ពីនេះ ពីនោះ
តើពាក្យ «បង្សុកូល» មានន័យច្បាស់លាស់ដូចម្តេច?
× «បង្សុកូល» ពលរដ្ឋខ្មែរសព្វថ្ងៃ ច្រើនតែយល់ថា «បង្សុកូល» ជាការនិមន្តភិក្ខុសាមណេរ ឲ្យមកសូត្រធម៌ដល់មនុស្សដែលបានស្លាប់ទៅ។ តែការពិតពាក្យនេះក៏មានន័យម្យ៉ាងទៀតថា ក្រណាត់សដែលគេបោះចោលក្នុងគំនរសំរាម ឬសំពត់ដែលប្រឡាក់ដោយធូលីផ្សេងៗ។ នេះបើតាមការលើកឡើងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមតាមដានស្តាប់ពីការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាតដូចតទៅ៖
តាមថេរដីការបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «បង្សុកូល» សំដៅលើក្រណាត់សម្រាប់រុំសព ដែលប្រឡាក់ដោយខ្ទុះ ឈាម ធូលី ជាដើម ដោយឡែក ក្រណាត់នោះមិនបានបោះចោលឡើយ អ្នកខ្លះរើសយកមកប្រើប្រាស់វិញ ដោយគ្រាន់តែជម្រះឲ្យស្អាត ហើយយកមកប្រើដូចដើមវិញ។ សូម្បីសំពត់ដែលគេគ្របលើក្តារមឈូស គេនិមន្តឲ្យបព្វជិតទាញយកពីមុខគេ ក៏ហៅថាសំពត់បង្សុកូលផងដែរ។
លុះមកដល់បច្ចុប្បន្ន ចំពោះមនុស្សទូទៅ ច្រើនតែប្រើ «បង្សុកូល» ជាពាក្យក្នុងព្រះពុទ្ធសាសនា សំដៅលើការនិមន្តលោកបង្សុកូល ធម៌បង្សុកូល ដើម្បីសូត្រធម៌ ឧទ្ទិសកុសល ដល់សាច់ញាតិដែលបានចែកឋានទៅ។ នេះបើតាមការបកស្រាយរបស់សម្តេចសង្ឃដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com