ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
សិល្បករ​សម្ដែង​ក្នុង​រឿង​«​អច្ឆរិយ​អង្គរ​»​មាន​មោទកភាព ព្រោះ​បាន​សម្ដែង​រឿង​ឯកសារ​សម្រាប់​កូន​ខ្មែរ​
09, Jun 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ទស្សនីយភាព​ល្ខោន​ទំនើប​ចម្រុះ​រឿង «​អច្ឆរិយ​អង្គរ​» ប្រជុំ​សិល្បករ​ល្បីៗ​ទាំង​បុរាណ និង​សម័យ ជាង​២០០​នាក់​។ សិល្បករ​ជាច្រើន បាន​ពោល​ដូចៗ​គ្នា​ថា ខ្លួន​មាន​មោទកភាព​ខ្លាំង​ពេល​បាន​សម្ដែង​រឿង «​អច្ឆរិយ​អង្គរ​» ដែល​សម្ដែង​ជា​សាធារណៈ នៅ​ល្ងាច​ថ្ងៃ ទី​១ ខែមិថុនា​កន្លងទៅ​។​



​តារា​សម្ដែង លោក អ៊ុន សិទ្ធា បានលើកឡើង​ថា​រឿង «​អច្ឆរិយ​អង្គរ​» គឺជា​រឿង​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កសាង​អង្គរ និង​បង្ហាញ​ពី​បញ្ញា​របស់​ដូនតា​ខ្មែរ ដ៏​អស្ចារ្យ​ដែល​បាន​កសាង​អង្គរ​។  លោក​ថា ប្រសិនបើ​មានការ​សម្ដែង​លើក​ក្រោយ​ទៀត លោក​ស្នើឱ្យ​ជនរួមជាតិ​ខ្មែរ ចូល​ទស្សនា​ឱ្យបាន​ច្រើន ដើម្បី​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្លួន​។ លោក សិទ្ធា បញ្ជាក់ថា​៖«​ខ្ញុំ​រំភើប​មែនទែន​ពេល​បាន​សម្ដែង​។ វា​ដូចជា​ខ្ញុំ​មិនមែនជា​សិទ្ធា​ទេ តែ​ដូចជា​តួរ​អង្គ​(​ព្យែ​) កាលពី​សម័យអង្គរ​អ៊ីចឹង​។ ខ្ញុំ​យល់ថា​ក្នុងនាម​ជា​ខ្មែរ គួរតែ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន ឱ្យដឹងថា​គ្រប់​ប្រាសាទ​ទាំងអស់ កសាង​ឆ្នាំ​ណា​?​ដោយ​ស្ដេច​អង្គណា​? ហើយ​យើង​ចូលរួម​ថែរក្សា​ទាំងអស់គ្នា​»​។​



​កញ្ញា ដួង សូ​រី​ម៉ា ជា​តួ​សម្ដែង​មួយរូប​ទៀត​ក្នុង​រឿង «​អច្ឆរិយ​អង្គរ​» ក៏​រំភើប​ចិត្តខ្លាំង​ដែរ ដែល​បាន​សម្តែង​ក្នុង​រឿងនេះ​។ តារា កាន់តែ​រំភើប​ខ្លាំង នៅត្រង់​ឈុត​អប្សរា ប្រាប់​ពី​ប្រវត្តិសាស្ត្រ​សាង​អង្គរ ទៅកាន់​ភ្ញៀវ​បរទេស​។ កញ្ញា ដួង សូ​រី​ម៉ា ក៏​ស្នើឱ្យ​កូន​ខ្មែរ ចូលរួម​លើកតម្កើង​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​រូបភាព តាមរយៈ​ការ​ស្លៀក​សម្លៀកបំពាក់​បុរាណ ការចូលរួម​ទស្សនាការ​សម្ដែង និង​ការថែរក្សា​គ្រប់​ទម្រង់​សិល្បៈ​ខ្មែរ​។ 



​សិល្បករ​មួយរូប​ទៀត លោក យ៉ែម សំ​អូន លើកឡើងថា ការសម្ដែង​នេះ ផ្ដល់​ចំណេះដឹង​មួយផ្នែក​បន្ថែមទៀត​ដល់​កូន​ខ្មែរ ឱ្យបាន​ស្វែងយល់​ពី​ការកកើត​ប្រាសាទ​អង្គរ និង​វប្បធម៌​អរិយធម៌​ខ្មែរ​។ លោក​ថា ការសម្ដែង​នេះ ជា​ផ្នែក​មួយ​ចូលរួម​អភិរក្ស និង​ថែទាំ​ប្រាសាទ​អង្គរ​ផងដែរ​។ លោក យ៉ែម សំ​អូន បញ្ជាក់​៖«​ការសិក្សា​ពី​អក្សរសិល្ប៍ ដូចជា​រឿង​ព្រះថោង​តោង​ស្បៃ​នាងនាគ រឿង​កូរ​សមុទ្រ​ទឹកដោះ សុទ្ធ​តែមាន​ក្នុង​រឿង​អច្ឆរិយ​អង្គរ​នេះ​។ ប្រវត្តិ​ប្រាសាទអង្គរវត្ត កូន​ខ្មែរ​ខ្លះ​គាត់​មិនទាន់​បានដឹង​អស់​ទេ​។ ដូច្នេះ​រឿងនេះ អាចឱ្យ​គាត់​ស្វែងយល់​បន្ថែម​»​។​



​លោក ទិ​ត្យ ថា​វរិ​ទ្ធ តំណាង​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា បានឱ្យដឹងថា ទស្សន​នី​យ​ភាព​ល្ខោន​ទំនើប​ចម្រុះ​«​រឿង​អច្ឆរិយ​អង្គរ​»​នេះ​ធ្លាប់​សម្ដែង​ម្ដង​រួចមកហើយ កាលពី​ជាង​១០​ឆ្នាំមុន ។ ប៉ុន្តែ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​មិនទាន់​ទូលំទូលាយ​ខ្លាំង ទើបបានជា​ក្រុម​របស់លោក​រៀបចំ​ការ​សម្ដែង​នេះ​ឡើងវិញ​។ លោ​កថា​សិល្ប​ករទាំង​បុរាណ និង​សម័យ​ជាង​២០០​នាក់ ត្រូវ​ហាត់​សម​ផ្សេងៗ​គ្នាច្រើន​ថ្ងៃ តែ​សម​ជាមួយគ្នា​តែ​២​ថ្ងៃ​តែប៉ុណ្ណោះ មុន​ថ្ងៃ​សម្ដែង​។ 



​លោក​បញ្ជាក់ថា ការចូលរួម​សម្ដែង​របស់​សិល្ប​ករទាំង​អស់ ដោយ​ការស្ម័គ្រចិត្ត គឺ​គ្រាន់តែ​ជូន​ថ្លៃ​សាំង​តិចតួច​ប៉ុណ្ណោះ​។ លោក ទិ​ត្យ ថា​វរិ​ទ្ធ បញ្ជាក់​៖«​សិល្បករ​ទាំងអស់ ដែល​បាន​ចូលរួម​សុទ្ធ​តែម​កដោយ​ការស្ម័គ្រចិត្ត​ទាំងអស់​។ បើ​ពួកគាត់​មក​យក​តម្លៃ​តាម​ទីផ្សារ​ដែល​ពួកគាត់​ទទួលបាន​នោះ អស់​ច្រើនណាស់​។ តែ​នេះ​ដោយ​ចិត្ត​ស្រឡាញ់​ចង់​លើកស្ទួយ​សិល្បៈ​ខ្មែរ ទើប​គាត់​មកជួយ​សម្ដែង យើង​គ្រាន់តែ​ជូន​ថ្លៃ​សាំង​តិចតួច និង​រៀបចំ​អាហារ​ជូន​ពួកគាត់​»៕

Tag:
 ភាពយន្ត​
 ​ សិល្បៈ​
  ​វប្បធម៌​
  ​អង្គរ​
  ​អច្ឆរិយ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com