវបានតុលាការបន្តឃុំខ្លួន នឹងបើកសវនាការជាច្រើនលើកច្រើនសារមកហើយ លើសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីមានបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» ហើយមិនទាន់មានការកាត់ទោសជាស្ថាពរ ពីសំណាក់តុលាការ។ លោក កឹម សុខា ត្រូវបានឃុំខ្លួនរយៈពេល៩ខែមកហើយ ដោយចៅក្រមត្រូវការស៊ើបអង្កេត និងប្រមូលភស្តុតាងបន្ថែម លើសំណុំរឿងឃុបឃិតជាមួយបរទេសនេះ។
ការឃុំខ្លួនលើសពី៦ខែ ដើម្បីស៊ើបអង្កេតនេះ ក៏ធ្លាប់មានការជំទាស់ពីសំណាក់មេធាវីលោក កឹម សុខា ថា ជាការរំលោភសិទ្ធផងដែរ ខណៈនីតិវិធីកំណត់ឲ្យ ជនត្រូវចោទ អាចត្រូវបានឃុំខ្លួនយ៉ាងយូរតែ៦ខែប៉ុណ្ណោះ។ ព្រោះក្នុងអំឡុង៦ខែនេះ ចៅក្រមស៊ើបសួរ ត្រូវសម្រេចថា បញ្ជូនជនត្រូវចោទទៅជំនុំជម្រះ ឬក៏ដោះលែងជាបណ្តោះអាសន្ន។ ប៉ុន្តែការជំទាស់គ្មានប្រសិទ្ធភាព។ ចៅក្រមស៊ើបសួរ នៅតែអាចបន្តឃុំជនត្រូវចោទលើសពី៦ខែ ប្រសិនបើយល់ថា សំណុំរឿង ត្រូវការការស៊ើបអង្កេត និងការប្រមូលភស្តុតាងបន្ថែម។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ត្រង់ថា ការឃុំខ្លួនលោក កឹម សុខា អស់រយៈពេល២៨០ថ្ងៃនេះ ហាក់ដូចរយាលពេលអតីតមេដឹកនាំបក្សប្រឆាំងមួយនេះ សម្រាប់ការចូលរួមបោះឆ្នោត ខណៈពេលលោក សម រង្ស៊ី មិនអាចចូលស្រុកបាន ហើយគណបក្សប្រឆាំងក៏ត្រូវរំលាយ។
មិនទាន់មានសញ្ញាល្អណាមួយ សម្រាប់ផ្ដល់ក្តីសង្ឃឹមថា លោក កឹម សុខា អាចចេញពន្ធនាគារមុនការបោះឆ្នោត សម្រាប់ប្រកួតប្រជែងនយោបាយឡើយ ស្របពេលប្រមុខរដ្ឋាភិបាល ប្រកាសថា គ្មានការលើកលែងទោសឲ្យអ្នកណាម្នាក់ឡើយ។ សម្រាប់អ្នកវិភាគ នៅតែជឿថា បើមានការចរចាផ្នែកនយោបាយកើតឡើង ជាយថហេតុនោះ លោក កឹម សុខា អាចនឹងចេញមុនការបោះឆ្នោត សម្រាប់មានឱកាសចូលរួមប្រកួតប្រជែងនយោបាយ។ ប៉ុន្តែភាគរយនៃការចេញមុនការបោះឆ្នោត ហាក់មានតិចតួចបំផុត។ បើតាមអ្នកវិភាគនយោបាយលោក ហង្ស វិទូ គណបក្សប្រជាជន ទំនងលេងនយោបាយ ដែលមានសន្លឹកបៀធំក្នុងដៃ ធីបអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិតែម្ដង ហើយជម្នះគឺស្ថិតនៅលើគណបក្សកាន់អំណាចមួយនេះ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី ២៩ កក្កដាខាងមុខ នឹងមានគណបក្សចំនួន២០ ត្រូវប្រកួតប្រជែងគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com