ជាតិ
ចិន​គ្រោង​បង្កើត​សាកលវិទ្យាល័យ​ធំ​មួយ នៅ​កម្ពុជា
10, Jun 2018 , 9:19 pm        
រូបភាព
លោក អ៊ិន សំហេង ជួបជា​​មួយ​​លោក​​ស្រី Lian Jie។ រូប​​ក្រ​​សួងការ​​ងារ
លោក អ៊ិន សំហេង ជួបជា​​មួយ​​លោក​​ស្រី Lian Jie។ រូប​​ក្រ​​សួងការ​​ងារ
​ចិន មាន​គម្រោង​បង្កើត​សាកលវិទ្យាល័យ​ធំ​មួយ នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ  រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​



​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ធាន​ជី​ង (Tianjin Polyethnic University) ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ​លោកស្រី Lian Jie លេខា​គណៈកម្មាធិការ​ប​ក្ស​កុម្មុយនីស្ត​ចិន​។ មន្ត្រី​ក្រសួង​ការងារ បាន​ស្រង់​ប្រសាសន៍​របស់លោក អ៊ិត សំហេង ទៅ​សរសេរ​លើ​គេ​ទំព័រ​នៃ​ក្រសួង​ការងារ​ថា​៖«​ភាគី​ចិន មាន​គម្រោង​បង្កើត​សាកលវិទ្យាល័យ​ធំ​មួយ និង​ឈ្វេងយល់​អំពី​ស្ថានភាព គោលនយោបាយ   នៃ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​»​។​
 
​បើតាម​ប្រភព​ខាងលើ លោក​រដ្ឋមន្ត្រី បាន​អះអាងថា ចិន នឹង​សហការ​ជាមួយ​ក្រុមហ៊ុន OCIC ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ពុង ឃាវ​សែ និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន ដើម្បី​បង្កើត​សាកលវិទ្យាល័យ​មួយ​នេះ​។ 
 
​សា​លក​វិទ្យាល័យ​នេះ មាន​បណ្តុះបណ្តាល​លើ​កម្រិត បណ្ឌិត អនុបណ្ឌិត រហូតដល់​វិជ្ជាជីវៈ​។ ភាសា​ខ្មែរ ចិន និង​អង់គ្លេស ជាដើម នឹងត្រូវ​ប្រើប្រាស់​ក្នុង​សាកលវិទ្យាល័យ​នេះ​។ 
 
​ប្រភពពី​ក្រសួង​ការងារ មិនបាន​បញ្ជាក់​នោះទេ សាកលវិទ្យាល័យ​ខាងលើ នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេលណា ដោយ​គ្រាន់​លើកឡើងថា ភាគី​ចិន នឹង​ជំរុញ​គម្រោង​នេះ ឲ្យ​សម្រេច​នាពេល​ឆាប់ៗ​៕

Tag:
 អ៊ិត សំហេង​
  ពុង ឃាវ​សែ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com