ជាតិ
អង្គការ​ជាង​១០០ លើកឡើង​រួមគ្នា​ថា ការគ្រប់គ្រង​បណ្តាញ​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិ​បញ្ចេញមតិ
11, Jun 2018 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​សង្គម​ស៊ីវិល ១១៧ បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត បង្កើន​ការឃ្លាំមើល និង​ការផ្ដន្ទាទោស ដល់​ម្ចាស់​គេហទំព័រ និង​អ្នកប្រើប្រាស​បណ្តាញ​សង្គម​។



​ក្រុម​អង្គការ​សង្គម​ស៊ី​ល​វិល​ខាងលើ បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ចំណាត់ការ​បែបនេះ​របស់​រដ្ឋាភិបាល គឺជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែលជា​សិទ្ធ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​បន្តថា ប្រកាស​អន្តរក្រសួង ដែល​ចេញ​កាលពី​ថ្ងៃទី​២៨ ខែឧសភា កន្លងទៅ បាន​គំរាមកំហែង​ដល់​ឯកជន​ភាព និង​សិទ្ធ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត តាម​បណ្ដាញ​សង្គម​ទាំងអស់​នៅ​កម្ពុជា ក៏ដូចជា​រឹតត្បិត​កាន់តែខ្លាំង​ឡើងៗ ចំពោះ​លំហ​សេរីភាព​ក្នុងការ​ពិភាក្សា​ជា​សាធារណៈ បន្ទាប់ពី​ធ្វើទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​ចំពោះ​វិធានការ​រដ្ឋាភិបាល​ថា ភាពមិនច្បាស់លាស់​នៃ​អត្ថន័យ ខ្លឹមសារ​ព័ត៌មាន «​ល្មើសច្បាប់​» គឺ​សបញ្ជាក់​ពី​ការ​ត្រួ​ត្រា និង​ភាពទូលំទូលាយ នៃ​ការចាត់វិធានការ​រប​ស់​អាជ្ញាធរ ដែល​អាច​បកស្រាយ​លើសពី​ភាពសមហេតុ​ផល ក្នុងន័យ​ចាំបាច់​ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​។ ហើយ​រាល់​យោបល់​ណា​ដែល​អាជ្ញាធរ​ចាត់ទុកថា មិនអាច​ទទួលយកបាន អាច​ត្រូវបាន​អាជ្ញាធរ​ចាត់វិធានការ​តាមរយៈ​បទបញ្ញត្តិ​មិន​ច្បាស់លាស់ និង​ភាពទូលំទូលាយ​នៃលក្ខណៈ​វិនិច្ឆ័យ​ដូចជា «​បំបែកបំបាក់​សាមគ្គីភាព​» ឬ «​បង្ក​អន្តរាយ​ដល់​សណ្ដាប់ធ្នាប់​សង្គម​» ជាដើម​។​

​សេចក្ដីថ្លែងការណ៍​រួម នៃ​ក្រុម​អង្គការ​សង្គម​ស៊ី​ល បាន​លើក​ហេតុផល​ដោយ​ការមិន​ពេញ​ចំពោះ​វិធាន​រដ្ឋ​ភិ​បាល យ៉ាង​ដូច្នេះ​ថា​៖«​បទ​ប​ញ្ញ​តិ្ត​នេះ អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​បំបិទ​សំឡេង និង​ដាក់ទោស​អ្នក​បង្ហោះ​ព័ត៌មាន ឬ​ចែកចាយ​ព័ត៌មាន​បន្ត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែលមាន​ការរិះគន់​ដល់​រាជរដ្ឋាភិបាល​»​។

​សេចក្ដីថ្លែងការណ៍​ខាងលើ​បាន​បន្ថែមទៀតថា ប្រកាស​អន្តរក្រសួង នៃ​រដ្ឋាភិបាល​បាន​កម្រិត​សេរីភាព អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​វិស័យ​ឯកជន​ផងដែរ ទាំងនេះ​បានបង្ហាញ​ផលប៉ះពាល់​ជាខ្លាំង​ដល់​សិទ្ធិ​ឯកជន​ភាព និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា​។ ប៉ុន្តែ​សេរីភាព​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ អាច​ត្រូវបាន​កម្រិត​ពី​ព្រោះតែ​កត្តា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​។ ទោះជា​យ៉ាងនេះ​ក្តី ករណីនេះ​អាចធ្វើ​ទៅបាន​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ចាំបាច់ និង​សម​ហេតុផល​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការ​ទាញ​ទឡ្ហីករណ៍ នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​១១៧​។

​យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមក​ការពារ​វិធានការ​រប​ស់​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​គេហទំព័រ និង​បណ្តាញ​សង្គម​។ លោក បាន​ប្រតិកម្ម​នឹង​មជ្ឈដ្ឋាន​មួយចំនួន ដែល​បកស្រាយ​ថា ការបង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង​នេះ ថា​ជាការ​រឹតបន្តឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម យ៉ាង​ដូច្នេះ​ថា​៖«​ការវាយតម្លៃ​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​នៃ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក គឺជា​ចេតនា​ទុច្ចរិត​របស់​ពួក​អគតិ ដែល​ចង់​បង្ក​អំពើ​អនាធិបតេយ្យ​នៅក្នុង​សង្គម​»​។​

​គួររម្លឹកថា ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ បានចេញ​ប្រកាស​រួមគ្នា ក្នុងការ​ចាត់វិធានកា​រលើ​គេ​ទំព័រ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដូចជា​ហ្វេ​ស​បុក ជាដើម ប្រសិនបើ​ក្រសួង​មាន​សមត្ថកិច្ច​ទាំងបី រកឃើញថា គេហទំព័រ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ផ្សព្វផ្សាយ ឬ​ចែកចាយ​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​៕ 

អត្ថបទទាក់ទង



Tag:
 អង្គការ​សង្គម​ស៊ី​ល​វិល​
 ​អ៊ីនធឺណិត​
 ​សិទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com