ជាតិ
កំណាយនៅស្រះអង្គរវត្ត រកឃើញស្លាកស្នាមខ្លះៗពីរចនាសម្ព័ន្ធរបស់ស្រះ
× សៀមរាប៖ ការធ្វើកំណាយជួសជុលស្រះអង្គរវត្ត បានចាប់ផ្តើមតាំងពីក្រោយចូលឆ្នាំមក។ អ្នកជំនាញបានរកឃើញស្លាកស្នាមខ្លះៗនៃរចនាសម្ព័ន្ធរបស់ស្រះ ដូចជាកាំជណ្ដើរថ្មបាយក្រៀម ថ្មភក់នៅមាត់ស្រះ និងការចាក់បង្គរដីជាស្រទាប់ៗខុសៗគ្នា ជាដើម។
អាជ្ញាធរជាតិអប្សរា បានស្រង់សម្តីរបស់អ្នកស្រី នេត ស៊ីមន អ្នកបុរាណវិទ្យា ដែលបាននិងកំពុងធ្វើកំណាយនៅស្រះអង្គរវត្ត ពេលដែលអ្នកស្រីធ្វើបទបង្ហាញក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីថ្ងៃទី៦ មិថុនា។ ក្នុងកំណាយចំនួន២ទីតាំង ដែលទីតាំងទី១ មាន៣រណ្តៅជាប់គ្នា ហើយលទ្ធផលបឋមបានបង្ហាញអំពីការរៀបចំគ្រឹះ មាត់ស្រះនិងជណ្តើរ៣កាំចុះក្រោមសាងអំពីថ្មភក់ និងកាំជណ្តើរក្រោមៗទៀតធ្វើអំពីថ្មបាយក្រៀមកប់ដី ដែលមានសភាពទ្រុឌទ្រោមខូចខាតរូបរាងក្នុងទម្រង់មិនច្បាស់លាស់ ពិបាកសន្និដ្ឋានថាជាកាំជណ្តើរឬជាដីបុកបង្ហាប់ធ្វើជាបាតស្រះ។
តាមការលើកឡើងរបស់អ្នកជំនាញនៃនាយកដ្ឋានអភិរក្សក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានលើកឡើងថា តាមរយៈកំណាយនេះបានបង្ហាញពីទម្រង់ពិសេសៗ៣ចំណុចសំខាន់ៗ។ ទី១ ការចាក់បង្គរដីយ៉ាងធំនៅផ្ទៃខាងក្រៅស្រះដែលបានបុកបង្ហាប់ឆ្លាស់គ្នា ដោយមានស្រទាប់ថ្មបាយក្រៀមលាយដីឥដ្ឋ លាយថ្មភ្នំ ស្របតាមបណ្តោយមាត់ស្រះ រីឯផ្ទៃខាងក្រោម មានការបុកបង្ហាប់ជាមួយដីខ្សាច់លាយដីឥដ្ឋ លាយថ្មបាយក្រៀម។ ទី២ រចនាសម្ពន្ធស្រះទាំងមូលបានរៀបកាំជណ្តើរថ្មភក់នៅមាត់ស្រះ ព្រមទាំងរៀបថ្មបាយក្រៀមផ្នែកខាងក្រៅនៅបាតស្រះមានការបុកបង្ហាប់ដី មានខ្សាច់លាយថ្មភ្នំ នៅស្រទាប់នេះ ដែលពិបាកកំណត់តួនាទីនៃការប្រើប្រាស់ ដោយសារថ្មភ្នំនិងថ្មបាយក្រៀមមានការពុកផុយជាអន្លើៗ។ ទី៣ ការចាក់បង្គរសម័យថ្មី រកឃើញកំណាត់ឈើ បន្ទះក្តារប្រើប្រាស់សម័យមុននិងលាយឡំដោយសម្ភារៈសម័យថ្មី។ បន្ទាប់ពីបញ្ចប់គម្រោងកំណាយរណ្តៅទីមួយនេះ ក្រុមការងារនឹងបន្តកំណាយនៅស្រះផ្នែកខាងកើតឆៀងខាងត្បូងដែលជារណ្តៅទី២។
កំណាយស្រះអង្គរវត្ត ត្រូវបានធ្វើឡើងដើម្បីមើលពីរចនាសម្ព័ន្ធរបស់ស្រះ និងឈានដល់ការស្ដារ និងជួសជុលស្រះ។ គោលបំណងនៃការស្ដារ និងជួសជុលនេះគឺដើម្បីលើកសោភណ្ឌភាពរបស់ និងអាចរក្សាទឹកបានច្រើន ព្រោះវាជាផ្នែកមួយសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ។
គូររំឭកដែរថា កន្លងមកស្រះខាងជើងនិងខាងត្បូងមុខអង្គរវត្តត្រូវបានបំផ្លាញដោយធម្មជាតិ។ ក្នុងឆ្នាំ១៩២០-២១ សាលាបារាំងចុងបូព៌ា មានលោក HENRI Machal (ហង់រី ម៉ាហ្សាល់) បានធ្វើកំណាយ និងជួសជុលម្តងរួចមកហើយ។ នៅឆ្នាំ២០០៥-២០០៧ ក្រុមការងារបុរាណវិទ្យាក៏បានសិក្សារចនាសម្ពន្ធស្រះខាងត្បូងរកឃើញជណ្តើរចំនួន៦កាំដែលមានស្ថានភាពល្អនិងជណ្តើរថ្មបាយក្រៀមពុកផុយ និងបាតគ្រឹះមានសភាពនៅល្អនៅឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com