ជាតិ
សិល្បះ
អ្នកជំនាញ​៖ អំបោះ​ដៃ​ពណ៌​ក្រហម​ក្នុង​ពិធីមង្គលការ និង​បុណ្យ​ផ្សេងៗ មិនមែនជា​ប្រពៃណី​ខ្មែរ​ឡើយ​
11, Jun 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ តាំងពី​បុរាណកាល​មក ខ្មែរ​ប្រកាន់​ទំនៀមទម្លាប់​ចង​អំបោះ​ដៃ​ពណ៌​ស ទាំង​ក្នុង​ពិធីមង្គលការ ពិធី​បុណ្យសព និង​ពិធីបុណ្យ​ផ្សេងៗ​ទៀត ដោយ​មានជំនឿថា អំបោះ​ស តំណាងឱ្យ​ភាព​បរិសុទ្ធ សុចរិត យុត្តិធម៌ និង​សីលធម៌​។ ប៉ុន្ដែ​មកដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បែរជា​កាន់​យក​អំបោះ​ក្រហម មក​ចងដៃ ក្នុង​ពិធីមង្គលការ និង​ពិធីបុណ្យ​ផ្សេងៗ​ទៅវិញ​។ តើ​នេះ​ដោយសារ​មូលហេតុ​អ្វី​?


​អំបោះ​ក្រហម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រើ​ក្នុង​ពិធី​មួយចំនួន​នាពេល​បច្ចុប្បន្ន មិនមែនជា​ប្រពៃណី​ខ្មែរ​ឡើយ​។ នេះ​ជាការ​អះអាង របស់ លោក វ៉ា​យ វិបុល ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា និង​ជា​សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ទំនៀមទម្លាប់​ខ្មែរ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​។ 
 


 
​លោក វ៉ា​យ វិបុល បញ្ជាក់ថា តាំងពី​បុរាណ​មក ខ្មែរ​មាន​ទម្លាប់​ប្រើតែ​អំបោះ​ដៃ​ពណ៌​ស ប៉ុណ្ណោះ សម្រាប់​ចងដៃ​កូនកំលោះ​កូនក្រមុំ សាច់ញាតិ​ជិត​ឆ្ងាយ​ក្នុង​ពិធីមង្គលការ និង​ក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ ហើយ​ខ្មែរ​ក៏មាន​សេចក្ដីសុខ​ចម្រើន​ខ្លាំង​ដែរ​។ 
 
​បើតាម​ការសិក្សា​ស្រាវជ្រាវ​របស់លោក ការ​ចងដៃ​អំបោះ​ស​សម្រាប់​ខ្មែរ​បុរាណ គឺ​តំណាងឱ្យ​ភាព​បរិសុទ្ធ សុចរិត យុត្តិធម៌ និង​សីលធម៌​ជាដើម និង​ជា​ផ្នែក​មួយ នាំឱ្យ​ខ្មែរ​បុរាណ​បាន​សុខ​ចម្រើន និង​រុងរឿង​ផងដែរ​។​លោក វ៉ា​យ វិបុល បញ្ជាក់​៖« ខ្មែរ​បុរាណ​មុននឹង​ធ្វើ​អ្វី ឬ​កំណត់​អ្វីមួយ​ជា​គោល សម្រាប់​ឱ្យ​មនុស្ស​ច្រើន​ជំនាន់​គោរព​តាម​នោះ បានគិត​យ៉ាងច្បាស់​លាស់​ណាស់ មិន​ចេះតែធ្វើ​នោះទេ​។ បើ​មិន​អ៊ីចឹង មិនមែន​ខ្មែរ​បុរាណ​រុងរឿង សម្បូរ​សប្បាយ​នោះទេ​។ ដូច្នេះ​ការ​ចងដៃ​អំបោះ​ស​នេះ​ដូចគ្នា​។ លោក បា​នរក​ធាតុ​ល្អ ដែល​សក្តិសម​នឹង​យក​មកជា​តំណាងឱ្យ​ពណ៌​នេះ យ៉ាងច្បាស់ និង​ត្រឹមត្រូវ​ហើយ ទើប​គាត់​កំណត់​យក​»​។ 
 


 
​តែ​យ៉ាងណាក៏ដោយ លោក វ៉ា​យ វិបុល មិនបាន​ដឹងថា ការប្រើប្រាស់​អំបោះ​ពណ៌​ក្រហម​នេះ កើតមាន​ពី​ពេលណា​ឱ្យ​ប្រាកដ​នោះទេ តែ​លោក​សន្និដ្ឋានថា ទំនង​កើតមាន តាំងពី​ជនជាតិ​ចិន​ដណ្ដើមបាន​ទីផ្សារ​ក្នុងស្រុក​ខ្មែរ នា​សម័យមុន​ម្ល៉េះ​។ លោក បន្ថែមថា ខ្មែរ​មួយចំនួន មិនបាន​ដឹង និង​សិក្សា​ពី​ទំនៀមទម្លាប់ ប្រពៃណី​របស់​ខ្លួនឯង​ច្បាស់​ឡើយ​។ ដូច្នេះ​ចេះតែ​ធ្វើតាម​គ្នា ដោយ​គ្មាន​ការពិចារណា ថ្លឹងថ្លែង​ឱ្យបាន​ច្បាស់លាស់ ហើយ​ខ្លះ​ថែមទាំង​បោះបង់ចោល​អ្វី​ដែលជា​ទំនៀម​ល្អៗ​របស់ខ្លួន​ដោយ​មិនដឹង​ខ្លួន ហើយ ទៅ​ប្រកាន់យក​របស់គេ មក​ដាក់​ក្នុង​ខ្លួន​ទៅវិញ​៕

Tag:
 ​វប្បធម៌​
  ​ប្រពៃណី​
 ​ ទំនៀម
© រក្សាសិទ្ធិដោយ thmeythmey.com