ពីនេះ ពីនោះ
«បុព្វ» និង«បុព្វេ»នៅខាងដើមពាក្យ ប្រែមកថា «កាលដែលយូរលង់»
× ពាក្យដែលនៅបន្ទាប់ពីពាក្យ «បុព្វ និងបុព្វេ» គឺសុទ្ធតែមានន័យថា មុន,ពីដើម, ពីព្រេងនាយ។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់ឲ្យមហាជនប្រើជា«បុព្វ ឬបុព្វេ» ក៏បាន គឺត្រឹមត្រូវដូចគ្នា ដើម្បីភ្ជាប់ជាមួយពាក្យដទៃរឹតតែមានន័យបន្ថែមទៀត។
ពាក្យដែលមាន «បុព្វ និងបុព្វេ» នៅខាងដើម ប្រែមកថា មុន, ខាងដើម, ពីមុន, ពីព្រេងនាយ។ ទោះបីពាក្យទាំងពីរនេះ មានន័យដូចគ្នាមែន តែការប្រើប្រាស់ នៅមិនទាន់ស្មើភាពគ្នានៅឡើយទេ។ ហើយពាក្យដែលភ្ជាប់ជាមួយ «បុព្វ» ច្រើនជាង«បុព្វេ»។
ពាក្យដែលមាន«បុព្វ»នៅខាងដើម មានដូចជា បុព្វកថា(ពាក្យនិយាយខាងដើម), បុព្វកម្ម(អំពើពីមុន), បុព្វចរិត(ចរិតដើម), បុព្វចរិយា(ទម្លាប់កាលពីមុន), បុព្វទេព ឬបុព្វទេវតា(ទេវតាដើម), បុព្វនិមិត្ត(គ្រឿងសម្គាល់ដែលឲ្យឃើញមុន), បុព្វបទ(និបាតសព្ទ ដែលភ្ជាប់ពីខាងដើមនៃសព្ទដទៃ),បុព្វបុរស(សាច់ញាតិដែលទៅកាន់បរលោក រាប់តាំងពីជីដូន ជីតា ទួត លួត ដូនតា), បុព្វភាគ(ចំណែកខាងដើម)។ល។
ចំពោះពាក្យដែលប្រើជាមួយពាក្យ «បុព្វេ» មានដូចជា បុព្វេសន្និវាស(គូព្រេងដែលស្រឡាញ់គ្នាតាំងពីជាតិមុន), បុព្វេនិវាសានុស្សតិញ្ញាណ(ញ្ញាណដែលនឹកឃើញកំណើតពីជាតិមុន), សំណាងពីបុព្វេ(សំណាងពីជាតិមុន),កម្មពីបុព្វេ(កម្មពីជាតិមុន)៕
Tag:
ពន្យល់ពាក្យ
បុព្វ
បុព្វេ
© រក្សាសិទ្ធិដោយ thmeythmey.com