ជាតិ
១០​ឆ្នាំ​ហើយ អ្នកកាសែត​នៅ​កម្ពុជា​មិនបាន​សម្ភាស​សម្តេចនាយក​រដ្ឋមន្ត្រី​
10, Jun 2018 , 9:51 am        
រូបភាព
សម្តេច​ ហ៊ុន សែន ឆ្លើយសំណួរអ្នកកាសែត​ក្នុង​ឆ្នាំ​២០០៦។ រូបថតដោយ លោក ខឹម សុវណ្ណារ៉ា
សម្តេច​ ហ៊ុន សែន ឆ្លើយសំណួរអ្នកកាសែត​ក្នុង​ឆ្នាំ​២០០៦។ រូបថតដោយ លោក ខឹម សុវណ្ណារ៉ា
​មុន​ឆ្នាំ​២០០៨ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី​ដែល​បាន​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​ច្រើនជាងគេ ក្នុងចំណោម​អ្នកនយោបាយ​កំពូល ឬ​ក្នុងចំណោម​សមាជិក​រដ្ឋាភិបាល​ផង​ក៏​ថា​បាន​។ អ្នកណា​ក៏​ដឹងថា​សម្តេច ហ៊ុន សែន ក៏បាន​ធ្វើការ​ជាមួយ​អ្នកកាសែត​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​សង្គម​មួយចំនួន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៨​មក ពោលគឺ​ចាប់ពី​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ក្នុងការ​បោះឆ្នោត ហើយ​ទទួលបាន​អាសនៈ​រដ្ឋសភា​ចំនួន​៩០​លើ​១២៣ អ្នកកាសែត​ពុំមាន​ឱកាស​បោះ​សំណួរ​ទៅកាន់​សម្តេច​ទៀតឡើយ​ទាំង​នៅតាម​កម្មវិធី​សាធារណៈ​ដែលមាន​វត្តមាន​សម្តេច​ជា​អធិបតី និង​ទាំង​នៅក្នុង​អគារ​រដ្ឋាភិបាល​។ មកដល់ពេលនេះ គឺ​កាន់តែ​ឆ្ងាយ​។​

 
​ដៃគូ​ដ៏​រស់​រវើក​
 
​បើ​គេ​សើរើ​មើល​ទិនានុប្បវត្តិ និង​ឯកសារ​ព័ត៌មាន​ជា​វីដេអូ​ក្នុង​ទស្សវត្សរ៍​១៩៩០ រហូតដល់​ទស្សវត្សរ៍នៃ​ឆ្នាំ​២០០០ នោះគេ​នឹង​ឃើញ​រូបភាព និង​សំឡេង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតប​សំណួរ​អ្នកកាសែត​ខ្មែរ និង​បរទេស យ៉ាងច្រើន​អនេក​។ ជាការ​ឆ្លើយឆ្លង​ស្ទើរ​គ្រប់​ប្រធានបទ គ្រប់​ដំណាក់កាល​នៃ​ការវិវត្ត​ក្នុង​រឿង​នយោបាយ សេដ្ឋកិច្ច សង្គម ។​ល​។
​ក្នុង​ទស្សវត្សរ៍ទាំង​នោះ ម្នាក់ៗ​ខិតខំ​បំពេញភារកិច្ច និង​អាជីព​រៀងៗ​ខ្លួន​ដើម្បី​តែ​មាតុភូមិ​កម្ពុជា​។ ជំនួប​រវាង​អ្នកនយោបាយ តំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល ជាមួយ​ក្រុមអ្នកកាសែត កើតឡើង​ស្ទើរ​គ្មាន​លស់​ថ្ងៃ​។ នៅឯ​ផ្នែក​នីតិបញ្ញត្តិ ពិសេស​នៅក្នុង​បរិវេណ​នៃ​អគារ​រដ្ឋសភា អ្នកកាសែត​មួយក្រុម​ដែល​រួមទាំង​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ផង មិន​ត្រឹមតែ​បាន​តាមដាន​ការពិភាក្សា និង​ដេញដោល​លើ​សេចក្តីព្រាងច្បាប់ និង​សេចក្តីស្នើរ​ច្បាប់​របស់​អ្នកតំណាងរាស្ត្រ​ក្នុង​កិច្ចប្រជុំពេញអង្គ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​អាច​ស្វែងរក​អ្នកនយោបាយ និង​សមាជិក​រដ្ឋាភិបាល​រូប​ណា​ក៏បាន​ដើម្បី​សម្ភាស​យក​ការបំភ្លឺ ការពន្យល់​ទៅនឹង​បញ្ហា​ក្តៅ​នានា​ដែល​ប៉ះពាល់​ជីវភាព​ប្រជាជន​បាន​ទៀតផង​។​
 
​នៅឯ​ខាង​ផ្នែក​ប្រតិបត្តិ ការ​តាម​យក​ព័ត៌មាន​ពី​ប្រមុខ​រដ្ឋាភិបាល​មិន​ត្រូវបាន​រឹតត្បិត​ឡើយ​។ ជាការ​ពិត មាន​ក្រុមអ្នកកាសែត​មួយក្រុម​ដែលជា​អ្នក​តាម​យក​ព័ត៌មាន​ជាប្រចាំ​ស្តីពី​សកម្មភាព​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ប៉ុន្តែ​អ្នកកាសែត​ផ្សេងទៀត ទាំង​អ្នកកាសែត​ក្នុងស្រុក និង​ទីភ្នាក់ងារ​ព័ត៌មាន​ពិភពលោក ដែលមាន​សំណួរ​សម្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ពួកគេ​អាច​ចូលទៅក្នុង​កម្មវិធី​ជា​សាធារណៈ​នានា​ដែលមាន​វត្តមាន​សម្តេច ហ៊ុន សែន​។ ជាទូទៅ គឺ​នៅក្រោយ​ការបិទ​បញ្ចប់​សុន្ទរកថា​របស់​សម្តេច ដែល​អ្នកកាសែត​តម្រង់​ទៅរក​ប្រមុខ​រដ្ឋាភិបាល ដែល​មិនដែល​ចេះ​ខ្លាច និង​រារែក​នឹង​ឆ្លើយតប​សំណួរ​របស់​អ្នកកាសែត ទោះ​តិច ឬ​ច្រើន​។ ពេលខ្លះ ពេលវេលា​មិន​អំណោយផល ប្រមុខ​រដ្ឋាភិបាល​គ្រាន់តែ​លើកដៃ​បង្ហាញ​បាតដៃ ក្រុមអ្នកកាសែត​ក៏​យល់​ជា​ស្វ័យប្រវត្តិ​ថា សម្តេច ហ៊ុន សែន មិនអាច​ផ្តល់​បទ​សម្ភាស​បាន​។ មិន​ទទួលបាន​ការឆ្លើយតប​ពី​ប្រមុខ​រដ្ឋាភិបាល​មែន ប៉ុន្តែ​យ៉ាងហោចណាស់ ទិដ្ឋភាព​នេះ​វា​បង្ហាញ​នូវ​វប្បធម៌​នៃ​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​សារព័ត៌មាន ដែល​ជិតស្និទ្ធ តែ​មិន​ចិត្ត​ដិត​។ ហើយ​នេះ​គឺជា​អ្វីដែល​សារព័ត៌មាន​ត្រូវការ​។​
 
​ពេលខ្លះ ព័ត៌មាន​ពិតជា​មានតម្លៃ​ណាស់​។ បើទោះជា​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​សម្ពោធ​សមិទ្ធផល​នានា​នៅតាម​បណ្តា​ខេត្ត​ជិត ខេត្ត​ឆ្ងាយ​យ៉ាងណាក៏ដោយ ក្រុម​អ្នកសារព័ត៌មាន​(ដែល​មិន​មែន​ជា​ក្រុម​ប្រចាំការ​តាម​សម្តេច​​ ហ៊ុន សែន) ដែល​ត្រូវមាន​សំណួរ​ដើម្បី​តាំង​ទៅ​នាយករដ្ឋមន្ត្រី ពួកគេ​ត្រូវ​ធ្វើដំណើរ​ទៅតាម​នាយករដ្ឋមន្ត្រី​ដើម្បី​ទទួល​បានតែ​ប្រសាសន៍​តែ​ពីរ ឬ​បី​ម៉ាត់​របស់​នាយករដ្ឋមន្ត្រី​ក៏បាន​។ ពេលខ្លះ ​ពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី ធ្វើ​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​ពី​ប្រទេស​ណាមួយ វា​ក៏​ជា​ឱកាស​ដែល​អ្នកកាសែត​ស្កាត់​ជួប​សួរ​ប្រមុខ​រដ្ឋាភិបាល​បានដែរ​។ អ្នកកាសែត​ខ្លះ សួរ​កាត់​ពេល​សម្តេចនាយក​រដ្ឋមន្ត្រី​កំពុងតែ​និយាយ ក៏ត្រូវ​នាយករដ្ឋមន្ត្រី​ស្តីបន្ទោស​។ តែ​ទាំងអស់នេះ វា​មិនបាន​បង្កើត​ឲ្យ​មានការ​រង្កៀស​ចិត្ត​របស់​អ្នកកាសែត​ទៅលើ​ប្រមុខ​រដ្ឋាភិបាល​ឡើយ​។ ភាគីទាំងពីរ​ហាក់បាន​យល់គ្នា​ថា នេះ​គឺ​ជា​ការ​អនុវត្ត​វិជ្ជាជីវៈ​រៀងខ្លួន។ ការ​ណ៍​សំខាន់​ គឺ​ភាគី​ទាំងពីរ​បាន​ធ្វើ​ការ​ជាមួយគ្នា។ សួរ និង​ឆ្លើយ។ ចម្លើយ ឬការបកស្រាយ​ គឺទៅដល់ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា។ នៅ​ចុងទស្សវត្សរ៍​១៩៩០ តាម​រយៈរូបភាព​ និង​សំឡេង​នៃបទសម្ភាសដែល​សម្តេច​ ហ៊ុន សែន បានផ្តល់ឲ្យអ្នកកាសែត មហាជន​បាន​ឃើញ​យ៉ាង​ប្រត្យក្សអំពី​សកម្មភាព​អនុវត្ត​នយោបាយ​ឈ្នះឈ្នះ​ដើម្បី​រំលាយ​អង្គការ​ចាត់តាំង​របស់​ខ្មែរ​ក្រហម។
 
​នៅឯ​ទីស្តីការគណៈរដ្ឋមន្ត្រី (​បច្ចុប្បន្ន​ជា​អគារ​មិត្តភាព​​)​។ រៀងរាល់ថ្ងៃ​សុក្រ​ដែលមាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី វា​ក៏​ជា​ពេលវេលា​របស់​អ្នកកាសែត​នយោបាយ​មួយក្រុម​ធំ ទាំង​អ្នកកាសែត​ដែល​គាំទ្រ​គណបក្សប្រឆាំង និង​គាំទ្រ​រដ្ឋាភិបាល ជួបជុំ​សំណេះសំណាល​គ្នា​ជា​ភាតរភាព​នៅក្នុង​អគារ​ជាន់​ផ្ទាល់​ដី អំឡុង​ពេលដែល​ពួកគេ​រង់ចាំ​ការបញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។ ពេលខ្លះ​អស់​អ្វី​និយាយ អ្នកកាសែត​ក៏​ភ្នាល់​គ្នា​ថា តើ​សម្តេច ហ៊ុន សែន នឹង​ទច់​ដំណើរ​ឆ្លើយ​សំណួរ​អ្នកកាសែត​ដែរឬទេ​?
 
​នា​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​ពេលខ្លះ​ក៏​នៅ​ដល់​ម៉ោង​១​រសៀល​ដែរ ក្រោយពី​និយាយ​នៅក្នុង​កិច្ចប្រជុំ​ជាច្រើន​ម៉ោង​ហើយ​នោះ អ្នកកាសែត​ដែល​នៅចាំ​សម្តេច​ជើង​ជណ្តើរ​ជាន់​ផ្ទាល់​ដី​ក្នុង​អគារ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែលសល់ពីទស្សវត្សរ៍​១៩៦០​​នោះ គឺជា​មនុស្ស​ក្រុមទី​ពីរ​ដែល​សម្តេច​ត្រូវ​ឆ្លងឆ្លើយ មុននឹង​សម្តេច​បាន​ឆ្លើយឆ្លង​ជាមួយ​គ្រួសារ​ក្នុងពេល​អាហារថ្ងៃត្រង់​។ មិន​ខុសគ្នា​ពី​កន្លែង​ផ្សេងៗ​ទេ ពេលខ្លះ​សម្តេច​គ្រាន់តែ​លើកដៃ ដំណាលគ្នា​នឹង​សំឡេង​អ្នកកាសែត​ដែល​ហៅ​សម្តេច​មុន​តាំង​សំណួរ អ្នកកាសែត​ក៏​យល់បាន​ថា ពួកគេ​បាន​រង់ចាំ​សម្តេច​ជាច្រើន​ម៉ោង​ដោយ​អសារ​ឥត​ការ​។ ប៉ុន្តែ​ពេល​ក៏មាន​អ្នកកាសែត​«​ខិល​»​បន្តិច ដែល​ព្យាយាម​ស្រែក​បោះ​សំណួរ​ទៅ​សម្តេច ដែល​ធ្វើ​ឲ្យ​សម្តេច​គិតថា មិន​ឆ្លើយ​មិនបាន ហើយក៏​ងាកខ្លួន​ត្រឡប់​ក្រោយមក​និយាយ​ជាមួយ​អ្នកកាសែតពីរ​បី​ម៉ាត់ ហើយពេល​ខ្លះ​ក៏ច្រើន​គួរសម​ មុននឹង​សម្តេច​ចូល​រថយន្ត Mercedes-Benz ពណ៌​ខ្មៅ ឬ​ជួនកាល​ពណ៌​ទឹកមាស ដែល​ចត​អែប​នឹង​មាត់ទ្វារ​នៃ​អគារ​ជាស្រេច​។​
 
​ទិដ្ឋភាព​ប្រែប្រួល​ចំពេល​តែមួយ​
 
​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន ទទួលបាន​៩០​អាសនៈ​លើ​១២៣​អាសនៈ​នៅក្នុង​រដ្ឋសភា​។ នោះ​គឺជា​ជ័យជម្នះ​ដ៏​មហិមា​លើស​សំឡេង​ពីរភាគបី​ទៅទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រដ្ឋសភា​។ ស្ថានភាព​បានចាប់ផ្តើម​ផ្លាស់ប្តូរ​។ ជំនួប​សួរ​ឆ្លើយ​រវាង​អ្នកកាសែត និង​ថ្នាក់ដឹកនាំ​ចាប់ផ្តើម​ថយចុះ​។​
 
​អាចមាន​មូលហេតុ​មួយចំនួន​ដែល​បានកើត​ឡើង​ដោយ​ចៃដន្យ​ចំពេល​ជាមួយគ្នា​។​
១. ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​នោះ ទំនងជា​បាន​នាំ​អារម្មណ៍​មន្ត្រី​រដ្ឋាភិបាល ឬ​សមាជិក​គណបក្សកាន់អំណាច​ឡើង​ផុតពី​ដី ផុតពី​មនុស្ស​ទាំងពួង​។​
២. នៅក្នុង​ខែតុលា​ឆ្នាំ​២០១០ អគារ​សន្តិភាព និង​វិមាន​មិត្តភាព​ដ៏​ថ្មី​សន្លាង​សម្រាប់​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​សម្រាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ព្រមទាំង​ជា​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី​ផង​នោះ​ត្រូវបាន​សម្ពោធ ហើយ​ចាប់ពីពេលនោះ​ការពង្រឹង​សន្តិសុខ​ក៏​កាន់តែ​តឹង​។ មិនមែន​គ្រប់​អ្នកកាសែត​ចេះតែ​អាច​ចូលក្នុង​អគារ​វិមាន​សន្តិភាព ហើយ​ចង់​ជួប​សម្ភាស​សមាជិក​រដ្ឋា​ភិ​បាល​បាន​ដូច​មុន​ទៀតឡើយ​។​
៣. គឺ​ការប្រែប្រួល​ទិដ្ឋភាព​ខ្លះ​នៅក្នុង​មជ្ឈដ្ឋាន​សារព័ត៌មាន​។ អ្នកកាសែត​ដែល​ធ្លាប់តែ​សកម្ម​តាម​យក​ព័ត៌មាន​ពី​សម្តេចនាយក​រដ្ឋមន្ត្រី មាន​ខ្លះ​ចាក​ចេញពី​វិស័យ​សារព័ត៌មាន អ្នក​ខ្លះទៀត​ត្រូវ​ឡើង​តួនាទី​ជា​អ្នកគ្រប់គ្រង​អង្គភាព​របស់ខ្លួន​ដែល​តម្រូវ​ឲ្យ​មានការ​ងារ​ក្នុង​ការិយាល័យ​ច្រើនជាង​ចេញ​យក​ព័ត៌មាន អ្នកខ្លះ​ទៀត​ក៏​ឈប់​ប្រកប​អាជីព​នេះ​តែម្តង​។ អ្នក​ជំនាន់​ថ្មីៗ ឬ​ជំនាន់​ក្រោយ​ក៏​ទំនងជា​មិនទាន់​ហ៊ាន​ចូល​ជិត​សម្តេច ហ៊ុន សែន ឬក៏​ថា​ក្រុម​ពិធីការ​បាន​ផាត់​ពួកគេ​ទុក​នៅ​ឆ្ងាយ​រួចទៅហើយ​។​
 
​តែ​ក៏​មិន​បានន័យថា គ្មាន​វត្តមាន ឬ​ពុំមាន​ប្រសាសន៍​សម្តេច ហ៊ុន សែន នៅលើ​បណ្តាញសារព័ត៌មាន​គ្រប់​និន្នាការ​នោះឡើយ​។ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ពលរដ្ឋ ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដាក់បទបញ្ជា​ទៅ​មន្ត្រីក្រោមឱវាទ​ជាដើម​។​ល​។ រីឯ​សារព័ត៌មាន​ក៏​បន្ត​ផ្សាយ​ខ្លឹមសារ​តាម​មធ្យោបាយ​រៀងៗ​ខ្លួន​។​
​ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការធ្វើទំនាក់ទំនង​តែ​«​មួយ​ផ្លូវ​» ប៉ុណ្ណោះ​។ ការឆ្លើយតប​ជាមួយ​អ្នកកាសែត​ដែលជា​អ្នកឃ្លាំមើល​សង្គម អ្នក​ដែល​ជួប​ពលរដ្ឋ​បាន​ច្រើន ជួប​បញ្ហា​មិនតិច​នោះ វា​គួរតែ​ជា​រឿង​ល្អ​ថែមទៀត​ដែល​បំពេញបន្ថែម​នៅក្នុង​សកម្មភាព និង​ការងារ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​របស់​រដ្ឋាភិបាល​។ ពេលខ្លះ​បញ្ហា​ពិតប្រាកដ គឺ​ស្ថិតនៅក្នុង​សំណួរ​របស់​អ្នកកាសែត​ឯណោះ​វិញ​។ ការបង្ក​លក្ខណៈ ឬ​សម្រួល​ឲ្យ​អ្នកកាសែត​បាន​ជួប​សម្ភាស​ប្រមុខ​រដ្ឋាភិបាល វា​មានតែ​ធ្វើ​ឲ្យ​បរិយាកាស​សេរីភាព​សារព័ត៌មាន និង​បរិយាកាស​សិទ្ធិ​ទទួលបាន​ព័ត៌មាន​រស់​រវើក​ឡើង​វិញ​តែប៉ុណ្ណោះ​។ ជាងនេះទៅទៀត ទិដ្ឋភាព​ក៏​បង្ហាញ​អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​ចំពោះ​វិស័យ​សារព័ត៌មាន​ដែរ​។​
 
​សម្តេច ហ៊ុន សែន បានប្រកាស​គាំទ្រ​ពិធី​ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​ពីរ​ឆ្នាំ​ជាប់​គ្នា​ដ៏​ជោគជ័យ​ពិតមែន​។ ប៉ុន្តែ​បើ​វេទិកា​នោះ អាចបង្កើត​ឲ្យ​មាន​វេទិកា​ពិភាក្សា​លើ​បញ្ហា​សង្គម បញ្ហា​សេរីភាប​សារព័ត៌មាន ជាដើម ដោយ​អនុញ្ញាត​ឲ្យ​អ្នកកាសែត​បាន​តាំង​សំណួរ​ដោយផ្ទាល់​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​នោះ ជំនួប​នោះ​នឹង​រឹតតែ​មានតម្លៃ​ឥត​គណនា ហើយ​វប្បធម៌​សួរ​ឆ្លើយ​រវាង​អ្នកកាសែត និង​ប្រមុខ​រដ្ឋាភិបាល ក៏​នឹង​រស់​ឡើងវិញ​។ ទោះ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ សារព័ត៌មាន​នៅតែ​ជា​ដៃគូ​របស់​រដ្ឋាភិបាល របស់​ស្ថាប័ន​ជាតិ​។​
​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ គេ​ស្ទើរតែ​ភ្លេច​ទៅហើយ ឃ្លា​ដែល​សរសេរថា «​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយតប​ទៅ​អ្នកកាសែត​ថា​»៕
 

Tag:
 អ្នកកាសែត​
 សារព័ត៌មាន​
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com